យោងតាមលិខិតរបស់ លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ផ្ញើជូនឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៥នេះ បានបញ្ជាក់ថា ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា សុំបើកកិច្ចប្រជុំត្រីភាគី ដើម្បីពិភាក្សាលើការតម្លើងប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង សម្រាប់ឆ្នាំ២០១៦។
នៅក្នុងលិខិតដដែលបានឲ្យដឹងថា ការឯកភាពត្រីភាគីនៃនយោបាយប្រាក់ឈ្នួលអប្បបរមា ត្រូវបានពិភាក្សាតម្លើងជារៀងរាល់ឆ្នាំ។ ផ្អែកលើស្មារតីអង្គប្រជុំក្រុមប្រឹក្សាភិបាល CCNU ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៥ សមាជិកក្រុមប្រឹក្សាភិបាល បានបើកកិច្ចប្រជុំពិភាក្សាទៅលើការតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០១៦ ដែលពេលវេលាគួរតែមានការចាប់ផ្តើមនៅកិច្ចដំណើរការប្រជុំត្រីភាគី ចាប់ពីខែកក្កដា ឆ្នាំ២០១៥នេះតទៅ ដើម្បីផ្តល់ឱកាសសមស្របដល់ភាគីពាក់ព័ន្ធ ក្នុងការពិភាក្សាដោយយោងតាមស្មារតីយន្តការត្រីភាគីដែលបានឯកភាពគ្នា ជាគោលការណ៍ចំពោះការពិភាក្សា ការតម្លើងប្រាក់ឈ្នួលអប្បបរមារៀងរាល់មួយឆ្នាំម្តង។
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) កំពុងតែធ្វើការសិក្សាអំពីលទ្ធផលនៃការតម្លើងប្រាក់ឈ្នួលអប្បបរមានេះ ដោយផ្នែកលើកត្តាសេដ្ឋកិច្ច កត្តាអតិផរណា កត្តាប្រកួតប្រជែង និងកត្តាជីវភាពរបស់កម្មករ។ល។ លោក សោម អូន បានបញ្ជាក់ក្នុងលិខិតថា បន្ទាប់ពីសិក្សាចប់យើងខ្ញុំនឹងជូនអំពីទូរលេខទៅ (LAC) អំពីចំនួនស្នើសុំតម្លើងប្រាក់ឈ្នួលអប្បបរមានេះ។
អត្ថបទ៖ សុភាព