Monday, December 7, 2015

អង្គប្រជុំព្រឹទ្ធសភា សម្រេចឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ថវិកាឆ្នាំ២០១៦

យោងតាមសេច​ក្តីប្រកាសព័ត៌មាន​ របស់អគ្គ​លេខាធិការ​ដ្ឋានព្រឹទ្ធសភា ​ស្តីពីលទ្ធផល​ នៃសម័យប្រជុំ​វិសាមញ្ញព្រឹទ្ធសភា​ នីតិកាលទី៣​ នៅថ្ងៃទី ០៧​ ខែធ្នូ ឆ្នាំ២០១៥នេះ​ បានឲ្យដឹងថា​ អង្គប្រជុំព្រឹទ្ធ​សភាបានពិនិត្យ​ និងឲ្យយោបល់​ឯកភាពទាំងស្រុង​ លើសេចក្តី​ព្រាងច្បាប់ ​ស្តីពីហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៦​ ក្នុង៤៦សំឡែង​ នៃចំនួនសមាជិក​ព្រឹទ្ធសភាទាំងមូល​ ក្រោមអធីបតី​ភាពសម្តេចវិបុល​សេនាភក្តី​ សាយ ឈុំ​ ប្រធានព្រឹទ្ធសភា​។
សេចក្តី​ព្រាងច្បាប់​ ស្តីពីហិរញ្ញវត្ថុ​ សម្រាប់ការ​គ្រប់គ្រងឆ្នាំ២០១៦​ រួមមាន០៥ជំពូក​ ចែកជា​ ១៦មាត្រា។​ សេចក្តីព្រាង​ច្បាប់នេះ​ ត្រូវបានរៀបចំ​ឡើងនៅក្នុង​បរិការណ៍​ ដែលព្រះរាជា​ណាចក្រ ​កម្ពុជា ​ស្ថិតនៅក្នុងសន្តិភាព​ ឯកភាពទឹកដី​ ឯកភាពជាតិ​ ស្ថិរភាព​នយោបាយ​ និងស្ថិរភាព​ម៉ាក្រូ សេដ្ឋកិច្ច​ ដោយធានា​បាននូវកំណើន​សេដ្ឋកិច្ច៧%។​ សេចក្តីព្រាងច្បាប់​ថវិកាឆ្នាំ២០១៦នេះ​ ត្រូវបានរៀប​ចំឡើងក្នុង​ឆ្នាំដែលឋិត​នៅពាក់កណ្តាល​អាណត្តិនៃរាជ​រដ្ឋាភិបាល​ ដែលដើរ​តួនាទី យ៉ាងខ្លាំង​ ដើម្បីសម្រេច​បានតាមការប្តេជ្ញា​ និងការសន្យា​កន្លងមក​ ដោយបង្ហាញ​ពីលទ្ធផល ដែលបាន​សម្រេចបាន។​ ម៉្យាងវិញទៀត​ជាឆ្នាំដែលកម្ពុជា​ ឆ្លងផុតពីប្រទេស​ដែលមាន​ចំណូល កម្រិតទាប​ ទៅជាប្រទេស​ដែលមានចំណូល​មធ្យមកម្រិតទាប​ នាំឲ្យការកាត់​បន្ថយភាព​ក្រីក្រ នៅសល់​ ១៣,៥% ​នៅចុងឆ្នាំ២០១៤។​ ជាមួយគ្នានេះដែរ​ ដោយសារឆ្នាំ​២០១៦ ក៏ជា​ឆ្នាំទីមួយ ​នៃការចាប់​ផ្តើមរបស់​សហគមន៍អាស៊ាន​ ហើយកម្ពុជា​ក៏មានភាព​ចាំបាច់ត្រូវរៀប​ចំខ្លួនឲ្យបានល្អ ដើម្បី​បង្កើនសមត្ថភាព​ប្រកួតប្រជែង​ ដែលទាមទារ​ឲ្យមានការប្រឡង​ប្រណាំងទាំង​សេដ្ឋកិច្ច​ និងធនធាន​មនុស្សផងដែរ​។
សេចក្តី​ព្រាងច្បាប់ស្តី​ពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់​គ្រងឆ្នាំ២០១៦នេះ​ គឺពិតជា​ដើរតួនាទី ​ជាឧបករណ៍​ នៃគោល​នយោបាយ​របស់រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ ជាពិសេស​ ការខិតខំបង្កើន​ប្រសិទ្ធភាព​ និងកម្រិតនៃ​ការកៀរគរចំណូល​គ្រប់ប្រភេទ​ ប្រកបដោយ​ មហិច្ឆតា​ តាមរយៈការអនុវត្តវិធានការ​យ៉ាងម៉ឺងម៉ាត់​ និងមុតស្រួច​ ទាំងវិធាន​ការរដ្ឋបាល ​និងវិធានការ​ គោលនយោបាយ​ ដែលមាន​ចែងក្នុងយុទ្ធសាស្ត្រ​កៀរគរចំណូលរយៈ​ពេលមធ្យម​ ២០១៤​-២០១៨ សំដៅ​សម្រេចបាន​នូវសមិទ្ធផល​សំខាន់ៗ​បន្ថែមទៀត​ ដើម្បីធានា​បាននូវដំណើរ ​ផ្លាស់ប្តូរមួយ ឆ្ពោះទៅរក​ការអភវិឌ្ឍប្រកប​ដោយគុណភាព​ និងចីរភាព​ ដោយផ្សារភ្ជាប់ ​ការគិតគូរអំពីតុល្យភាព​នៃកំណើន​សេដ្ឋកិច្ច​ និងការបែង​ចែកផលនៃ​កំណើននេះ ​ទៅនឹងជីវភាព​ រស់នៅប្រចាំថ្ងៃ​ និងបំណង​ប្រាថ្នារបស់ប្រជាជន​ ព្រមទាំងឆ្លើយតប​ទៅនឹងបរិការណ៍ថ្មី​ របស់កម្ពុជា​ និងនិន្នាការ​ពិភពលោក​ និងតំបន់ ​ដើម្បីនាំនាវា​កម្ពុជាឆ្ពោះទៅ​កាន់ត្រើយ ​សុខសន្តិភាព​យូរអង្វែង វិបុលភាព​ និងយុត្តិធម៌សង្គម​៕






