Tuesday, June 30, 2015

រដ្ឋសភា​នឹង​បើក​ឲ្យ​មានការ​ពិភាក្សា​ លើសេច​​ក្តីព្រាង​​ច្បាប់​អង្គការ​នៅ​ថ្ងៃទី១០ ​ខែ​កក្កដា​ ខាងមុខ​នេះ​

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥​នៃរដ្ឋ​សភា បានឲ្យ​ដឹងថា រដ្ឋសភានឹង​បើកឲ្យមានការ​ពិភាក្សាលើ​សេចក្តីព្រាង​ច្បាប់​ស្តីពីសមាគម និងអង្គការក្រៅ​រដ្ឋាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ខាងមុខ​នេះ។
ការថ្លែង​បែបនេះ​របស់ ឯកឧត្តម ឈាង វុន ធ្វើឡើង​នៅក្នុង​ជំនួបមួយ​ជាមួយ ឯកឧត្តម Joachim Baron von Marschell ឯកអគ្គរដ្ឋទូតអាឡឺម៉ង់​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥។ ឯកឧត្តម ឈាង វុន មាន​ប្រសាសន៍ថា ច្បាប់​នេះមានគោល​បំណង​ពង្រឹង​តួនាទីរបស់សមាគម និងអង្គការក្រៅ​រដ្ឋាភិបាលឲ្យ​ទៅជាដៃ​គូអភិវឌ្ឍន៍​ល្អ របស់រាជរ​ដ្ឋាភិបាល។ ឯកឧត្តម​បន្តថា សេចក្តីព្រាង​ច្បាប់នេះ គណៈកម្មការ​ទី៥នៃរដ្ឋសភា​ដែលមាន​លោកជា​ប្រធាន បានសហការជា​មួយគណៈកម្មការ​ជំនាញទី៤ និងទី៦ ពិនិត្យ និងពិភាក្សា​គ្នាយ៉ាង​ល្អិតល្អន់។
ឯកឧត្តម ឈាង វុន បានបញ្ជាក់ថា​រដ្ឋសភា​នឹងធ្វើសិក្ខា​សាលាពិគ្រោះ​យោបល់​មួយ ពីសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ដោយមាន​ការចូលរួម​ពីអង្គទូតនានា​ប្រចាំនៅកម្ពុជា អង្គការ​ជាតិ អន្តរជាតិ តំណាង​ក្រសួងពាក់​ព័ន្ធ រដ្ឋសភា និងព្រឹទ្ធ​សភា។
 គួរបញ្ជាក់ថា សេចក្តីព្រាង​ច្បាប់ចុង​ក្រោយ ដែលរដ្ឋាភិបាល​បានដាក់​ទៅរដ្ឋសភា មាន៩​ជំពូក និងមាន៣៩មាត្រា៕

អត្ថបទ៖ សុភាព