Tuesday, June 16, 2015

ឯកឧត្តម​បណ្ឌិត​ស​ភាចារ្យ​ សុខ​ អាន​ ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម​ ​ហ្សង់​ ហ្វ្រង់ស្វ័រ​កូ​តាំង ​

នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្តីការគណៈ​រដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យឯកអគ្គរដ្ឋទូត​នៃសហភាពអឺរ៉ុប​ប្រចាំនៅព្រះរាជាណា​ចក្រកម្ពុជា គឺឯកឧត្តម ហ្សង់ ហ្វ្រង់​ស្វ័រកូតាំង ចូលជួប​ពិភាក្សា និងជំរាប​លា បន្ទាប់ពី​បញ្ចប់អាណត្តិ​របស់ខ្លួន នៅខែ​កញ្ញា ឆ្នាំ២០១៥ខាងមុខ។
ឯកឧត្តមឧប​នាយករដ្ឋមន្ត្រី សុខ អាន បានថ្លែងអំណរគុណ​ចំពោះឯកឧត្តម ហ្សង់ ហ្វ្រង់​ស្វ័រកូតាំង ដែលបាន​ចួលរួមចំណែក​ធ្វើឲ្យទំនាក់ទំនង​ល្អ រវាងព្រះរាជាណា​ចក្រកម្ពុជា ជាមួយសហភាពអឺរ៉ុប លើវិស័យពា​ណិជ្ជកម្ម ដោយសារតែ​សហភាពអឺរុបមាន​ប្រទេសធំៗចំនួន២៨ ដែលមានសក្កា​នុពលវិស័យ​សេដ្ឋកិច្ច។
កន្លងមកប្រទេស​កម្ពុជាបាននាំ​ចេញទំនិញទៅកាន់សហភាព​អឺរ៉ុប ក្រោមកម្មវិធី​​មួយ​ហៅថា Everything But Arm (EBM) គឺប្រព័ន្ធពាណិជ្ជកម្ម​ដែលអនុញ្ញាត​ឲ្យនាំ​ចេញទំនិញ​គ្រប់យ៉ាងលើកលែង​តែគ្រឿង​សព្វាវុធចេញ (EBM) 
ឯកឧត្តម សុខ អាន បានវាយតំលៃខ្ពស់ លើបេសកម្ម​ដ៏ឧត្តុង្គឧត្តម​របស់ឯក​ឧត្តម ហ្សង់ ហ្វ្រង់ស្វ័រកូតាំង និងបានលើក​ឡើងថា ការធ្វើទំនាក់​ទំនងរវាង​សហភាពអឺរ៉ុប និង​កម្ពុជា ផ្នែកសេដ្ឋកិច្ចគឺមានសារៈសំខាន់ណាស់ ហើយយើងនឹងបន្តទំនាក់ទំនងល្អនេះជាមួយគ្នាបន្តទៀត នឹងខិតខំ​ធ្វើឲ្យកាន់តែប្រសើរ​ឡើងថែម​ទៀត ដើម្បីផលប្រយោជន៍​ប្រជាជន​កម្ពុជា និងសហភាពអឺរ៉ុប។
ឯកឧត្តម សុខ អាន ក៏បានជំរុញឲ្យ​សហភាពអឺរ៉ុប បង្កើន​ការវិនិយោគរបស់ខ្លួន​មកកាន់​កម្ពុជាបន្ថែម​ទៀត។ ឯកឧត្តម ក៏បានចាប់​អារម្មណ៍ឃើញ​ថា មានប្រទេស​មួយចំនួន​ក្នុងសហភាពអឺរ៉ុប​មើលឃើញ​ថា ប្រទេសកម្ពុជា​ហាក់​ដូចជាប្រទេស​ទើបតែងើប​ផុតពីសង្គ្រាម ប៉ុន្តែជាការពិតបច្ចុប្បន្នប្រទេស​កម្ពុជាមាន​ការរីកចំរើន​ជាលំដាប់។ ឯកឧត្តម សុខ អាន បានបន្ត​ថា យើងចង់​ឲ្យពួកគេ​នៅអឺរ៉ុប មើលឃើញ​ប្រទេសកម្ពុជា ជាប្រទេស​ចាស់ទុំ មានស្ថិរភាព​នយោបាយល្អ មាន​សុខសន្តិភាព  ហើយជាប្រទេស​ដែលមានកំណើនវិស័យ​ទេសចរខ្ពស់​ជិត២០%ក្នុង១ឆ្នាំ និងជាប្រទេស​ដែលគួរឲ្យមាន​ទំនុកចិត្តសំរាប់​អ្នកវិនិយោគ។
ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ​កូតាំង បានមានប្រសាសន៍​ថា បើគិតជា​ការវិនិយោគ​ត្រង់​ពីបរទេស គិតជាទឹកប្រាក់គឺមាន២៤% ដែលមក​កាន់ប្រទេស​អាស៊ានទាំង១០ ហើយដែល​ក្នុងនោះ​ មានតែ២-៣% នៃតំលៃ​វិនិយោគប៉ុ​ណ្ណោះដែលមកកាន់​កម្ពុជា។
ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រកូតាំង ក៏បានលើក​ឡើងផង​ដែរថា កាលដែល​ឯកឧត្តម មក​បំពេញបេសកម្មនៅ​កម្ពុជា នៅឆ្នាំ២០១៤ ពាណិជ្ជកម្មទ្វេភាគីរវាង​កម្ពុជា និងសហភាពអឺរ៉ុប​មានតំលៃ ១៧០០លានអឺរ៉ូ ហើយមក​ដល់បច្ចុប្បន្ន​គឺបានកើនឡើងជាង​២ដង។ ឯកឧត្តមបន្ត​ថាកន្លងមក សហភាពអឺរ៉ុបក៏បាន​ជួយជ្រោម​ជ្រែងដល់ការអភិវឌ្ឍន៍​សង្គមផងដែរ ដូចជាផ្នែក​អប់រំ និងសុខាភិបាល៕

អត្ថបទ៖ ច័ន្ទ ទេវី