សម្តេចតេជោ៖ រួមគ្នាដោះស្រាយផលវិបាកខ្វះទឹក ក្នុងវិស័យកសិកម្ម

សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃ​ទី ០៧ ខែធ្នូ ​ឆ្នាំ២០១៥ បាន​បង្ហោះនៅក្នុង​ទំព័រហ្វេសប៊ុក​ ផ្លូវការរបស់​សម្តេច ឈ្មោះ ​Samdech​ Hun Sen , Cambodian​ Prime Minister​ ថា ឆ្នាំនេះ ​ដំណាំកសិកម្ម​នានា ពិ​សេស​ដំណាំស្រូវ ​ទាំងស្រូវវស្សា ទាំង​ស្រូវប្រាំងបាន​ និងកំពុងប្រឈម​នឹង​ការ​ខ្វះទឹក។​ ក្នុងសភាពការណ៍​បែបនេះជាមួយ​ វិធានការដែល​រាជរដ្ឋាភិបាល​បានដាក់ចេញ​រួចមក​ហើយ​ សម្តេចតេជោ ​បានដាស់តឿន​អោយយកចិត្តទុក​ដាក់ ក្នុងការ​អន្តរាគមន៍ជួយ​បូមទឹកសង្គ្រោះ​ស្រូវប្រជាពល​រដ្ឋ ដោយ​មិនត្រូវ ​ទុកអោយ​ស្រូវខូច​នៅតំបន់ដែល​មានប្រភព​ទឹកនោះឡើយ​។
ជាមួយនោះ​ ប្រមុខរាជរដ្ឋាភិ​បាលកម្ពុជា​ បានណែនាំអោយ​កម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ​ និងមន្ត្រីរាជការ​ ចាត់តាំង​កម្លាំងចុះជួយ​ច្រូតកាត់​ប្រ​មូល​ផសំរាប់គ្រួសារ​ដែលខ្វះកម្លាំង​ពលកម្ម ដោយសារ​តែភាពចាស់​ជរា ជាស្ត្រីមេម៉ាយ​ ជាជនពិការ​ និងគ្រួសារ​យុទ្ឋជនជា​ដើម ព្រម​គ្នា​នឹងស្ថាប័ន​កសិកម្ម​ ត្រូវផ្ដល់ពូជដំណាំ​ដល់ប្រជាកសិករ​ ដែលមិនអាច​ធ្វើស្រែប្រាំងបាន​ ដោយជំរុញអោយ​ពួក​គាត់ដាំដុះ​ដំណាំរួមផ្សំវិញ​។
ខណៈដែល​បានដាស់តឿន​អោយត្រៀម​អន្តរាគមន៍​ កំចាត់សត្វ​បំ​ផ្លាញដំណាំ​ និងទប់សា្កត់​ជម្ងឺ សត្វ​គ្រប់ប្រភេទ​ សម្តេចតេជោ​ ក៏បានផ្តល់​មតិអោយស្ថាប័ន​ហិរញ្ញវត្ថុ ​និង​ធនាគារ​ ត្រូវធ្វើការជាមួយ​ស្ថាប័នមី​ក្រូហិរញ្ញវត្ថុ​ រកវិធីអនុគ្រោះមួយ​ចំនួនជូនប្រជាជន​ដែលរងគ្រោះ​ ដូចជាពន្យារពេលសង​ ឬពន្យារពេល​សងដោយមិនយក​ការប្រាក់​ ឬបន្ថយការប្រាក់​ ទប់ស្កាត់ ការ​ឆ្លៀតឱកាស​រឹបអូសដីធ្លី​ ផ្ទះសម្បែង​ ទ្រព្យសម្បត្តិ។ល។ ​ពីសំណាក់ម្ចាស់​បំណុល​ ចំពោះកូន​បំណុលដែល​កំពុងជួបការ​លំបាកដោយសារ​គ្រោះធម្មជាតិ​៕



រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនជនពិការ និងចាត់ទុកវិស័យពិការភាពជាវិស័យអាទិភាព

