នាព្រឹកថ្ងៃទី១០ ខែមិថុនានេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងចូលគោរពវិញ្ញាណក្ខន្ធនៃសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានទទួលមរណៈភាពកាលពី វេលាម៉ោង១៥និង៤៥នាទី រសៀលថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាអាយុ៨៣ឆ្នាំ។ ពិធីបុណ្យសព ត្រូវបានរៀបចំធ្វើនៅភូមិគ្រឹះរបស់សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយព្រះរាជក្រឹត ចេញកាលពីថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៥ បានបង្គាប់ឲ្យបង្កើតគណៈកម្មការរៀបចំពិធីបុណ្យសពនេះឲ្យបានល្អសក្តិសមទៅនឹងឋានៈរបស់សម្តេច។
រីឯវត្តមានរបស់គណៈប្រតិភូស្ថាប័នរដ្ឋសភាដែលចូលគោរពវិញ្ញាណក្ខន្ធ គឺដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏មានវត្តមានឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្ឋសភាផងដែរ។ ដោយឡែកសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធសពសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម នាព្រឹកថ្ងៃទី១០ ខែមិថុនានេះផងដែរ។
វត្តមានជាបន្តបន្ទាប់ដែលចូលគោរពវិញ្ញាណក្ខន្ធ មានដូចជាគណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម សាយ ឈុំ ដែលទើបបានទទួលសំលេងបោះឆ្នោតជាប្រធានថ្មីនៃព្រឹទ្ធសភា កាលពីថ្ងៃទី ៩ ខែមិថុនាឆ្នាំ២០១៥នេះ។ គណៈប្រតិភូនៃក្រសួងព្រះបរមរាជវាំង ដឹកនាំដោយសម្តេច ចៅហ្វាវំាង គង់ សំអុល និងគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
បើតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាចេញកាលពីថ្ងៃទី៨ ខែមិថុនាកន្លងមកនេះ បានបញ្ជាក់ថា នឹងយកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៥ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ដោយនៅក្នុងថ្ងៃកាន់ទុក្ខនោះ គ្រប់ក្រសួងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ព្រមទាំងប្រជាជនទូទំាងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមមួយភាគបីនៃដងទង់ជាតិចាប់លើ។ រីឯគ្រប់ស្ថានីយវិទ្យុទូរទស្សន៍ជាតិ និងឯកជន គឺត្រូវផ្អាកការសម្តែងនិងការចាក់ផ្សាយដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងផងដែរក្នុងថ្ងៃកាន់ទុក្ខនោះ។ ហើយនៅក្នុងកម្មវិធីបុណ្យសពនេះ បានបញ្ជាក់ថា សពរបស់សម្តេចអគ្គមហាធម្មពោធិសាល ជាស៊ីម នឹងត្រូវធ្វើពិធីរំកិលចេញទៅលើរថយន្តបុស្បុកនិងដង្ហែ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ។
គួររំលឹកថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១មកដល់ពេលបច្ចុប្បន្ន។ ហើយពីឆ្នាំ១៩៨១ដល់ឆ្នាំ១៩៩៩ ជាប្រធានរដ្ឋសភា។ ពីឆ្នាំ១៩៩៩មកដល់ពេលទទួលមរណៈភាព គឺជាប្រធានព្រឹទ្ធសភា ដោយនៅក្នុងឆ្នាំ២០១០ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទស្សនវិជ្ជា និងផ្នែកជាអ្នកដឹកនាំកិច្ចការព្រឹទ្ធសភាពីសាកលវិទ្យាល័យ ឌីអូជិន សឺមីណឺរី សហរដ្ឋអាមេរិក។
ចំពោះគ្រឿងឥស្សរិយយស និងគោរមងារវិញ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានទទួលងារជា សម្តេច ពីព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ១៩៩៣ និងបានទទួលងារជា សម្តេចអគ្គមហាធម្មពោធិសាល ពីព្រះករុណាសម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី កាលពីឆ្នាំ២០០៧។ និងក្នុងឆ្នាំ ២០១១ បានទទួលគោរមងារជា កិត្តិព្រឹទ្ធបណ្ឌិត នៃរាជបណ្ឌិតសភាកម្ពុជា ពីព្រះមហាក្សត្រ។
ក្រៅពីនេះ ក្នុងឆ្នាំ២០០៩ក៏បានទទួលគ្រឿងឥស្សរយយសមាស ខ្ពស់បំផុត ពីប្រធានរដ្ឋសភានៃប្រជាធិបតេយ្យប្រជាមានិតឡាវ។ និងក្នុងឆ្នាំ២០១៣កន្លងមកនេះ បានទទួលគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុតនៃប្រទេសជប៉ុន ដែលហៅថា Grand cordon of the Orders of the Rising Sun ពីអធិរាជជប៉ុនផងដែរ៕