យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥ បានឲ្យដឹងថា នៅព្រឹកមិញនេះ រដ្ឋសភា បានបន្តសម័យប្រជុំលើកទី៤ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមានអ្នកតំណាងរាស្ត្រចូលរួមប្រជុំចំនួន ១០៦រូប ដែលក្នុងអង្គសភាបានសំរេចអនុម័តរបៀបវារៈទី១ ហើយសំរាប់រៀបវារៈទី២ និងបន្តប្រជុំនៅថ្ងៃស្អែកទៀត។
របៀបវារៈចំនួន២ដែលរដ្ឋសភាជាតិបានពិភាក្សាឆ្លង និងអនុម័តនៅក្នុងអង្គប្រជុំនៅថ្ងៃនេះរួមមាន ទី១ បោះឆ្នោតជ្រើសតាំងលោក ឯកឧត្តម ជា អឿង ចូលជាសមាជិកគណៈកម្មការផែនការវិនិយោគអភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។ ២ ពិភាក្សា និងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ស្តីពី "ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣"។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាដែលចេញផ្សាយនៅរសៀលនេះ បានបញ្ជាក់ទៀតថា ជាលទ្ធផល ទី១ អង្គសភាបានធ្វើការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ជា អឿង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដោយសម្លេងចំនួន១០៣ លើ១០៦។ ទី២ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ដែលសេចក្តីព្រាងច្បាប់ថវិកានេះ មាន៣ជំពូក និង១១មាត្រា ដោយក្នុងអង្គប្រជុំនោះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាអំពីលទ្ធផលនៃការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ ហើយឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ។ នៅក្នុងនោះដែរ អង្គសភាបានអនុម័តយល់ព្រមទទួលយកសេចក្តីព្រាងច្បាប់មកពិចារណាចំនួន ៦៧សំឡេង។ សមាជិករដ្ឋសភា ដែលមានមតិ មាន២រូប គឺឯកឧត្តម សុន ឆ័យ មកពីគណបក្សសង្គ្រោះជាតិ និងឯកឧត្តម ហែម ខន មកពីគណបក្សប្រជាជនកម្ពុជា។ អង្គសភាអនុម័តយល់ព្រមជំពូកទី១ ចំនួន៦៧ឡេង។ សមាជិករដ្ឋសភាដែលមានមតិចំនួន ៣រូប រួមមានឯកឧត្តម យ៉ែម បុញ្ញឬទ្ធិ ឯកឧត្តម ងឹម ញេង មកពីគណបក្សសង្គ្រោះជាតិ និងលោកជំទាវ ឡោក ខេង មកពីគណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ បានផ្អាកនៅវេលាម៉ោង ១១:៤២ ថ្ងៃនេះ ហើយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ នឹងបន្តទៀត នៅថ្ងៃអង្គារិ៍ ទី ៣០ ខែមិថុនា ឆ្នាំ២០១៥វេលាម៉ោង ៨:០០នាទីព្រឹកស្អែកនេះ៕
អត្ថបទ៖ សុភាព