មានប្រសាសន៍​នៅក្នុង ពិធី​ប្រារព្ធទិវាជនពិការ​កម្ពុជាលើកទី១៧ ​និងទិវាជន​ពិការអន្តរជាតិ​លើកទី៣៣ ​នៅឯវិទ្យាស្ថាន​ជាតិអប់រំ​ នៅព្រឹកថ្ងៃទី០៧ ខែ​ធ្នូ ឆ្នាំ២០១៥នេះ ​លោកជំទាវ​ ម៉ែន សំអន ឧបនាយ​ករដ្ឋមន្ត្រី ​និងជាតំណាង​សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​បានលើកឡើ​ងថា រាជរដ្ឋាភិបាល​បានបន្តយក​ចិត្តទុកដាក់​ដល់បងប្អូនជន​ពិការ ដោយបាន​ចាត់ទុកវិស័យពិ​ការភាពជាវិស័យ ​អាទិភាព​ក្នុងចំណោម​វិស័យផ្សេងៗទៀ​ត និងបានដាក់​ចេញនូវយុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាលទី៣​ បន្តអនុវត្ត​គោលនយោបាយ​ជាតិចំពោះជន​ពិការ តាមរយៈក្រុម​ប្រឹក្សាសកម្មភាព​ជនពិការ ​ការពង្រឹងអនុវត្ត​ ច្បាប់ស្តីពីកិច្ច​ការពារ ​និងលើកកំពស់​សិទ្ធិជនពិការ ​និងសុខមាលភាពជន​ពិការស្របតា​មអនុសញ្ញា អង្គ​ការសហប្រជាជាតិ​ស្តីពីសិទ្ធិជន​ពិការ។
លោកជំទាវ​ ឧបបាយក​រដ្ឋមន្ត្រី ម៉ែន ​សំអន មាន​ប្រសាសន៌បន្តថា ​សុខមាលភាព​ជនពិការត្រូវបាន​ កែលម្អរឲ្យប្រសើរ​ឡើងស្របតាម​ដំណើរការនៃការ​អភិវឌ្ឍន៌ប្រទេស។ ​លោកជំទាវ​បន្ថែមថាជនពិការ​ ត្រូវបានផ្តល់​អាទិភាពក្នុង​ការជ្រើសរើស ​ឲ្យចូលបំរើការងា​រតាមក្រសួងស្ថាប័ន​រដ្ឋចំនួន៤០។ ​រាជរដ្ឋាភិបាល ​បានផ្តល់ដីធ្លី​ជូនយោធិនពិការ ​នៅតំបន់អភិវឌ្ឍ​ជនពិការ​ ៣២៧ តា​កែនកោះស្លា ​ស្រុកឈូក ​ខេត្តកំពត ​និងស្រុកគូលែន ​ខេត្តសៀមរាប ​និងនៅភ្នំឆ័ត្រ ​ខេត្តបន្ទាយមានជ័យ ​សម្រាប់សាងសង់​លំនៅដ្ឋាន ​និងធ្វើអាជីវកម្ម​កសិកម្មជា​លក្ខណៈគ្រួសារ ​ព្រមទាំងផ្តល់សេវា​ស្តារលទ្ធភាព​ពលកម្ម ​នៅសហគមន៌ ​ដើម្បីចូលរួមចំណែក​ជួយជនពិការក្រីក្រ ​និងលើកំពស់ជីវភាព​។
នៅក្នុងឱកាស​ប្រារព្ធជន​ពិការនៅថ្ងៃនេះ​ដែរ ឯកឧត្តម ​វង សូត្រ ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ​អតីតយុទ្ធជន​ និងយុវនីតិ​សម្បទា និង​ជាប្រធានក្រុម​ប្រឹក្សាសកម្មភាព​ជនពិការ ​បានមានប្រសាស​ន៌លើកឡើងថា ​បច្ចុប្បន្នចំនួនជន​ពិការនៅកម្ពុជា​មានចំនួនថយចុះ ​ដោយាសារ​សង្គ្រាមត្រូវ​បានបញ្ចប់ ​កំនើនសេដ្ឋកិច្ច ​បានរួមចំណែក​កាត់បន្ថយ​អត្រាជនពិការ​ កម្មវិធីបង្កាពិការ​ភាពដល់ប្រជាពល​រដ្ឋគ្រប់រូប ​លទ្ធភាពនៃ ​ការដោះមីន ​និងការទប់​ស្កាត់គ្រោះថ្នាក់​ចរាចរណ៌ជាដើម។​ ជនពិការមាន​សមត្ថភាពចូល​រួមប្រកួតប្រជែង ​ក្នុងទីផ្សារពលកម្ម ​អាចរកប្រាក់​ចំណូលដើម្បី​ធានានិរន្តភាពជីវភាព ​និងសេចក្តី​ថ្លៃថ្នូរតាមរយៈ ​ការបណ្តុះបណ្តាល​សមត្ថភាព​ជនពិការ។​
ឯកឧត្តម​រដ្ឋមន្ត្រី ​មានប្រសាសន៌បន្តថា ​រាជរដ្ឋាភិបាលបា​នជំរុញការអនុ ​វត្តច្បាប់ស្តីពីសិ​ទ្ធិជនពិការ ​ជាក់ស្តែង​ក្នុងឆ្នាំ២០១៥នេះ ​មានជនពិការ​ចំនួន២៣២០នាក់ ​បានចូលបំរើការងា​រក្នុងស្ថាប័នរដ្ឋ​ចំនួន៤០។ ​ជនពិការប្រមាណ២​ម៉ឺននាក់ ​បានទទួលស្តារ​លទ្ធភាពពលកម្ម​កាយសម្បទាដោយឥត​គិតថ្លៃ។ ជន​ពិការ មាន​សមត្ថភាពរកប្រាក់​ចំណូល ស​ម្រាប់លើកស្ទួយជីវភាព​ផ្ទាល់ខ្លួន និងក្រុម​គ្រួសារប្រមាណ​២ម៉ឺនគ្រួសារ​ ព្រមទាំងចង​ក្រងក្រុមជួយខ្លួនឯង​នៃជនពិការ​ចំនួន ​១៩៥៥ក្រុម ជ​នពិការបាន​ទទទួលការ​បណ្តុះបណ្តាល ​សមត្ថភាពជំនាញ​មានចំនួន១៦៩៣១​នាក់ផងដែរ៕





