Tuesday, June 30, 2015

ប្រជាពលរដ្ឋតំបន់អារ៉ែងអះអាងថា ឯកឧត្តម ម៉ឹង ពន្លក មិនដូចពួកសន្យាខ្យល់មុនៗ

នៅ​ថ្ងៃទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០១៥​នេះ​ ឯកឧត្តម ម៉ឹង ពន្លក ប្រធាន​ក្រុម​ចលនា​យុវជន​ក្រុម​១៩៧ ​បាន​ដឹក​នាំ​គណៈប្រតិភូ​នៃ​ចលនា​យុវជន​ក្រុម​១៩៧​ ដែលមានការចូលពីក្រុម​ចលនា​យុវជនក្រុម​១៥៧​ខេត្ត​កោះ​កុង​ និង​ខេត្ត​ព្រះ​សីហនុ ចុះ​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​ជាមួយប្រជាពលរដ្ឋ​ជាង​១០០០នាក់ ព្រម​ទាំង​ផ្តល់​នូវ​អំណោយ​យ៉ាង​ច្រើន​ដល់​​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ផង​ដែរ​។​​
ឯកឧត្តម​ ម៉ឹង ពន្លក បាន​មាន​ប្រសាសន៍​ថា ​កន្លង​មកមិន​ខ្វះ​ទេ​អ្នក​ដែល​មក​ដល់តំបន់​នេះ​ ហើយ​បាន​សន្យា​ធ្វើ​នេះ​ធ្វើ​នោះ​ជូន​ប្រជាពលរដ្ឋ​ ប៉ុន្តែ​ការ​ពិត​គេ​មិន​បាន​ធ្វើ​អ្វី​ដូច​ដែល​ពួក​គេ​បាន​សន្យា​នោះ​ទេ​ ឬ​អាច​និយាយ​ថា​ គេ​សន្យា​ខ្យល់​។ ជាក់​ស្តែង​ក្នុង​ពេល​ថ្មីៗ​នេះ​កញ្ញា​ ធី​ សុវណ្ណថា​ សកម្មជន​ក្រុម​ប្រឆាំង បាន​ចុះ​ទៅ​តំបន់​នេះ​ហើយ​បាន​សន្យា​ជាច្រើន​ ចុង​បញ្ចប់​សង់​បាន​តែ​បង្គន់រខេក​រខាក​​មួយ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ខក​ចិត្ត​យ៉ាង​ខ្លាំង​។
ឯកឧត្តម​ ម៉ឹង ពន្លក បាន​បញ្ជាក់​ថា​ ចំពោះ​ក្រុម​ចលនា​យុវជន​ក្រុម​១៥៧ ​គឺ​មិន​សន្យា​នោះ​ទេ​​​ ប៉ុន្តែ​បើ​យើង​ថា​​ធ្វើ​គឺ​ត្រូវតែ​​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាម​លទ្ធភាព​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​នោះ​។ ​​នៅ​ពេល​នោះ​​ផង​​ដែរ​​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​ថា នឹង​ធ្វើ​ឲ្យ​រូច​រាល់​នូវ​សាលារៀន​ចំនួន​៤ខ្នង​ ធ្វើ​អំពី​ថ្ម​ដើម្បី​ជូន​កូន​ចៅ​ប្រជាពលរដ្ឋ​បាន​សិក្សា​រៀន​សូត្រ​ និង​​មិនឲ្យ​មាន​ការ​លំបាក​បន្ត​ទៀត​​នោះ​​ទេ ព្រោះ​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​​របស់​សម្តេច​ ហ៊ុន សែន បាន​និង​កំពុង​សាង​សង់​សាលា​រៀន​ឲ្យ​បាន​សមរម្យ​នៅ​គ្រប់​ច្រក​ល្ហក​ នៅ​ទូទាំង​ប្រទេស​មិន​ឲ្យ​ខ្វះ​នោះ​ឡើយ។
