Monday, June 22, 2015

ទីស្តីការគណៈ​​រដ្ឋមន្ត្រី​ បំភ្លឺចំពោះ​​ការចោទ​ប្រកាន់​របស់​ អ្នកតំណាងរាស្រ្ត​​គណបក្ស​​ប្រឆាំង​

នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៥នេះ ទីស្តីការគណៈ​រដ្ឋមន្ត្រី បានធ្វើសន្និសីទ​សារព័ត៌មានមួយ ដើម្បីបំភ្លឺ​ចំពោះការចោទ​ប្រកាន់របស់ អ្នកតំណាងរា​ស្ត្រ គណបក្ស​ប្រឆាំង ទៅលើ​សេចក្តីជូនដំណឹងលេខ ៦១៣ សជណ.កបច ចុះថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៥ របស់ទី​ស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតី​ភាពរបស់ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខា​ធិការនៃទីស្តី​ការគណៈរដ្ឋម​ន្ត្រី ឯកឧត្តម អ៊ឹម ស៊ីថុល អគ្គលេខា​ធិការក្រុមប្រឹក្សាអ្នកច្បាប់​នៃទីស្តី​ការគណៈរដ្ឋមន្ត្រី និងឯក​ឧត្តម ផៃ សុខេង សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃទីស្តីការគណៈ​រដ្ឋមន្ត្រី។
យោងតាមសេច​ក្តីបំភ្លឺរបស់​ទីស្តីការគណៈ​រដ្ឋមន្ត្រី ដែលបាន​ចែកជូនអ្នក​សារព័ត៌​មាន នៅក្នុងសន្និសីទ​នៅថ្ងៃនេះ បានបញ្ជាក់​ថា អ្នកតំណាង​រាស្ត្រ គណបក្សប្រឆាំង គឺឯក​ឧត្តម សុន ឆ័យ និងឯកឧត្តម ហូរ វ៉ាន់ ដែលខ្លួនបាន​ធ្វើប្រតិកម្ម តាមរយៈការចុះ​ផ្សាយរបស់​សារព័ត៌​មានភ្នំពេញ​បុស្តិ៍នោះ គឺនិយាយ​ខុសពីការ​ពិត និងមិនបាន​យល់​ពីខ្លឹមសារនៃ​សេចក្តីជូន​ដំណឹងរបស់ទីស្តី​ការគណៈរដ្ឋមន្ត្រី​សោះឡើយ។
ឯកឧត្តម តឹករ៉េត សំរេច បាន​បំភ្លឺថា យោងតាមការ​ចុះផ្សាយរបស់​កាសែតភ្នំ​ពេញប៉ុ​ស្តិ៍ បានស្រង់​សម្ដីរបស់​អ្នកតំណាង​រាស្រ្ត សុន ឆ័យ ថា ៖  «វាខុសទាំង​ស្រុង បែប​នេះគឺប៉ះ​ពាល់​ដល់​តួនាទី​របស់​សភា និង​រំលោភបំពាន​លើមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ​កម្ពុជា។ ការលើក​ឡើង​បែបនេះ វាបង្ហាញថា ឯកឧត្តមតំណាងរាស្រ្តរូបនេះ ពិតជាពុំបានអានឱ្យយល់ ឬធ្វើមិនយល់ អំពីខ្លឹមសារនៃ​សេចក្តី​ជូនដំណឹង​របស់ទី​ស្តីការគណៈ​រដ្ឋមន្រ្តីទេ ពីព្រោះ​ថា សេចក្តីជូន​ដំណឹង​នេះ ពុំបាន​ធ្វើឱ្យ​ប៉ះពាល់ សូម្បីតិច​តួចក្តី ចំពោះ​តួនាទីរបស់​សភានោះ​ទេ។