ឯក​ឧត្តម​​បណ្ឌិត​​សុភាចារ្យ​​សុខ​អាន​​ប្រកាស​​បើកការ​រត់​ប្រណាំង​​កីឡា​ពាក់​​កណ្ដាល​​ម៉ារ៉ាតុង​​អន្តរជាតិ​លើក​ ទី​២០

ក្រុម​ប្រជាពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ ១​ម៉ឺន​នាក់ មក​ពី ៧៥​ប្រទេស បានស្មគ្រ័ចិត្ត​នាំ​គ្នា​មក​ចូលរួម និង​អបអរ​សាទរ​ការ​រត់​ប្រណាំង​កីឡា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ ទី​២០ នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត នៃ​ខេត្ត​សៀមរាប​រាជាណាចក្រ​កម្ពុជា​អច្ឆរិយៈ កាល​ពី​ព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ ទី​៦ ខែ​ធ្នូឆ្នាំ២០១៥​ក្រោមអធិបតី​ភាពឯក​ឧត្តមបណ្ឌិត​សុភាចារ្យ​សុខអានតំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គ​មហាសេ​នាបតី​តេជោហ៊ុន​សែននាយក​រដ្ឋមន្ត្រី​នៃព្រះរា​ជាណាចក្រ​កម្ពុជា។ ថ្លែងប្រកាស​បើកការ​រត់ប្រណាំង​ឯកឧត្តមបណ្ដិត​សុភាចារ្យ​សុខអាន​ឧបនាយករដ្ឋមន្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុកទី​ស្តីការគណៈរដ្ឋ​មន្ត្រីបាន​ស្វាគមន៍កី​ឡាអត្តពល​លិកខ្មែរ​និងបរទេស​ដែលមក​ចូលរួម​និងជូនពរ​ឲ្យការរ​ត់ប្រណាំង​កីឡាពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ ទី​២០ទទួលបានជោគ​ជ័យ។

កីឡា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិលើកទី២០​នេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ មាន​ចម្ងាយ​ខុសៗ​គ្នាបីកំរឹត គឺចម្ងាយ ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង៣​គីឡូម៉ែត្រ​សម្រាប់ភា​ពសប្បាយ ព័ទ្ធ​ជុំវិញ​តំបន់​អង្គរ។ ឯកឧត្តម​ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​មាន​ប្រសាសន៍ថា ​ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នេះ មានអត្តព​លលិកខ្មែរ​ជាង៤ពាន់​នាក់ និងបរទេស​ជាង៤ពាន់​នាក់កើន​ជាង២០ភាគ​រយប្រៀបនិងព្រឹត្តិ​ការណ៍​ឆ្នាំ២០១៤។ ដោយមាន​វត្តមាន​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ចូល​រួមផងដែរ ឯកឧត្តម​​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បញ្ជាក់ថា ក្រៅតែពី​មាន​គោលដៅ រក​មូលនិធិ​ទៅ​ជួយ​ដល់​ជនពិការ ជួយ​ដល់​កាកបាទក្រហម ជួយ​ដល់​មន្ទីរពេទ្យ​កុមារ និង​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​ការ​រត់​ប្រណាំង​កីឡា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិលើកទី២០នេះ វា​ក៏​ជា​ព្រឹត្តិការណ៍​ដែល​នាំឲ្យកម្ពុជាឆ្ពោះ​ទៅរកប្រទេស​បៃតង​និងអាច​ជួយ​ផ្សព្វផ្សាយ​ពីសក្ដា​នុពល​ទេសចរណ៍​របស់​ កម្ពុជា​ផងដែរ។ «យើង​គិតថា​យើង​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ ទៅខាង​ក្រៅ​តាមរយៈ​ព្រឹត្តិការណ៍​នេះ ពី​១​ឆ្នាំទៅ​១​ឆ្នាំ​។ ​ឯកត្តឧម​ថោង ខុន ឲ្យ​ដឹង​ថា ​តាម​ការវាយតម្លៃ របស់​ពិភពលោក គឺ​កម្ពុជា ជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​ឧត្ដមភាព​ អាច​ប្រកួតប្រជែង​ផ្នែក​ទេសចរណ៍​វប្បធម៌ និង​ទេសចរណ៍​ធម្មជាតិ ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត នៅ​ក្នុង​ពិភពលោក​បាន ដោយសារ​កម្ពុជា​មាន​ប្រាសាទ​បុរាណ​ និង​តំបន់​ទេសចរណ៍​ធម្មជាតិ រួម​ទាំង​ឆ្នេរសមុទ្រ​ផង។​ សម្រាប់​ឆ្នាំ​២០២០​ខាងមុខ កម្ពុជា​អាច​នឹង​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​មក​កម្សាន្ត​ ប្រមាណ​ពី​៧​លាន​៥​សែន ទៅ​៨​លាន​នាក់។ សម្រាប់​ឆ្នាំ​២០១៥​នេះ កម្ពុជា​ ​អាច​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ប្រមាណ​៤​លាន​៨​សែន​នាក់​។
សូម​បញ្ជាក់​ថាសម្រាប់​ ការរត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ ​លើក​ទី ២០​ បាន​លទ្ធផល​ទទួលបាន៖ ក្នុងនោះ ជ័យជម្នះ​​ពាក់​កណ្ដាល​ម៉ា​រ៉ា​តុង ​ដែលមាន​ចម្ងាយ ​២១​ គីឡូម៉ែត្រ ​ទាំង​បុរស ទាំងនារី ​បាន​ទៅ​កីឡាករ​បរទេស​ទាំងអស់។
​ក្នុង​ពិធីនោះ​ ឯកឧត្តមស៊ុន ចាន់ថុល ​ទេសរដ្ឋមន្ត្រីរដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​បានរួម​ប្រគួតផងដែរ​បានបញ្ចប់ ការរត់​ ក្នុង​រយៈ​ចម្ងាយ ២១​គីឡូ​ម៉ែត ដោយ​ប្រើពេល​អស់ 1:51:11​។

សម្រាប់ពាក់កណ្ដាល​ម៉ា​រ៉ា​តុងផ្នែក ​នារី​លេខ ១​ បាន​ទៅ​កីឡាការិនី Vivian Tang មកពី​សឹង្ហ​បូរី​ រត់​ក្នុង​ថិរវេលា ១​ ម៉ោង ​២៩ នាទី​ ០៩ ​វិនាទី។ លេខ ២​ កីឡាការិនី Maire Nic Amhlaoibh មកពី​អៀរ​ឡង់ ​រត់​ក្នុង​ថិរវេលា ១​ ម៉ោង ​៣១​ នាទី ៤៣ វិនាទី និងលេខ ៣​កីឡាការិនី Caroline Plasence មកពី​ចក្រភព​អង់គ្លេស រត់​ក្នុង​ថិរវេលា ​១​ម៉ោង​ ៣៣​នាទី​ ២៨​វិនាទី។​

ការរត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ​បុរស​វិញ ​ចំណាត់ថ្នាក់​លេខ ១ កីឡាករ Feroser Thomson មកពី​អូស្ដ្រាលី រត់​ក្នុង​ថិរវេលា​ ១ ​ម៉ោង ​១២​ នាទី​ ២០ វិនាទី។ លេខ ២ Neko ជប៉ុន ​សញ្ជាតិ​កម្ពុជា រ​ត់​ក្នុង​ថិរវេលា ​១​ម៉ោង ​១៣​នាទី ៤៦ និង លេខ ៣ កីឡាករ Harikuta Jun មកពី​ជប៉ុន ​រត់​ក្នុង​ថិរវេលា​ ១​ម៉ោង ​១៣​នាទី ​៤៧ ។​

ចំណែក​ការ​ប្រណាំង​រទេះ​ជនពិការ​ នារី ចម្ងាយ​ ២១​គីឡូម៉ែត្រ​លេខ ១ កីឡាការិនី​យស ពិសី កម្ពុជា​ថិរវេលា ​២​ម៉ោង ​១៦​ នា​ទី ​២៤ វិនាទី។ លេខ ២ សុខ ណាក់​ កម្ពុជា​ថិរវេលា​ ២​ម៉ោង​ ៣៣​នាទី​ ៥៧​វិនាទី។​

ប្រណាំង​រទេះ​ជនពិការ ​បុរស​ ចម្ងាយ ​២១​គីឡូម៉ែត្រ ​ចំណាត់ថ្នាក់​លេខ ១​កីឡាករ​ កង កាន កម្ពុជា ​ថិរវេលា ១ ម៉ោង ៥៨​នាទី ​៤៣​វិនាទី។ លេខ ២ អ៊​ន សុផល កម្ពុជា​ថិរវេលា ​២​ម៉ោង ១២​នាទី ​៥៩​វិនាទី និងលេខ ៣ កីឡាករ ​ពៅ សុផល កម្ពុជា ថិរវេលា​២​ម៉ោង ​១៥​នាទី ​៣៨​វិនាទី។​

​រត់ ១០​គីឡូម៉ែត្រ​ បុរស លេខ ១​ កីឡាករ​ជប៉ុន ​Daisuke Fukai ថិរវេលា​ ៣៦​នាទី ​១២​វិនាទី​៤២ ។ លេខ ២ កីឡាករ​កម្ពុជា ​កាំ​ង ធឿន ថិរវេលា​ ៣៦​នាទី​ ៥៩​វិនាទី​ ៣៨ និង លេខ ៣ ​កីឡាករ​កម្ពុជា​ លន់ សីហា ថិរវេលា​៣៧​នាទី​ ១២​វិនាទី​៩០ ។​

​រត់ ១០​គីឡូម៉ែត្រ នារី លេខ ១ កីឡាការិនី​បារាំង Agota Pech ថិរវេលា​៤៣​នាទី​២៨ ។ លេខ ២ កីឡាការិនី​  Heidi Setch ថិរវេលា ​៤៣​នាទី ​៣៤​វិនាទី និងលេខ ៣ កីឡាការិនី Lauren Cook ថិរវេលា ​៤៣​នាទី ​៤២​វិនាទី។​ ពួកគេ​ទាំង ២ មកពី​អាមេរិក​ជាមួយគ្នា។​

​រត់​ ១០​គីឡូម៉ែត្រ​បុរស​ពិការ​ដៃ លេខ ១ កីឡាករ​កម្ពុជា​ សុន សារិទ្ធ ថិរវេលា​ ១​ម៉ោង ១​នាទី​ ១៩​វិនាទី។ លេខ​ ២ ទិ​ត្យ វណ្ណា កម្ពុជា​ថិរវេលា ​១​ម៉ោង ៨​នាទី​ ២៣ ។​

