Thursday, June 11, 2015

ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួប​ប្រជា​ពលរដ្ឋរង​គ្រោះ​ដោយខ្យល់​កន្ត្រាក់​ បាក់រលំផ្ទះ​នៅភូមិ​កញ្ចាង

ដោយ​អនុវត្ត​តាមពាក្យ​ស្លោក ទុក្ខ​លំបាករបស់​ប្រជាពលរដ្ឋ​ គឺជាក្តី​កង្វល់​របស់រាជរដ្ឋា​ភិបាល នៅព្រឹក​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៥ ក្រុម​ការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំកុមាររា​ជា ដឹកនាំដោយ​ឯកឧត្តម សៅ សុភៈ ក្រុម​ការងារ និងមាន​ការចូលរួម​ពីសម្ព័ន្ធយុវជន​កម្ពុជា នៅក្នុងមូលដ្ឋាន​ផងដែរ បានចុះទៅពិនិត្យ​ទីតាំងជាក់​ស្តែងរបស់​ប្រជាពលរដ្ឋរង​គ្រោះ ដោយសារ​ខ្យល់កន្ត្រាក់​កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៥ កន្លង​ទៅនេះ ដែលមាន​ការដួល​រលំផ្ទះប្រជាពលរដ្ឋ​ចំនួនពីរខ្នង ក្នុងនោះ​មាន​គ្រួសារលោក ណេន ព្រឿង គ្រួសារលោក​ស្រី អ៊ឹម កញ្ញា អាយុ៤៣ ឆ្នាំ ដែលជា​ស្រ្តីមេម៉ាយកូន​ពីរនៅក្នុងបន្ទុក នៅភូមិកញ្ចាង ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ។ ឯកឧត្តម សៅ សុភៈ បាន​ពាំនាំនូវ​ប្រសាសន៍ផ្តាំផ្ញើ សួរសុខ​ទុក្ខរបស់ឯក​ឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការគណៈ​រដ្ឋមន្រ្តី និងជាប្រធាន​ក្រុមការងារថ្នាក់ជាតិ​ចុះជួយខេត្តតាកែវ ប្រសាសន៍​ផ្តាំផ្ញើសួរ​សុខទុក្ខ​របស់ឯក​ឧត្តម សុខ សូកាន អ្នកតំណាង​រាស្ត្រមណ្ឌលតាកែវ និងប្រសាសន៍​ផ្តាំផ្ញើសួរសុខ​ទុក្ខរបស់ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គ​ភាពព័ត៌​មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី និង​ជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូល​ដ្ឋាន ឃុំកុមាររាជា ។ ឯកឧត្តម សៅ សុភៈ បានចូលរួមសោក​ស្តាយដែល​ឃើញ​ប្រជាពលរដ្ឋកំ​ពុងជួបទុក្ខលំបាកដោយ ឯកឧត្តមចាត់​ទុកថាទុក្ខ​លំបាកនេះ ជាក្តី​កង្វល់របស់រាជ​រដ្ឋាភិបាល ដែល​គណបក្ស​ប្រជាជនកម្ពុជា តែងតែយក​ចិត្តទុកដាក់ និងគិតគូរ​ដល់ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់បងប្អូន។ ឯកឧត្តម ក៏បាន​បន្តទៀត​ថា ពេល​នេះជារដូវវស្សា​ដែលតែង​តែមាន​ភ្ញៀងធ្លាក់ ផ្គរ រន្ទះ លាយទ្បំ និងខ្យល់​កន្រ្តាក់ជាញឹក​ញាប់ ដូច្នេះ​សូមបង​ប្អូន​មានការប្រុង​ប្រយ័ត្ន​ផងនៅពេល​មានភ្ញៀងខ្យល់​ម្តងៗ សូមរត់​ទៅជ្រក​ទីកន្លែង​មានសុវត្ថិភាព​ជាបន្ទាន់​ដើម្បី​ការពារកុំឲ្យ​មានគ្រោះ​ថ្នាក់រហូតបាត់​បង់ជីវិត​ដោយ​ប្រការណាមួយ។ ក្នុងកាស​ជួប សំណេះ សំណាល​សួរសុខទុក្ខនេះដែរក្រុមការងារ​ក៏បានជូន​ថវិកាឧបត្តម្ភ ដើម្បី​សម្រួលដោះស្រាយ​ជីវភាពជាបណ្តោះ​អាសន្នជូន​ប្រជាពលរដ្ឋ​ក្នុងមួយគ្រួសា​រ១៥ម៉ឺនរៀល និងទទួលយក​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែលស្នើរ​ឲ្យក្រុមការងារ​ថ្នាក់ជាតិជួយ​ជួសជុល សង់ផ្ទះថ្មីជូនពួក​គាត់។ ឯកឧត្តម សៅ សុភៈ បានបញ្ជាក់​ជូនប្រជាពលរដ្ឋថា ក្រុមការងារ​ថ្នាក់ជាតិចុះជួយ​ឃុំកុមាររាជាដឹកនាំ​ដោយឯកឧត្តម ស្វាយ ស៊ីថា និងឯកឧត្តម សុខ សូកាន អ្នកតំណាង​រាស្រ្តមណ្ឌល ខេត្តតាកែវ និង​ជួយសង់ផ្ទះថ្មីជូន​ដល់ពួកគាត់ក្នុងពេលឆាប់ៗ​ខាងមុខនេះ ដើម្បីចូលរួមដោះ​ស្រាយទុក្ខលំបាក​របស់ប្រជាពលរដ្ឋទាំងនោះ។ ប្រជាពលរដ្ឋមាន​សេចក្តីត្រេកអររីករាយ​នូវការយក​ចិត្តទុក្ខដាក់​របស់ក្រុមការងារ​ថ្នាក់ជាតិដែលបាន​ជួយសម្រួល​ទុក្ខលំបាករបស់ពួក​គាត់ ទាន់សភាពការណ៍។ នេះ​ជាការយកចិត្តទុក​ដាក់ខ្ពស់បំផុតកើតចេញ​ពីអ្នកតំណាងរាស្រ្ត នៃគណបក្ស​ប្រជាជនកម្ពុជា ក្រុមការងារថ្នាក់​កណ្តាលជាតិ រួមទាំងសម្ព័ន្ធយុវជន​កម្ពុជា ក៏ដូច​ជាមន្ត្រីមូលដ្ឋាន​ក្នុងកិច្ចខិតខំប្រឹង​ប្រែង​អស់ពីកំលាំងកាយ​កំលាំងចិត្ត ដោះស្រាយរាល់​ទុក្ខលំបាក​ជូនដល់ប្រជាពលរដ្ឋដោយ​ឥតប្រកាន់​និន្នាការនយោបាយ​ណាទាំងអស់ ៕