យោងមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ កញ្ចប់សម្ភារៈប្រើប្រាស់ជាច្រើនមុខ សម្រាប់ស្ត្រីជាមាតា និងទារក ក្នុងនោះរួមមានដូចជា ទឹកដោះគោ ម្សៅ សាប៊ូ កន្សែង មុង ពូក ខ្នើយ ខោ អាវ សារ៉ុង ស្ករស ប្រេងកូឡា និងថវិកាមួយចំនួន ត្រូវបាន ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ និងឯកឧត្តម ទិត សុធា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជា រួមជាមួយឯកឧត្តម លោកជំទាវ និងក្រុមការងារចម្រុះ បាននាំយកទៅចែកជូនដល់ស្ត្រីទើបនឹងសម្រាលបុត្រចំនួនប្រមាណ៣០គ្រួសារនៅក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥។
កញ្ចប់សម្ភារៈទាំងនេះ ជាជំនួយសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ត្រូវបានចែកជូនដល់ស្ត្រីទាំង១៣ភូមិ ក្នុងឃុំកុមាររាជា ដោយមានការចូលរួមចុះចែកផ្ទាល់ដៃដល់ស្ត្រីទើបនឹងសម្រាលបុត្រ ពីសំណាក់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន តំណាងកាកបាទក្រហមខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ សហភាពសហព័ន្ធយុវជនកម្ពុជា និងសម្ព័ន្ធយុវជនកម្ពុជាឃុំកុមាររាជា បានយកទៅចែកជូនស្ត្រីទើបនឹងសម្រាលបុត្រក្រោម១ខែ ជំហានទី១ និងចែកជូនជាបន្តបន្ទាប់ទៀតជារៀងរាល់ខែ ដល់ស្ត្រីគ្រប់រូបដែលសម្រាលបុត្រនៅមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
សកម្មភាពមនុស្សធម៌ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ តាមរយៈការចុះចែកកញ្ចប់ ឃីត ដល់ស្ត្រីទើបនឹងសម្រាលបុត្រនេះ គឺជាកាយវិការប្រកបដោយការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់កាកបាទក្រហមកម្ពុជាទាំងនៅសាខា និងអនុសាខា ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះសុខទុក្ខផ្ទាល់ជាមួយប្រជាពលរដ្ឋ និងជាវប្បធម៌នៃការចែករំលែក ជួយគ្នាទៅវិញទៅមក ក្នុងការរួមចំណែកសម្រាលនូវការខ្វះខាត និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស គឺជាការអនុវត្តនូវពាក្យស្លោក សហការគ្នា រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីប្រជាពលរដ្ឋបានទទួលនូវសេចក្តីសុខក្សេមក្សាន្ត និងសុភមង្គល។
ទាំង ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ និងឯកឧត្តម ទិត សុធា បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ជូនចំពោះប្រជាពលរដ្ឋ ដោយបញ្ជាក់ថា សម្ភារៈទាំងនេះ បានមកពីជំនួយសប្បុរសធម៌ជិតឆ្ងាយ ដែលផ្តល់ជូនដល់កាកបាទក្រហមកម្ពុជា ហើយដែលជានិច្ចកាលឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន តែងតែធ្វើការអំពាវនាវស្វែងរកជំនួយឧបត្ថម្ភបន្ថែម និងខិតខំរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណា ដើម្បីបានសម្រួលដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ទាំងបញ្ហាលើកកម្ពស់ជីវភាពរស់នៅ ការអភិវឌ្ឍមូលដ្ឋាន ភូមិឃុំ ការផ្តល់សេវាសាធារណៈ ការពង្រឹងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ដូច្នេះ សកម្មភាពនៃការចុះចែកកញ្ចប់សម្ភារៈប្រើប្រាស់សម្រាប់ស្ត្រី និងទារកនៅពេលនេះ គឺបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងន័យថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមជួយសង្គ្រោះ និងការជួយឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល៕
អត្ថបទ៖ ក្រុមការងារចុះមូលដ្ឋានឃុំកុមាររាជា