តាមការឲ្យដឹងពីលោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៥ នេះ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានផ្តើមបើកសវនាការ លើអង្គហេតុការដ្ឋានការងារព្រលានយន្តហោះកំពង់ឆ្នាំង ស្ថិតនៅក្នុងក្របខណ្ឌនៃការជំនុំជម្រះលើសំណុំរឿង ០០២/០២ វគ្គទី ២ ដែលផ្តោតលើការដ្ឋានការងារនៅក្នុងរបបខ្មែរក្រហម។ សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីដែលពាក់ព័ន្ធនឹងត្រូវកោះហៅមកផ្តល់សក្ខីកម្មជាបន្តបន្ទាប់។ សាក្សីដំបូងដែលត្រូវបាន កោះហៅមកផ្តល់សក្ខីកម្ម គឺលោក ចាន់ ម៉ន ដែលជានិរសារនៅក្នុងតំបន់ការដ្ឋានការងារព្រលានយន្តហោះ ចាប់ពីដើមដំបូងមក បានឡើងមកផ្តល់សក្ខីកម្ម។
លោក ចាន់ ម៉ន បានប្រាប់ទៅកាន់អង្គជំនុំជម្រះសាលាដំបូងអំពីដំណើរនៃការកសាងព្រលានយន្តហោះ និងការទទួលបានសម្ភារៈបរិក្ខារផ្សេងៗ ដូចជាគ្រឿងចក្រ រំសេវផ្ទុះសម្រាប់បំបែកថ្ម និងសម្ភារៈចាំបាច់ផ្សេងៗទៀត ត្រូវបានបញ្ជូនពីប្រទេសចិនមក។ លោកបានឱ្យដឹងថា តាមអ្វីដែលគាត់បានដឹងអ្នកបច្ចេកទេសចិន ប្រមាណ១២០នាក់ បានចូលរួមក្នុងការកសាងព្រលានយន្តហោះកំពង់ឆ្នាំង និងក្រោយមកត្រូវបានបញ្ជូនទៅកាន់តំបន់ផ្សេងៗ។
សាក្សីក៏បានរៀបរាប់អំពីស្ថានភាពការងារនៅទីនោះ ដោយបានរៀបរាប់ពីការងារដ៏លំបាកដែលធ្វើឡើងដោយកម្មករជាប្រជាពលរដ្ឋ។ លោកបានជម្រាបទៅកាន់អង្គជំនុំជម្រះថា កម្មករខ្លះដែលធ្វើការងារនៅទីនោះ ជាទាហានដែលបានមកឮ ពីភូមិភាគបូព៌ា ត្រូវបានបញ្ជូនមកធ្វើការងារដ៏លំបាកនៅក្នុងការដ្ឋាននេះ ដោយសារតែគេចោទប្រកាន់ពួកគាត់ថាមានជាប់និន្នាការខ្មាំង។ សាក្សីបាននិយាយថា នៅពេលខ្លះ កម្មករជានារីបានលោតចូលរថយន្តរូលូកិនថ្នល់សម្លាប់ខ្លួន ដោយសារតែមិនអាចនឹងទ្រាំទ្រនឹងស្ថានភាពដ៏លំបាកនៃការងារ។ លោកក៏បានប្រាប់ផងដែរថា មានការចាប់ខ្លួនកម្មករ និងបានបញ្ជូនចេញនៅពេលយប់។
លោក នេត្រ ភក្រ្តា បានមានប្រសាសន៍បន្ថែមទៀតថា នៅថ្ងៃនេះក្នុងដំណើការសវនាការ លើការដ្ឋានការងារព្រលានយន្តហោះកំពង់ឆ្នាំងនេះដែរប្រជាពលរដ្ឋ មកពីស្រុករលៀផ្អៀរ និងកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងចំនួន ៥០០ នាក់ ដែលនៅជាប់នឹងទីតាំងការដ្ឋានព្រលានហោះកំពង់ឆ្នាំង នឹងមកចូលរួមស្តាប់ដំណើរការសវនាការនេះ។ ការដ្ឋានការងារព្រលានយន្តហោះកំពង់ឆ្នាំង មានទីតាំងនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ព្រលានយន្តហោះនេះនៅមានរូបរាងនៅឡើយ ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ៣០០ ហិកតា រួមមានផ្លូវយន្តហោះរត់ចំនួនពីរខ្សែ មានបណ្តោយប្រវែង ២៤០០ម៉ែត្រ និងមានប៉មត្រួតពិនិត្យការហោះហើរ និងអគាររដ្ឋបាលផ្សេងទៀត។ ទីតាំងនេះមានបណ្តោយប្រវែង ៧ គីឡូម៉ែត្រ ដែលនៅក្នុងទីតាំងនោះមានផ្ទះរបស់ប្រធានគ្រប់គ្រងការដ្ឋាន និងរោងបាយរួមមួយ ព្រមទាំងមានរូងក្រោមដីមួយ ដែលសាងសង់មិនទាន់រួចនៅក្បែរច្រកភ្នំជិតទីតាំង។ ផែនការក្នុងការកសាងព្រលានយន្តហោះយោធាថ្មីមួយ ត្រូវបានយកមកពិនិត្យ និងពិភាក្សា ដោយគណៈអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា នៅក្នុងកិច្ចប្រជុំរបស់ខ្លួន នាចុងឆ្នាំ ១៩៧៥ ឬដើមឆ្នាំ ១៩៧៦ ហើយជម្រើសនៃការជ្រើសរើសខេត្តកំពង់ឆ្នាំង បានប្រកាសជាផ្លូវការនៅក្នុង អង្គប្រជុំថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ ១៩៧៦។ តាមកំណត់ហេតុអង្គប្រជុំនៃគណៈអចិន្ត្រៃយ៍បានបង្ហាញថា ការដ្ឋាននេះបានចាប់ផ្តើមរួចទៅហើយក្នុងអំឡុងខែឧសភា ឆ្នាំ ១៩៧៦។ ការដ្ឋាននេះបានដំណើរការរហូតដល់ ខែមករា ឆ្នាំ ១៩៧៩ ដែលពេលនោះមិនទាន់បានរួចរាល់ជាស្ថាពរនៅឡើយ។
ការបើកសវនាការលើអង្គហេតុទាក់ទងនឹងការដ្ឋាន ការងារព្រលានយន្តហោះកំពង់ឆ្នាំងនេះធ្វើឡើងបន្ទាប់ពីអង្គជំនុំសាលាដំបូងបានបើកសវនាការ លើអង្គហេតុការដ្ឋានការងារទំនប់ ១ មករា នៅក្នុងខេត្តកំពង់ធំ។ សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៨ រូបត្រូវបានកោះហៅមកផ្តល់សក្ខីកម្មចន្លោះពីថ្ងៃទី ១៩ ខែឧសភា ដល់ថ្ងៃទី ៥ មិថុនា ឆ្នាំ ២០១៥។ សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីទាំងនេះ ជាជនរងគ្រោះ និងជាអ្នកពាក់ព័ន្ធដោយផ្ទាល់លើការដ្ឋានការងារទំនប់ ១មករា។