អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង បានចាត់ទុកទង្វើរបស់អ្នកតំណាងរាស្ត្រ រៀល ខេមរិន្ទ បានដឹកនាំយុវជន និងសង្ឃមួយចំនួនទៅបង្កភាពអាណាធិបតេយ្យនៅតំបន់ព្រំដែននោះ គឺរំលោភលើវប្បធម៌សន្ទនា ហើយមិនឈរលើមូលដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀងចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។
យោងតាមការបង្ហោះផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ គេបាន ឃើញអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ បានបង្កភាពអណាធិបតេយ្យ ដែលបានដឹកនាំ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋខ្មែរ បង្កហិង្សា ជាពិសេសបានយកទង់ជាតិខ្មែរវាយទៅលើភាគីវៀតណាម និងការប្រតាយប្រតប់ប្រឈមមុខគ្នា បណ្តាលឲ្យមានអ្នករបួសធ្ងន់ និងស្រាល។ ការបង្កហិង្សាដែលលោក រៀល ខេមរិន្ទ ដឹកនាំបានដើរផ្ទុយពីវប្បធម៌សន្ទនា ដែលមេដឹកនាំបក្សទាំងពីរប្រកាន់យក ពោលគឺដោះស្រាយបញ្ហាដោយសន្តិវិធីតាមនិតិវិធីច្បាប់ និងដោយសន្តិវិធី។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ មានការប៉ះទង្គិចគ្នាកើតឡើងរវាងប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋវៀតណាម នៅត្រង់ចំណុចបង្គោលព្រំដែនកម្ពុជាវៀតណាមលេខ ២០៣ ស្ថិតនៅក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលបង្កឲ្យមានអ្នករងរបួសចំនួន ១៨នាក់ ក្នុងនោះខ្មែរ១០នាក់ និងវៀតណាម ៨នាក់។
ការប៉ះទង្គិចគ្នានេះកើតឡើងបណ្តាលមកពី ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនយកចិត្តទុកដាក់ និងមិនបានគិតពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរដែលក្រុមខ្លួនបានដឹកនាំទៅទាល់តែសោះ ព្រោះមិនបានជូនដំណឹងឲ្យសមត្ថកិច្ចនៅតាមមូលដ្ឋានឲ្យបានដឹងដើម្បីមកការពារសុវត្ថិភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀងចុះថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៥ បានឲ្យដឹងថា ការប៉ះទង្គិចគ្នានេះបណ្តាលមកពីលោក រៀល ខេមរិន្ទ្រ បានដឹកនាំសកម្មជនគណបក្សសង្រ្គោះជាតិ និងប្រជាពលរដ្ឋខ្មែរ មកធ្វើការត្រួតពិនិត្យព្រំដែនដោយមិនបានជូនដំណឹងមកអាជ្ញាធរ និងសមត្ថកិច្ច ឲ្យបានដឹងជាមុនដើម្បីរៀបចំការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជូនដំណឹងទៅភាគីវៀតណាម។
អ្នកនាំពាក្យបន្តទៀតថាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមិនគោរពចំពោះសមត្ថកិច្ចកម្ពុជាដែលប្រចាំការនៅទីនោះ នៅពេលទៅដល់ព្រំដែន សមត្ថកិច្ចកម្ពុជា បានព្យាយាមពន្យល់ និងហាមឃាត់មិនឲ្យក្រុមខាងលើទៅពិនិត្យ ព្រោះបារម្ភពីបញ្ហាសុវត្ថិភាព ណាមួយមិនបានជូនដំណឹងទៅភាគីវៀតណាមជាមុនដើម្បីបញ្ចៀសហេតុការណ៍ផ្សេងៗកើតឡើង ប៉ុន្តែពួកគាត់នៅតែជម្នះទៅពិនិត្យតំបន់ព្រំដែនដោយចិត្តឯង។
អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង បានប្រកាសមិនទទួលខុសត្រូវចំពោះផ្លូវច្បាប់ណាមួយ លើហេតុការណ៍ដែលបានកើតឡើង ព្រោះសកម្មភាពនេះ ធ្វើឡើងដោយមិនបានជូនដំណឹង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឡើយ គឺក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខតាមព្រំដែន ផ្ទុយទាំងស្រុងពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផ្ទុយទាំងស្រុង ពីវប្បធម៌សន្ទនា ដែលមេដឹកនាំបក្សទាំងពីរ បានប្រកាន់យក ក្នុងការពិភាក្សាបញ្ហាប្រទេសជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព ជាមួយប្រទេសជិតខាងជាប់ព្រំដែនដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន៕