សេច​ក្តីជូនដំណឹង​នេះ មានចរិត​ត្រឹមតែ​ជាសេចក្តីណែ​នាំ ចំពោះមន្រ្តីរាជ​ការ ដើម្បី​ឱ្យពួក​គេអាចមាន​ព័ត៌មាន​គ្រប់គ្រាន់ សុក្រឹត និងត្រឹម​ត្រូវតាម​ច្បាប់ ហើយ​ត្រូវស្នើ​សុំកា​រអនុញ្ញាតជាមុន​ពីប្រធាន​ស្ថាប័ន​របស់ខ្លួន​ដែល​ជាសមាជិក​រាជរដ្ឋាភិ​បាល មុននឹងធ្វើការឆ្លើយតប។ គោលបំណង​នៃសេចក្តី​ជូនដំណឹង គឺពង្រឹង​ការទទួលខុស​ត្រូវរបស់​សមាជិករាជរ​ដ្ឋាភិបាល ស្របតាម​មាត្រា​១២១​ថ្មី នៃរដ្ឋធម្មនុញ្ញ ដែល​ចែងថា «សមាជិក​ទាំងឡាយ​នៃរាជរដ្ឋាភិបាល​ទទួលខុសត្រូវ​រួមគ្នា ចំពោះ​រដ្ឋសភា អំពីន​យោបាយ​ទូទៅរបស់​រាជរដ្ឋាភិ​បាល។ សមាជិក​មួយ​រូបៗនៃរាជរ​ដ្ឋាភិបាល​ទទួល​ខុស​ត្រូវរៀង​ខ្លួន​ចំពោះនាយក​រដ្ឋមន្រ្តី និង​ចំពោះរដ្ឋសភា​ អំពីការដែល​ខ្លួនបាន​ប្រព្រឹត្ត»
ឯកឧត្តម តឹករ៉េត សំរេច បាន​បន្ថែមថា លើស​ពីនេះទៀត ឯកឧត្តម សុន ឆ័យ បាន​លើក​ឡើងថា សេចក្តី​ជូន​ដំណឹង​នេះ រំលោភលើ​មាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ។ ការចោ​ទប្រកាន់នេះ​ឯកឧត្តម បានបំភ្លឺថា ការលើក​ឡើងនេះ គឺប្រាស់​ចាកពីការពិត​ទាំងស្រុង​ទៅនឹងខ្លឹម​សារនៃមាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ ចែងថា៖ «តំណាង​រាស្រ្តមាន​សិទ្ធិដាក់​សំណួរដល់​រាជរដ្ឋា​ភិបាល។ សំណួរ​នេះ ត្រូវ​សរសេរ​ជាលាយលក្ខណ៍​អក្សរ។ ចម្លើយ​អាចឆ្លើយ​ដោយរដ្ឋមន្រ្តី​មួយរូប​ ឬច្រើន​រូប»។ នេះមាន​ន័យ​ថា មាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ​មិនបើក​ផ្លូវឱ្យមន្ត្រី ដែលមិន​មែនជាសមាជិករាជរ​ដ្ឋាភិបាល ឆ្លើយបំភ្លឺ​ទៅគណៈកម្មការ​នានារបស់​ស្ថាប័ន​នីតិប្បញ្ញត្តិ ឬក្រុម​អ្នក​តំណាង​រាស្ត្រទេ ហើយមាន​តែរដ្ឋម​ន្ត្រី និងនាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ដែលទទួល​បានសិទ្ធិឆ្លើយ​តបនឹងសំ​ណួររបស់​អ្នកតំណាង​រាស្ត្រ។ មាត្រា៩៦ ចែង​តែអំពីសិទ្ធិ​របស់តំណាង​រាស្ត្រ ក្នុង​ការដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល រីឯសេចក្តី​ជូនដំណឹង​របស់ទីស្តី​ការគណៈរដ្ឋមន្រ្តី ពុំ​មាន​ខ្លឹមសារណាមួយ​ពាក់ព័ន្ធ​ទៅនឹងសិទ្ធិដាក់សំណួរនេះទេ។ នេះបង្ហាញថា ឯកឧត្តម សុន ឆ័យ ជាតំណាងរាស្រ្ត តែមិនយល់អំពីខ្លឹមសារនៃមាត្រា៩៦ របស់រ​ដ្ឋធម្មនុញ្ញ​នៃព្រះ​រាជាណាច​ក្រកម្ពុជាទេ។
ចំណែក​ឯអ្នកតំណាង​រាស្រ្ត ហូរ វ៉ាន់ ត្រូវបាន​កាសែតភ្នំ​ពេញប៉ុស្តិ៍ លើក​ឡើងថា ៖ «ការចេញបញ្ជានេះ គឺជាចេត​នារឹតត្បិតសិទ្ធិរបស់តំណាង​រាស្ត្រ ក្នុងការស្នើនូវព័ត៌​មាននានា​ដែល​សំខាន់ និង​ពាក់ព័ន្ធ​អំពើពុករ​លួយ និងការលាក់​បាំងព័ត៌មាន​ពីតំណាងរាស្ត្រ គឺបំពាន​លើរដ្ឋធម្មនុញ្ញនៃ​កម្ពុជា។ ការលើកឡើង​បែប​នេះ គឺប្រាសចាក​ទាំងស្រុង ទៅលើខ្លឹម​សារនៃ​សេច​ក្តីជូនដំណឹងរបស់​ទីស្តីការគណៈ​រដ្ឋមន្រ្តី ហើយ​ឯកឧត្តម ហូរ វ៉ាន់ ប្រាក​ដជាមិន​បាន​អាន​ច្បាប់ប្រឆាំង​អំពើពុករ​លួយ ជាពិសេស​ត្រង់មាត្រា​២២ បានចែង​ថា៖ «ប្រធាន អនុប្រធាន និងមន្ត្រីនៃ​អង្គភាព​ប្រឆាំងអំ​ពើពុករ​លួយ ដែល​ទទួល​បាននីតិសម្បទា​ជាមន្ត្រី​នគរបាល​យុត្តិធម៌ មានសមត្ថ​កិច្ចស៊ើប​អង្កេតលើ​បទល្មើស​ពុករលួយ ដែល​មានចែងក្នុង​ច្បាប់​នេះ និងបទ​ល្មើស​ពុករលួយ​ក្នុងក្រម​ព្រហ្មទណ្ឌ។ អង្គភាព​ផ្សេង​ទៀតដែល​បានដឹង​អំពីបទ​ល្មើសពុករ​លួយទាំង​ឡាយ ដែល​មានចែង​ក្នុងច្បាប់​នេះ និង​ក្នុងក្រម​ព្រហ្មទណ្ឌ ត្រូវប្តឹង​ទៅអង្គ​ភាព ឬការិយា​ល័យរាជ​ធានី ខេត្ត ប្រឆាំង​អំពើពុក​រលួយ អំពី​រឿង​ហេតុ​នៃបទ​ល្មើស​ទាំង​នេះ»
ឯកឧត្តម តឹករ៉េត សំរេច បាន​មានប្រសាសន៍​ថា ឯកឧត្តម ហូរ វ៉ាន់ ក៏​ដូចជា ឯកឧត្តម សុន ឆ័យ ក្នុងនាមអ្នក​តំណាងរាស្រ្ត ដែលជា​អ្នកមាន​សមត្ថ​កិច្ចធ្វើការងារ​អំពីច្បាប់ មិនគួរនិ​យាយ​អ្វីដែល​បំពាន​ទៅលើខ្លឹមសារ​នៃច្បាប់​ទេ។ ឯក​ឧត្តមទាំ​ងពីរ គួរមានការប្រុង​ប្រយ័ត្នជាង​នេះ ក្នុងការនិយាយស្តីអំពី​ច្បាប់។ ឯក​ឧត្តម តឹក រ៉េត​សំរេច បាន​បន្តថា «ក្រៅពីនេះ​យើង​សង្កេត​ឃើញថា កាលណា​មានការបក​ស្រាយណា​មួយប្រាស​ចាកពីការ​ពិត ហើយ​វាជារឿង​ដែល​អវិជ្ជមានដែល​ធ្វើឲ្យប៉ះ​ពាល់ដល់​សង្គម​ជាតិ កាសែត​មួយចំនួន ដូច​ជាកាសែត​ភ្នំពេញប៉ុស្តិ៍​នៅពេលនេះ បានយក​ទៅបក​ស្រាយ ដែលធ្វើ​ឲ្យគេមើល​ឃើញ​ថាកម្ពុជាមាន​ស្ថាន​ភាពមិន​ល្អ និងខ្មៅងងឹត»
 ឆ្លើយ​តប​និងសំនួរ​របស់​អ្នកសារព័ត៌​មាន ដែល​សួរថា តើទីស្តី​ការគណៈ​រដ្ឋមន្ត្រី នឹង​មាន​ចំណាត់​ការ​បែបណា​ចំពោះ អ្នក​តំណាងរាស្ត្របក្ស​ប្រឆាំង​ទាំងពីរ​ខាងលើ ចំពោះ​ការចោទប្រកាសន់​ខុសពីការពិត​ដូចករណីខាង​លើ ឯកឧត្តម តឹករ៉េត សំរេច បានលើក​ឡើង​ថា នេះមិន​មែន​ជាលើក​ទី១ទេ ដែល​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ធ្លាប់បាន​បកស្រាយ​ខុសពីការពិត  ហើយ​ក៏មិន​មែន​ជាលើក​ទី១ដែរ ដែល​សម្តេច​ប្រធានរដ្ឋសភា ធ្លាប់ធ្វើ​ការណែ​នាំ។ «ខ្ញុំយល់​ថាកំរិត​នៃការ​ឆ្លើយ​តបរបស់​ទីស្តីការគណៈរដ្ឋមន្ត្រី នៅពេលនេះ អាចធ្វើ​ឲ្យសាធារណៈជន​យល់បាន​ទូលំទូលាយ ហើយ​សម្តេចប្រធាន​រដ្ឋសភា លោក​មានសិទ្ធិក្នុងការសំរេច​ថា ធ្វើ​ការណែ​នាំ ធ្វើការ​ប្រមាន​ដល់​សមាជិក​សភា រូបណា​គឺជាសិទ្ធ​របស់លោក។ ទីស្តីការ​គណៈរដ្ឋមន្ត្រីមិនទាន់បានគិតគូរថាតើនឹងធ្វើការតវ៉ា រឺក៏ស្នើឲ្យសម្តេចប្រធានសភាធ្វើការប្រមានតំណាងរាស្ត្រ​រូបណា​នោះទេ។
 ឯកឧត្តម តឹករ៉េត សំរេច បានលើក​ឡើងថា តំណាងរាស្ត្រ​គឺមាន​សិទ្ធិសួរ និងមាន​សិទ្ធនិយាយប៉ុន្តែ​គួរតែនិយាយ​ការពិត គួរ​តែនិយាយរឿង​ដែលអាច​ឲ្យសាធារណៈ​ជនយល់​បាន​ពីភាព​ពិតប្រាកដនៃ​ខ្លឹមសារអ្វី​មួយ។ ក្នុងករណី​នេះគាត់​អាចនិយាយ​អ្វីក៏បាន​ដែរ គឺជាសិទ្ធិ​របស់តំណាង​រាស្ត្រក្នុង​ការឆ្លើយ​តបជាមួយ​នឹងលិខិត​របស់ទីស្តី​ការគណៈ​រដ្ឋមន្ត្រី ប៉ុន្តែគួរ​តែ​និយាយឲ្យ​ត្រូវខ្លឹម​សារ ចៀសវាង​ការបក​ស្រាយ​ខុស ធ្វើ​ឲ្យមាន​ការយល់​ច្រឡំ៕

អត្ថបទៈ សុភាព