ដោយ​មើល​ឃើញ​ភាព​ខ្វះ​ខាត គួបផ្សំជាមួយនឹង​​សំណូម​ពរ​យ៉ាង​ខ្លាំង​ពីសំណាក់​លោក​គ្រូ​អ្នកគ្រូ​ ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ ក្រុម​ការ​ងារ​ចលនា​យុវជន​ក្រុម​១៥៧ បាន​ផ្តល់​អំណោយ ​ផ្ទាំង​សូឡា​ចំនួន២គ្រឿង កុំ​ព្យូទ័រ​លេបថប​ចំនួន​២​គ្រឿង​ និង​ម៉ាស៊ីន​ព្រីន​ខ្នាត​តូច​ចំនួន​២គ្រឿង ជូនដល់​អនុវិទ្យាល័យ​ និង​សាលា​បឋមសិក្សា​ថ្មដូន​ពៅ​។ បាន​ផ្តល់​​អំណោយ ​ម៉ាស៊ីន​បូម​ទឹក​​ចំនួន​​១​​គ្រឿង​ ខ្សែ​ភ្លើង​​២​​ដុំ អំ​ពូ​ល​​ភ្លើង​​២០​​អំ​ពូ​ល និង​​បង្គន់​​ចំនួន​​១​​ខ្នង ប្រាំ​​បន្ទប់​​ដល់​​វត្ត​​សុវណ្ណ​​ឧទ្យាន​។ បាន​ផ្តល់​​អំណោយ ​គោ​​យន្ត​​ចំនួន​​២​​គ្រឿង​ សម្រាប់​​ប្រជាពលរដ្ឋ​​ប្រើប្រាស់​​ក្នុង​​មុខ​របរ​​កសិកម្ម​ និង​​កង់​​ចំនួន​​៤​​គ្រឿង​​ដល់​​ក្រុម​ប្រជា​​ការពារ។ ចំណែក​​សាលា​ឃុំ​​ចំនួន​​៣ ​រួម​​មាន​​ឃុំ​ដូន​ពៅឃុំ​​ជំនាប់ និង​​ឃុំ​ប្រឡាយ​ក៏​ទទួល​បាន​អំណោយ​​ជា​​ផ្ទាំង​​សូ​ឡា​​ចំនួន​​១​ក្នុង​មួយ​ឃុំ​ផង​ដែរ ។​
ជាង​នេះ​ទៅ​ទៀត​ ក្រុម​​យុវជន​ក្រុម​១៥៧ បាន​ពាំ​នាំ​នូវ​អំណោយ​របស់​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន ម៉ាណែត​ និង​លោក​ជំទាវ​​  មក​​ចែក​​ជូន​ប្រជាពលរដ្ឋចំនួន​៤៦៣​គ្រួសារ​​ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​សារុង​មួយ​ ក្រមាមួយ​ ក្រណាត់​មួយ​ដុំ ថ្នាំពេទ្យ​មួយ​ប្រអប់​ រួមទាំង​ថវិការ​ ២​ម៉ឺនរៀល។
មិន​​ត្រឹម​​តែ​​ប៉ុណ្ណោះ​​​​ ក្រុម​​គ្រូ​​ពេទ្យ​​ស្ម័គចិត្ត​ក្រុម​១៥៧ បាន​ពិនិត្យ​ ព្យាបាល ​ និង​បាន​ចែក​​ថ្នាំ​​ដោយ​ឥត​គិត​ថ្លៃ​​ជូន​ដល់​​ប្រជាពលរដ្ឋ។
ក្រុម​ចលនា​យុវជន​ក្រុម​១៥៧​ បាន​អះ​អាង​ចំពោះ​មុខ​ប្រជាពលរដ្ឋ​​ដែល​នៅ​ទៅ​នោះ​ថា ​នឹង​មក​តំបន់​នេះ​ជា​បន្ត​បន្ទាប់​ទៀត​ ដើម្បី​ជួយ​ដោះ​ស្រាយ​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ទី​នោះ​។
​ឯកឧត្តម ម៉ឹង ពន្លក ​បាន​បន្ថែមទៀតថា លោក​នឹង​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​តំបន់​អារ៉ែង​រស់​នៅ​ឯកោ និង​ទទួល​ឥទ្ធិពល​បន្ត​ទៀត​ពី​អ្នក​សន្យា​ហើយ​មិន​ធ្វើ​ ឬ​សន្យា​ខ្យល់ទៀត​ឡើយ​៕