យោងតាមកំណត់ទូត របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៥ ផ្ញើជូនស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនៃគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា និងអាជ្ញាធរកម្ពុជានៅខេត្តរតនគិរី បានរកឃើញស្រះទឹកចំនួន ៣ បន្ថែមទៀត ដែលកំបាំងក្នុងព្រៃ ដែលជីកដោយវៀតណាម នៅចន្លោះបង្គោលព្រំដែន លេខ ៣០ និងលេខ ៤០ ស្ថិតនៅក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដែលទីតាំងនោះខ្សែព្រំដែនមិនទាន់បានធ្វើការខណ្ឌសីមានៅឡើយ។
កំណត់ទូតខាងលើ បានបញ្ជាក់បន្ថែមទៀតថា យោងតាមផែនទី បោនខ្នាត ១/១០០.០០០ ស្រះទឹកទាំង៣បានជីកនៅក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅ ដោយក្នុងនោះ ស្រះទឹកទី ១ (ទំហំ ១២ម. X ១៨ម.) និយាមការ E៧៧៥៥៨៧, N ១៥១៦៣៩៤ មានចំងាយប្រមាណ ៣១៥ ម. ពីខ្សែព្រំដែន, ស្រះទឹកទី២ (ទំហំ ១៤,៥ម. X១៧ម.) និយាមការ E៧៧៥៦៤៨, N ១៥១៥៨៥៧ មានចំងាយប្រមាណ ៤២៥ម. ពីខ្សែព្រំដែន និង ស្រះទឹកទី ៣ (ទំហំ ១០ម. X ២៤,៥ម.) និយាមការ E៧៧៥៧៤៤, N ១៥១៥៦៦១ ចំងាយប្រមាណ ៣៩០ម. ពីខ្សែព្រំដែន។
ដោយហេតុថា តំបន់នេះពុំទាន់បានខណ្ឌសីមានៅឡើយ រាជរដ្ឋាភិបាលកម្ពុជាស្នើរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គោរពតាមខ្សែព្រំដែននៃផែនទីបោនខ្នាត ១/១០០.០០០ ដែលជាមូលដ្ឋាន នៃសន្ធិសញ្ញាថ្ងៃទី ២៧ ខែធ្នូ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលបានចុះហត្ថលេខា នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០០៥ ដើម្បីខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងវៀតណាម។
រាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើផងដែរ ឲ្យរដ្ឋាភិបាលនៃសារណរដ្ឋសង្គមនិយមវៀតណាមគោរពចំនុចទី ៨ នៃសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៩៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕
អត្ថបទ៖ សុភាព