អំណោយច្រើនមុខដូចជាឃីត(កញ្ចប់សម្ភារៈ)សម្រាប់ស្ត្រីឆ្លងទន្លេ កង់ សម្រាប់សិស្សពូកែ និងសិស្សក្រីក្រ ប្រឡាយទឹកជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល និងសម្ភារៈមួយចំនួនទៀតត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីប្រកាសផ្តល់ជូនប្រជាពលរដ្ឋខេត្តតាកែវនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តពោធិ៍ និងសម្ពោធអគារសាលាបឋមសិក្សា និងអនុវិទ្យាល័យ សុខ អាន វត្តពោធិ៍» ស្ថិតក្នុងភូមិបាម ឃុំគោកព្រេច ស្រុកគិរីវង់ខេត្តតាកែវឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ប្រធាន ក្រុមការងារថ្នាក់ជាតិជួយខេត្តតាកែវ ដោយមានវត្តមានចូលរួមពី សមាជិករដ្ឋសភាព្រឹទ្ធសភា និងមន្រ្តីរាជរដ្ឋាភិបាលផងនោះឯកឧត្តមបានមានប្រសាសន៍ឲ្យដឹងថា៖ កាកបាទក្រហមខេត្តតាកែវដែលទទួលបានការគាំទ្រពីសប្បុរសជនតាមរយៈនៃការអំពាវនាវរបស់ឯកឧត្តមបានរៀបចំជាឃីតសម្ភារៈដែលមួយកញ្ចាប់ៗ មានសម្ភារៈសម្រាប់ទារក និងមាតានឹងត្រូវចែកជូនដោយមិនរើសមុខចំពោះស្ត្រីជាមាតាទូទាំងខេត្តតាកែវដែលទើបឆ្លងទន្លេភ្លាមៗ ចាប់ពីខែមិថុនា ឆ្នាំ២០១៥តទៅ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ដោយសារតម្រូវការនៃការប្រើប្រាស់ទឹកសម្រាប់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋពិសេសការធ្វើស្រែប្រាំងក្នុងស្រុកគីរីវង់កើនឡើងរហូតធ្វើឲ្យបឹងទន្លាប់ត្រូវរីងស្ងួត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានប្រកាសឲ្យដឹងពីការជួយជីកប្រឡាយមួយខ្សែប្រវែងជាង៣គីឡូម៉ែត្រដើម្បីនាំយកទឹកពីបឹងទំនប់ទួលលោកមកជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋឃុំកំណប់ប្រើប្រាស់ផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា បណ្តាសេវាមីក្រូហិរញ្ញវត្ថុដែលប្រជាពលរដ្ឋខ្ចីលុយគឺជារបស់ឯកជនមិនមែនជាសេវាផ្តល់ដោយរដ្ឋទេ រដ្ឋមានតែធនាគារជាតិតែមួយគត់។ ដូច្នោះបើប្រជាពលរដ្ឋជំពាក់លុយ គឺជំពាក់ឯកជនមិនមែនរដ្ឋទេ។ ការថ្លែងបែបនេះក្នុងគោលបំណងជួយដោះស្រាយទុនជូនប្រជាពលរដ្ឋឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន បានប្រកាសថា មូលនិធិសហគមន៍កសិកម្ម ខេត្តតាកែវដែលឯកឧត្តមបានបង្កើតថ្មីៗកន្លងមកនេះនឹងផ្តល់ជូនប្រជាពលរដ្ឋជាកសិករខេត្តតាកែវដែលជាសមាជិកសហគមន៍កសិកម្មខ្ចីដោយមិនមានការដាក់បញ្ចាំរបស់ និងយកកម្រៃការប្រាក់ទាបបំផុតបើប្រៀបជាមួយសេវារបស់មីក្រូហិរញ្ញវត្ថុឯកជន។ ដោយឡែកក្នុង«ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តពោធិ៍ និងសម្ពោធអគារសាលាបឋមសិក្សា និងអនុវិទ្យាល័យសុខអានវត្តពោធិ៍» ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន វាយតម្លៃខ្ពស់ចំពោះវត្តមានចូលរួមច្រើនកុះករដោយប្រជាពលរដ្ឋគឺជាការបង្ហាញពីការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនបានកសាង ជាពិសេសគឺចំពេលដែលជនរួមជាតិយើងទាំងអស់ កំពុងចូលរួមកាន់មរណៈទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណៈភាពរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលជាវីរៈជន និងមេដឹកនាំដ៏ឆ្នើមមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបូរជាកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ចូលរួមដឹកនាំកម្លាំងតស៊ូរំដោះប្រទេស និងប្រជាជនយើង ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍជាតិមាតុភូមិឱ្យមានការរីកចម្រើនលើគ្រប់វិស័យផងដែរ។ ជាមួយនិងការនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវជាពិសេសនៅស្រុកគិរីវង់ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន មានប្រសាសន៍ថា៖ ការចូលរួមនេះមិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿ និងការគោរពប្រណិប័តដ៏ជ្រាលជ្រៅរបស់យើងទាំងអស់គ្នាចំពោះព្រះពុទ្ធសាសនាដែលត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីភាព និងការគាំទ្ររបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលក្នុងការស្វែងរកគ្រប់មធ្យោបាយដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុងឧត្តមជូនប្រជាជនយើង សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថាវត្តពោធិ៍ស្ថិតក្នុងភូមិបាមឃុំគោកព្រេចមានអាយុ២៨០ឆ្នាំ ហើយ ដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ១៧៣៥ មកម៉្លេះ គឺជាបេតិកភណ្ឌវប្បធម៌ជាតិដ៏មានតម្លៃរបស់ជាតិ និងប្រជាពលរដ្ឋ។ ដោយឡែកក្រៅពីធ្វើពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី អគារសិក្សាថ្មីចំនួន ២ខ្នង ដែល ១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សា សុខ អាន វត្តពោធិ៍ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងដែរនោះ គឺជាអំណោយរបស់សមាគមអាស៊ីខ្មែរ តាមរយៈសប្បុរជន ជនជាតិជប៉ុន លោក កេស៊ី យូកាវ៉ា ហើយ ១ខ្នងទៀត មាន៦បន្ទប់ នៅអនុវិទ្យាល័យសុខ អានវត្តពោធិ៍ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវតាមរយៈឯកឧត្តមទួន ស៊ីផាន់ ប្រធានក្រុមការងារចុះជួយឃុំគោកព្រេច។ សូមបញ្ជាក់ដែរថា កន្លងមក ភូមិបាម មានត្រឹមតែបឋមសិក្សាប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះមានដល់កម្រិតអនុវិទ្យាល័យ។