១០​គីឡូម៉ែត្រ​បុរស​ពិការ​ជើង លេខ ១ កីឡាករ​ជប៉ុន ​Atsushi Tama Moto ថិរវេលា​១​ម៉ោង ៣​នាទី ​១​វិនាទី​។​ លេខ ២ កីឡាករ​កម្ពុជា ​ចាន់ សម័យ ​ថិរវេលា​ ១​ម៉ោង ៦​នាទី​៤៧​វិនាទី និង លេខ ៣ កីឡាករ​កម្ពុជា​ ចែម វាសនា ថិរវេលា ​១​ម៉ោង ១១​នាទី ​១៦​វិនាទី។







Friday, December 4, 2015

ក្រមប្រតិបត្តិអង្គរ

«ក្រមប្រតិ​បត្តិអង្គរ» ​ត្រូវបានរៀបចំ​ធ្វើឡើងតាំង​ពីឆ្នាំ២០១២ ​តាមរយៈការ​ប្រមូលពត៌មាន ​កិច្ចសហការ ​ការស្រាវជ្រាវ​ឯកសារអន្តរជាតិ ​ការអង្កេត ​និងការពិគ្រោះ​យោបល់ ​រវាងអាជ្ញាធរ​ ជាតិអប្សរា ​ក្រសួងទេសចរណ៍ ​និងអង្គការ​យូណេស្កូ ​ក៏ដូចជាតំណាង​មកពីឧស្សាហកម្ម​ ទេសចរណ៍ភ្ញៀវ​ទេសចរជាតិ​និងអន្តរជាតិ ​សហគមន៍​មូលដ្ឋាន ​និងព្រះសង្ឃ​ផងដែរ​។
តើអ្វីទៅជា​ «ក្រមប្រតិបត្តិអង្គរ​»?
«ក្រមប្រតិ​បត្តិអង្គរ​» គឺជាសេចក្តី​ណែនាំដល់​ភ្ញៀវទេសចរ​ ដែលមក​ទស្សនារមណីយដ្ឋាន​អង្គរឲ្យយល់ពី​គុណតម្លៃនៃ​តំបន់អង្គរ​ គោរពនិង​ប្រកាន់នូវ​អាកប្បកិរិយា​សមរម្យ ​ក្នុងអំឡុងពេល ​ទស្សនាប្រាសាទ​ ដើម្បីរួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើអង្គរ​ (ប្រាសាទ ​វប្បធម៌ ​និងបរិស្ថាន) និងទទួ​លបាននូវបទ​ពិសោធន៍ទស្សនា​ដ៏ល្អប្រសើរ។ ​«ក្រមប្រតិបត្តិអង្គរ​» មិនមែនជាច្បាប់​ដែលមាន​លក្ខណៈបង្ខិត​បង្ខំនោះទេ។ ​ផ្ទុយទៅវិញ ​«ក្រមប្រតិបត្តិអង្គរ​» មានលក្ខណៈ​ជាការអប់រំ​ដល់ភ្ញៀវទេសចរ​ជាតិនិងអន្តរជាតិ ​ដោយជំរុញលើក​ទឹកចិត្តឲ្យភ្ញៀវ​ ទេសចរយល់ ​និងជៀសវាង​នូវរាល់ទង្វើ​មិនគួរគប្បី ​ដែលមិនគោរព​ទៅដល់ទី​សក្ការបូជា ​និងវប្បធម៌ខ្មែរ​ដូចជា៖ការស្លៀក​ពាក់ស៊ិចស៊ី ​ការប៉ះចម្លាក់​ឬធ្វើឲ្យខូចខាត​ថ្មប្រាសាទ​ការរំខាន ​ដល់ភាពស្ងប់​ស្ងាត់នៃទីសក្ការបូជា ​ការចូលទីតាំង​ដែលហាម​ឃាត់ឬប្រឈម​នឹងគ្រោះថ្នាក់ ​ការពិសាបារី​និងចោល​សំរាមពាសវាល​ពាសកាល ​ការឲ្យថវិកា​ឬស្ករគ្រាប់ដល់​ក្មេងៗ និងការ​ ប៉ះពាល់ព្រះសង្ឃ។
​នៅក្នុងសម័យ​ប្រជុំបច្ចេកទេស ​ICC Angko​r លើកទី២៤ ​នាខែមិថុនា ​ឆ្នាំ២០១៥​ កន្លងទៅនេះ ​អ្នកជំនាញអាដហុក​ បានគាំទ្រ​និងធ្វើការកើត​សសើរចំពោះអាជ្ញាធរ​ ជាតិអប្សរា​ ដែលបានសិក្សា​និងរៀបចំឲ្យមាន ​«ក្រមប្រតិបត្តិអង្គរ​» ដោយជំរុ​ញឲ្យអាជ្ញាជាតិ ​អប្សរា អនុវត្ត​ក្រមប្រតិបត្តិនេះ​ឲ្យបានឆាប់រហ័ស។ ​លើសពីនេះ ​«ក្រមប្រតិបត្តិអង្គរ​» ក៏ទទួលបាន​នូវការសាទរ​យ៉ាងខ្លាំងផង​ដែរពីសំណាក់វិស័យ​ឯកជន ទីភ្នាក់​ងារទេសចរណ៍ ​សមាគមមគ្គុ​ទ្ទេសក៍ទេសចរណ៍ ​ផ្នែកពាក់ព័ន្ធ​ដែលកំពុងបំពេញ​ការងារនៅក្នុង​តំបន់អង្គរ​ ព្រះសង្ឃ ​សារធារណជនទូទៅ ​អាជ្ញាធរមូលដ្ឋាន​ក្នុងតំបន់អង្គរ​ និងស្រទាប់​យុវជន។ ​អាជ្ញាធរជាតិ ​អប្សរានឹង​ធ្វើការផ្សព្វផ្សាយ​និងអនុវត្ត ​«ក្រមប្រតិ​បត្តិអង្គរ»​ នាពេលឆាប់​ខាងមុខ ដោយ​សហការ​ ជាមួយគ្រប់ផ្នែក​ពាក់ព័ន្ធរួមទាំង​ផ្នែកឯកជន​ និងស្ថាប័នពាក់ព័ន្ធ។ ​អាជ្ញាធរជាតិ​ អប្សរាសង្ឃឹម​ និងជឿជាក់យ៉ាង​មុតមាំថា​ ភ្ញៀវទេសចរជាតិ​និងអន្តរជាតិ​ រួមទាំងអ្នកពាក់​ព័ន្ធទាំងអស់​ នឹងចូលរួមគោរព​និងអនុវត្តតាម ​«ក្រមប្រតិបត្តិអង្គរ»​ យ៉ាងខ្ជាប់ខ្ជួន​ ដើម្បីរួមចំណែក​ថែរក្សា តំបន់​អង្គរដែលដួង​ព្រលឹងរបស់ជាតិ​ខ្មែរនិងជា​សម្បត្តិរបស់មនុស្សជាតិ​៕




