នៅក្នុងសេចក្តីអំពាវនាវ របស់ លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ ដែលចេញផ្សាយនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៥ បានលើកឡើងថា ដោយមើលឃើញថា យុវជនមួយចំនួន នាពេលសព្វថ្ងៃនេះ បាននិងកំពុងប្រើប្រាស់បណ្តាញសង្គមដូចជា website youtube, twitter, google plus, blog ជាពិសេស facebook ដើម្បីបញ្ចេញ និងផ្សព្វផ្សាយទស្សនៈ គំនិតយោបល់ផ្ទាល់ខ្លួន កាត់តរូបភាព បង្ហោះផ្សាយ រិះគន់ ជេរប្រមាថអ្នកដទៃបែបអនាធិបតេយ្យ ដោយគ្មានសីលធម៌ នាំឲ្យបាត់បង់អស់នូវតម្លៃ សេចក្តីថ្លៃថ្នូររបស់យុវជនយើង និងម្យ៉ាងទៀតវាបានធ្វើឲ្យប៉ះពាល់ដល់ប្រពៃណី វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរ ដែលជាជាតិសាសន៍ដ៏ចំណាស់ជាងគេនៅក្នុងតំបន់អាស៊ី បែកអាគ្នេយ៍យើងនេះ។
សេចក្តីអំពាវនាវដដែលបានសង្កត់ធ្ងន់ថា ជាក់ស្តែង ក្រោយពីមរណភាពរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ កន្លងមកនេះ យើងសង្កេតឃើញថា មានយុវជនមួយចំនួន មិនត្រឹមតែមិនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៃការបាត់បង់ឥស្សរជន ថ្នាក់ដឹកនាំប្រកប ដោយវីរភាព ដែលធ្លាប់ចូលរួមដឹកនាំរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ រំលត់សង្រ្គាមស៊ីវិលដ៏ប្រល័យ ការផ្សះផ្សារបង្រួបបង្រួមជាតិ និងការស្វែងរកសន្តិភាពជូនប្រទេសជាតិកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែយុវជនមួយចំនួន បានជេរប្រមាថ ប្រទេចផ្តាសារយ៉ាងធ្ងន់ធ្ងរបំផុតទៅលើអ្នកស្លាប់ និងថ្នាក់ដឹកនាំដែលនៅរស់។
លោក ប៉ុល សីហា ប្រធានសមាគមកំណែទម្រង់រដ្ឋ បានបញ្ជាក់ក្នុងសេចក្តីអំពាវនាវនេះថា ក្នុងស្មារតីលើកស្ទួយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស និងការជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សមាគមយុវជនកំណែទម្រង់រដ្ឋ គាំទ្រឲ្យមានការិះគន់ ការបញ្ចេញមតិស្រប ឬប្រឆាំង ប្រកបដោយសេចក្តីថ្លៃថ្នូរ មានគុណធម៌ មានសីលធម៌ សុជីវធម៌ ដោយរក្សាបាននូវតម្លៃរបស់យុវជន ជាបញ្ញាវន្ត និងជាអ្នកបន្តវេនរបស់ប្រទេសជាតិនៅថ្ងៃក្រោយ។ ដើម្បីរក្សាបាននូវតម្លៃ សេចក្តីថ្លៃថ្នូររបស់យុវជន សមាគមយុវជនកំណែទម្រង់រដ្ឋ សូមអំពាវនាវយ៉ាងទទូចដល់យុវជនខ្មែរ យុវនារី និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ មេត្តាបញ្ចេញមតិរិះគន់ដើម្បីស្ថាបនា មានហេតុផល មានសីលធម៌ គោរពគ្នាទៅវិញទៅមក បញ្ចៀសបាននូវការបង្កកំហឹង ជំលោះ ឬការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអ្នកដទៃ ជាពិសេស សូមបញ្ឈប់រាល់អំពើទាំងឡាយដែលកំពុងធ្វើឲ្យសង្គមខ្មែរអាប់ឱន នាំឲ្យសាធារណៈមតិជាតិ និងអន្តរជាតិ គេវាយតម្លៃមកសលើយុវជនខ្មែរ៕
អត្ថបទ៖ សុភាព