Tuesday, June 9, 2015

ព្រឹទ្ធសភាបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានថ្មី

នៅវេលា ម៉ោង​ ៣ រសៀល ថ្ងៃទី ០៩ ​ខែមិថុនា ឆ្នាំ ២០១៥នេះ ​អគ្គលេខាធិការដ្ឋាន ​ព្រឹទ្ធសភា​ បានរៀបចំកិច្ចប្រជុំវិសាមញ្ញមួយ​ ដើម្បីបោះឆ្នោតជ្រើសតាំង​ ប្រធានព្រឹទ្ធសភា ​​និងអនុប្រធានទី ១ ព្រឹទ្ធសភា។ ​

​នៅក្នុងដំណើការនៃការបោះឆ្នោត​ ជ្រើសតាំងប្រធាន ​និងអនុប្រធានទី១ ​ព្រឹទ្ធសភា ពេល​​នេះបានដំណើការទៅយ៉ាងរលូន​ ដោយក្នុងនោះ​ ឯកឧត្តម សាយ ឈុំ​ បានជាប់ជាប្រធាន​​ព្រឹទ្ធសភា នៃកម្ពុជា​ ដោយទទួលបានសម្លេងគាំទ្រ ​៥២ លើ ៥២ ​នៃសមាជិកព្រឹទ្ធសភា ​ដែលបានចូលរួមបោះឆ្នោត​ទាំងអស់ចំនួន ​៥២រូប។ ​ដោយឡែកឯកឧត្តម ​នៃ ប៉េណា បាន​ជាប់ជាអនុប្រធានទី១​ នៃព្រឹទ្ធសភាជាតិ​ ដោយសម្លេងគាំទ្រ ៥១ លើ ៥២។ ​

​សូមបញ្ជាក់ថា​ ការបោះឆ្នោតជ្រើស​តាំងប្រធានព្រឹទ្ធសភា​ និងអនុប្រធានទី១ថ្មីនេះ ​ធ្វើ​ឡើងបន្ទាប់ពីសម្តេច​អគ្គធម្មពោធិសាល ជា ស៊ឹម​ ប្រធានព្រឹទ្ធសភាជាតិ​ បាន ទទួលមរណ​ភាព កាលពីថ្ងៃទី ០៨ ​ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ ​ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ៕​

អត្ថបទ៖សុភាព