ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវជំហររបស់គណបក្សកាន់អំណាច ក្នុងការគាំទ្រការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយប្រកាសប្រឆាំងការជ្រៀតជ្រែក របស់បរទេសទៅក្នុងដំណើរការអនុម័តសេចក្តីព្រាងច្បាប់មួយនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បាន ថ្លែងយ៉ាងនេះនៅក្នុងពិធីកំណើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុង ខ័ណ្ឌចំគារមនរាជធានីភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជាប្រឆាំងដាច់ខាតចំពោះរាល់ ទង្វើជ្រៀតជ្រែកពីមជ្ឈដ្ឋានបរទេសចូលក្នុងដំណើរការនេះដែលជាការរំលោភបំពានលើឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា ហើយអំពាវនាវឲ្យមានការគោរពចំពោះព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋអធិបតេយ្យ និងជាសមាជិកមួយនៃអង្គការសហប្រជាជាតិ»។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអានសុន្ទរកថាក្នុងខ្លឹមសារបែបនេះនៅមុខមន្ត្រីរាជរដ្ឋាភិបាលនិងមន្ត្រីអង្គទូតនៃបណ្តាប្រទេសនានា ហើយនឹងអ្នកចូលរួមប្រមាណ១ម៉ឺននាក់ផ្សេងទៀត នៅក្នុងពិធីរំឭកខួបនេះនៅទីស្នាក់ការកណ្តាល ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាគាំទ្រការបង្កើតច្បាប់គ្រប់គ្រងអង្គការនេះ ក្នុងគោលបំណងទ្រទ្រង់សិទ្ធិ សេរីភាព និងផលប្រយោជន៍របស់សមាគម និងអង្គការក្រៅរដ្ឋាភិបាល និងផលប្រយោជន៍សាធារណៈ៕