Well Done, Mr. Sam Rainsy, the Great Patriot by T Mohan


ឯកឧត្តមបណ្ឌិត សុខ អាន៖ ក្រមប្រតិបត្តិអង្គរ មិនមែនជាច្បាប់ទេ តែជាការផ្តល់ព័ត៌មាន ដែលមានសារៈសំខាន់បំផុតដល់ភ្ញៀវទេសចរ

មានប្រសាសន៍​ក្នុងពិធីប្រកាស​ផ្សព្វផ្សាយ ​និងដាក់ឲ្យ​អនុវត្តជាផ្លូវការ​ «ក្រមប្រតិបត្តិអង្គរ»​ នៅថ្ងៃទី ០៤​ ខែធ្នូ ឆ្នាំ២០១៥នេះ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈ​រដ្ឋមន្ត្រី ​បានមានប្រសាសន៍​ថា «ក្រមប្រតិ​បត្តិអង្គរ​» មិនមែន ​ជាច្បាប់ដែលមាន​លក្ខណៈបង្ខិត​បង្ខំនោះទេ ​ប៉ុន្តែគឺជាឯកសារ​មានលក្ខណៈ​ជាការផ្តល់ ​ព័ត៌មាន ​ក៏ដូចជា​ការណែនាំដល់​ភ្ញៀវទេសចរ​ ដែលមកទស្សនា​​រមណីយដ្ឋានអង្គរ​ ឱ្យយល់ពីគុណ​តម្លៃ និងលក្ខណៈ​សក្ការៈរបស់​រមណីយដ្ឋាន​ ហើយជៀសវាង​នូវរាល់ទង្វើ​មិនគួរគប្បី​ ដូចជាការស្លៀកពាក់​ មិនសមរម្យ​ ការប៉ះពាល់​ចម្លាក់ឬធ្វើ​ឱ្យខូចខាត​ថ្មប្រាសាទ​ ការរំខានដល់​ ភាពស្ងប់ស្ងាត់​នៃទីសក្ការៈ​ បូជា ការចូល​ទីតាំងដែល​ហាមឃាត់ឬប្រឈម​នឹងគ្រោះថ្នាក់​ ការពិសាបារី​ និងចោលសំរាម​ ពាសវាលពាស​កាលជាដើម​។
ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បានបន្តថា​ ការប្រកាន់ខ្ជាប់​នូវអាកប្បកិរិយា​សមរម្យពីសំណាក់​ ភ្ញៀវទេសចរ​ ផ្តល់ផលប្រយោជន៍​ដល់ភ្ញៀវទេសច​រខ្លួនឯងផង​ និងសមត្ថកិច្ច​គ្រប់គ្រងផង​ តាមរយៈ ​ការរក្សា​សណ្តាប់ធ្នាប់ល្អ​ បរិយាកាស​អំណោយផល​សម្រាប់​ការលំហែរ​និងការស្វែងយល់​ អំពីប្រវត្តិ ​សាស្ត្រ ​វប្បធម៌អរិយធម៌ខ្មែរ​ ដែលប្រការទាំង​នេះគឺជាការចូលរួម​ចំណែកយ៉ាង​សំខាន់ ក្នុងការ​ លើកកម្ពស់​ការគោរពស្រឡាញ់​ និងចូលរួមថែ​រក្សាអភិរក្ស​បេតិកភណ្ឌវប្បធម៌​ឱ្យបាន ស្ថិត​ស្ថេរ គង់វង្សយូរអង្វែង។​ ឯកឧត្តមបាន​បញ្ជាក់ថា​ ជាការពិតក្រម​ប្រតិបត្តិ​ គឺជាឧបករណ៍​គ្រប់គ្រង​ ជាមូលដ្ឋានមួយ​ ដែលត្រូវបាន​ប្រើប្រាស់​នៅរមណីយដ្ឋាន​ ក្នុងប្រទេសជា​ច្រើននៅលើ​ ពិភពលោក​។
ឯកឧត្តម​បណ្ឌិតសភារចារ្យ​ បានរំលឹកឲ្យដឹងថា​ តាំងពីបុរាណ​កាលមក​ បុព្វបុរស​ខ្មែរយើង​ ក៏មាន​ក្រមប្រតិបត្តិ​សម្រាប់ទីសក្ការៈ​បូជារួចមក​ហើយដែរ​ ជាពិសេសនៅ​តាមប្រាសាទ​ ដែលជាទីឋាន​របស់អាទិទេព។ ​ជាក់ស្តែងសិលា​ចារឹករបស់ព្រះ​បាទជ័យវរ្ម័នទី១​ នាសតវត្សទី៧​ មានចែង​ពីក្រមប្រតិ​បត្តិនៅ លិង្គបរពត៌​ ដែលយើងស្គាល់​ថាវត្តភូ ​នាពេលបច្ចុប្បន្ន​ ដោយហាម ​ឃាត់មិនឱ្យយក​យានជំនិះគ្រប់​ប្រភេទ ហាម​មិនឱ្យបាំងឆ័ត្រ​ ឬពាក់គ្រឿង​អលង្ការ ចូលទៅក្នុង​ ប្រាសាទដែល​ជាទីឋានរបស់​ព្រះជាដើម។​ ចំណែកឯសិលា​ចារឹក នៅក្នុង​រាជព្រះបាទយសោវរ្ម័ន​ នាសតវត្សទី៩​ ក៏បាន​ហាមឃាត់នូវការ​ស្លៀកសំលៀក​បំពាក់មិនសមរម្យ​ មានពណ៌ឆើតឆាយ​ គ្រឿងអលង្ការមួយ​ចំនួន និងការយក​អាវុធចូលក្នុង​ប្រាសាទផងដែរ​។
ឯកឧត្តម​បណ្ឌិតសភារចារ្យ​ សុខ អាន ​បានមានប្រសាសន៍ថា ​«ក្រមប្រតិបត្តិអង្គរ»​ នឹងជួយផ្តល់​ ការក្រើនរំឭក​បន្ថែមដល់ភ្ញៀវទេសចរ​ទាំងអស់​។ ថ្វីត្បិត​តែអាជ្ញាធរអប្សរា​ជាអ្នកផ្តួចផ្តើមរៀបចំ​ ប៉ុន្តែចាប់ពី​ពេលនេះតទៅ​ «ក្រមប្រតិបត្តិអង្គរ​» គឺជាឯកសារ​សាធារណៈ​ ដែលគ្រប់គ្នាមាន​ភារកិច្ច ​ចូលរួមអនុវត្ត​ឱ្យមានប្រសិទ្ធ​ភាពខ្ពស់។​ ខ្ញុំមាន​សេចក្តីរីករាយដែល​ «ក្រមប្រតិបត្តិអង្គរ»​ នេះបានទទួលការគាំទ្រ​ និងកោតសរសើរ​យ៉ាងទូលំទូលាយ​ពីមជ្ឈដ្ឋាននានា​ ដូចជា ​អង្គការ​ ទេសចរណ៍ពិភពលោក​ គណៈកម្មាធិការ​ ICC-Angkor​ ព្រមទាំងវិស័យ​ឯកជន​ ទីភ្នាក់ងារ​ទេសចរណ៍ ​សមាគមមគ្គុទ្ទេសក៍​ទេសចរ ផ្នែកពាក់ព័ន្ធ​​​ដែលកំពុងបំពេញ​ការងារនៅ​ក្នុងតំបន់អង្គរ​ ព្រះសង្ឃ ​សារធារណៈ​ជនទូទៅ​ អាជ្ញាធរ​មូលដ្ឋាន​​ក្នុងតំបន់អង្គ​រ និងស្រទាប់ ​យុវជន​៕





