យោងតាមសេចក្តីបំភ្លឺរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ចេញផ្សាយថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៥បានលើកឡើងថា ដោយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរអគ្គីសនីកម្ពុជាសង្កេតឃើញថា មានការតវ៉ាជាបន្តបន្ទាប់នៅតាមដំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងតំបន់ផ្គត់ផ្គង់របស់សហគ្រាសឯកជន ដោយប្រជាពលរដ្ឋសង្ស័យថា អ្នកផ្គត់ផ្គង់អគ្គីសនីលួចបន្លំបង្កើនតួលេខថាមពលប្រើប្រាស់របស់ខ្លួន។
ក្នុងសេចក្តីបំភ្លឺដដែលរបស់អាជ្ញាធរអគ្គីសនីកម្ពុជា បានសង្កត់ធ្ងន់ថា បរិមាណថាមពលអគ្គីសនីដែលប្រជាពលរដ្ឋប្រើប្រាស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានកំណត់ឲ្យវាស់ថ្លឹងដោយជញ្ជីងថ្លឹងអគ្គីសនីមួយហៅថា «នាឡិកាស្ទង់» ដែលអ្នកផ្គត់ផ្គង់ត្រូវតម្លើងនៅគល់ខ្សែដែលត្រូវផ្គត់ផ្គង់ឲ្យទីតាំងរបស់អ្នកប្រើប្រាស់នីមួយៗ។ ថាមពលអគ្គីសនីដែលអ្នកផ្គត់ផ្គង់បានផ្តល់ទៅឲ្យអ្នកប្រើប្រាស់ និងត្រូវឆ្លងកាត់ជញ្ជីងថ្លឹងអគ្គីសនីនេះ រួចត្រូវបានវាស់ និងកត់ត្រាដោយជញ្ជីងថ្លឹងនេះ។ ដូចជាជញ្ជីងថ្លឹងទំនិញដទៃទៀតដែរ ប្រសិនបើជញ្ជីងថ្លឹងអគ្គីសនីនេះត្រឹមត្រូវមានន័យថា ចំនួនអគ្គីសនីដែលអ្នកផ្គត់ផ្គង់ផ្តល់ឲ្យអ្នកប្រើប្រាស់ក៏ត្រឹមត្រូវដែរ ប៉ុន្តែ បើជញ្ជីងថ្លឹងអគ្គីសនីនេះមិនត្រឹមត្រូវទេ ចំនួនអគ្គីសនីដែលអ្នកផ្គត់ផ្គង់ផ្តល់ឲ្យអ្នកប្រើប្រាស់ក៏មិនត្រឹមត្រូវដែរ។ ដូច្នេះគេមិនអាចធ្វើការវាយតម្លៃដោយខ្លួនឯងថាចំនួនថាមពលប្រើប្រាស់ណាមួយត្រឹមត្រូវ ឬមិនត្រឹមត្រូវ ច្រើន ឬតិចជាងចំនួនពិតប្រាកដ ដោយមិនបានធ្វើការត្រួតពិនិត្យជញ្ជីងថ្លឹងអគ្គីសនីរបស់អ្នកនោះថាតើវាត្រឹមត្រូវ ឬមិនត្រឹមត្រូវឡើយ ពីព្រោះជាធម្មតាខែក្តៅការប្រើប្រាស់មានបរិមាណច្រើនជាងខែត្រជាក់។
អាជ្ញាធរអគ្គិសនី បានបន្ថែមទៀតថា ក្នុងករណីអ្នកប្រើប្រាស់អគ្គិសនីណាមួយសង្ស័យថា ជញ្ជឹងថ្លឹងអគ្គិសនីរបស់ខ្លួនដើរលឿនបណ្តាលឲ្យខ្លួនត្រូវបង់ប្រាក់អស់ច្រើន អ្នកនោះអាចទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់របស់ខ្លួន ឬទំនាក់ទំនងជាមួយមន្ទីររ៉ែ និងថាមពល រាជធានី/ខេត្ត ដើម្បីអោយអាជ្ញាធរអគ្គិសនីកម្ពុជាដែលជាអាជ្ញាកណ្តាលចុះទៅត្រួតពិនិត្យ ភាពត្រឹមត្រូវនៃការថ្លឹងអគ្គិសនីរបស់ខ្លួនបាន។ សូមជម្រាបជូនថា អាជ្ញាធរអគ្គិសនីកម្ពុជាមានបរិធានចល័ត ដែលទទួលស្គាល់ដោយមន្ទីរពិសោធន៍អន្តរជាតិសម្រាប់ត្រួតពិនិត្យដឹងថា ជញ្ជីងថ្លឹងអគ្គិសនីនីមួយៗ ដើរត្រឹមត្រូវ ដើរយឺត ឬលឿន ក្នុងកម្រិតប៉ុន្មាន% ដែលអាចកាត់សេចក្តីឲ្យសងនូវអ្វីដែលបានកត់ត្រាលើសឬខ្វះ ។ ការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់អាជ្ញាធរអគ្គិសនីកម្ពុជានេះ មិនគិតថ្លៃទេ និងអាចធ្វើការត្រួតពិនិត្យទាំងក្នុងតំបន់ផ្គត់ផ្គង់របស់សហគ្រាសរដ្ឋគឺ អគ្គិសនីកម្ពុជា និងទាំងក្នុងតំបន់ផ្គត់ផ្គង់របស់សហគ្រាសឯកជនទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ប្រសិនបើអ្នកប្រើប្រាស់ណាមួយ នៅតែមិនទុកចិត្តការត្រួតពិនិត្យឯករាជ្យរបស់អាជ្ញាធរអគ្គិសនីកម្ពុជា យោងតាមបទប្បញ្ញាតិ្តស្តីពីលក្ខខណ្ឌទូទៅក្នុងការផ្គត់ផ្គង់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកនៅមានសិទ្ធិស្នើសុំបញ្ជូន ”នាឡិកាស្ទង់” របស់ខ្លួននៅមន្ទីរពិសោធន៍ផ្ទៀងផ្ទាត់នាឡិការស្ទង់នៅប្រទេសណាមួយ ដើម្បីឲ្យគេពិនិត្យរកយុត្តិធម៌បាន៕
អត្ថបទ៖សុភាព