ថ្មីៗនេះ បន្ទាប់ពីមានលើកឡើងសារជាថ្មីពីគណបក្សសង្គ្រោះជាតិ ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាបានលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតសកល អាណត្តិទី ៥ ឆ្នាំ២០១៣កន្លងទៅ និងបានលើកឡើងថា កាកបាទក្រហមកម្ពុជា ធ្វើការងារប្រកាន់បក្ខពួកនោះ សម្តេចតេជោ បានមានប្រសាសន៍នៅក្នុងរដ្ឋសភាជាតិ កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៥ ថា សម្តេចហ៊ាន ស្បថ និងហៅ ឯកឧត្តម សម រង្ស៊ី មកស្បថជាមួយក្នុងរឿងនេះ។ ឆ្លើយតបនិងការលើកឡើងរបស់សម្តេច ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៃរដ្ឋសភា បាននិយាយនៅព្រលានយន្យហោះភ្នំពេញថា លោកព្រមស្បថ តែសូមឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។
ការទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនេះ ត្រូវបានឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ចេញការយល់ឃើញថា ចម្លើយរបស់ ឯកឧត្តម សម រង្ស៊ី គឺហាក់មានចេតនាបង្វែងដាន ទៅជារឿងផ្សេង។
ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍ ប្រាប់គេហទំព័រ GNN Cambodia នៅល្ងាចនេះថា «ខ្ញុំយល់ថាពាក្យស្បថមួយម៉ាត់ហ្នឹង គឺគាត់មិនបានឆ្លើយតបឲ្យចំជាមួយនឹងសំនួរទេ គឺគាត់បង្វែងរឿងផ្សេងវិញ។ ខ្ញុំយល់ថាគ្រាន់តែជារឿងបំប៉ោងពាក្យសំដី ព្រោះសម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ ក្នុងសភាចង់ឲ្យសមាជិកសភាឆ្លើយតបរឿងហ្នឹង តែគាត់បង្វែររឿងហ្នឹងឆ្លើយរឿងផ្សេង ខ្ញុំមើលទៅដូចជាបង្កប់ន័យអ្វីម៉្យាង នៅក្នុងការឆ្លើយតបរបស់គាត់។»
ឯកឧត្តម សួស យ៉ារ៉ា បន្តថា គណបក្សសង្គ្រោះជាតិ មិនគួរលើករឿងលួចសន្លឹកឆ្នោត មកនិយាយនៅពេលហ្នឹងនោះទេ ព្រោះរាជរដ្ឋាភិបាលបាននិងកំពុងដំណើការការងារ ក្នុងអាណត្តិទី៥នេះ ដោយគណបក្សទាំងពីរក៏បានឯកភាពគ្នាចូលសភា និងបង្កើតនូវវប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហានយោបាយនានារវាងបក្សទាំងពីរ។ ឯកឧត្តម សួស យ៉ារ៉ា សង្កត់ធ្ងន់ថា «មិនត្រូវលើកពេលហ្នឹងទេ យើងបានប្រើប្រាស់វប្បធម៌សន្ទនាដោយការជួបនិយាយគ្នា រវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ហើយមុននឹងឆ្លើយអ្វីជាមួយនិងសារព័ត៌មានសាធារណៈនោះគាត់គួរតែធ្វើការប្រាស្រ័យទាក់ទង និងថ្នាក់ដឹកនាំគណបក្សទាំងពីរសិន គឺចាំមើលលទ្ធផលចុងក្រោយសិន។ មុននិយាយគួរតាមដានឲ្យច្បាស់់លាស់ វប្បធម៌សន្ទនាមិនអនុញ្ញាតឲ្យយើងធ្វើកិច្ចការអ្វីមួយ ដោយល្មើសទៅនិងភាពមិនទុកចិត្តទេ»។
ឯកឧត្តមបន្ថែមថា «ការដែលលើកឡើង ហើងចោទថាលួចសន្លឹកឆ្នោត គឺជាការអុជអាលមួយ ដែលធ្វើឲ្យសង្គមយើងមិនបានសុខ។ គាត់ត្រូវតែច្បាស់លាស់ឆ្លើយនឹងសំនួរ ព្រមស្បថរឺក៏អត់ បើមិនចឹងទេ គាត់ត្រូវបន្សាបរឿងហ្នឹងទៅវិញ តាមរយៈការសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សទាំងពីរ។ ហើយគាត់ត្រូវស្រាវជ្រាវរកថាតើអ្នកណាជាអ្នកបង្កើតភ្លើងនេះឡើង៕
អត្ថបទ៖ សុភាព