Thursday, December 3, 2015

ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានក្នុងឱកាសប្រារព្ធទិវាពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣



ជប៉ុនផ្តល់ជំនួយដល់កម្ពុជាជាង៩០លានយ៉េន សម្រាប់ជួសជុលផ្លូវចូលខាងលិចប្រាសាទអង្គរវត្ត

យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ស្ថានទូតជប៉ុន​ប្រចាំព្រះរាជាណា​ចក្រកម្ពុជា ​ថ្ងៃទី០៣ ខែធ្នូ ​ឆ្នាំ២០១៥ ​បានឲ្យដឹងថា ​រដ្ឋាភិបាល​ជប៉ុនបាន​សម្រេចផ្តល់​ជំនួយឥត​សំណង ​ដែលមាន ថវិកា​សរុបចំនួន ​៩៤,៧០០,០០០ ​យ៉េន (កៅសិប​បួនលានប្រាំ​ពីររយពាន់)​ ជូនដល់រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បីផ្តត់​ផ្គង់គ្រឿងបរិក្ខារ​ធុនធ្ងន់​ ដែលស័ក្តសមសម្រាប់​ការងារជួស​ជុលផ្លូវចូល​ខាងលិច ​នៃប្រាសាទ​អង្គរវត្ត។​
ពិធីប្រគល់​ជំនួយត្រូវ​បានរៀបចំឡើង​នៅម៉ោង២:៣០​នាទីរសៀល ​ថ្ងៃទី០៣ ​ខែធ្នូ ឆ្នាំ២០១៥ ​នៅសាលសន្និសីទ​អាជ្ញាធរជាតិអប្សរា ​ក្រោមអធិប​តីភាព ឯក​ឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ឧបនាយ​ករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី ​និងជាប្រធាន​អាជ្ញាធរជាតិ​អប្សរា និងឯក​ឧត្តម គូម៉ាម៉ារ៉ូ​ យូជិ ឯក​អគ្គរាជទូត​វិសាមញ្ញ ​និងពេញសមត្ថភាព​របស់ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាច​ក្រកម្ពុជា៕​