ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន
បានមានប្រតិកម្មតបយ៉ាងខ្លាំង ចំពោះឯកឧត្តម សម រង្ស៊ី ដែលបានចោទប្រកាន់ថាបាត់បង់ទឹកដី
ដោយយកផែនទីប្រទេសកម្ពុជាពីប្រទេសបារាំងមកអះអាងក្នុងបំណងញុះញង់មតិសាធារណៈដោយអគតិ
មិនសមហេតុផលធ្វើប្រជាភិថុត និយាយបំភ្លើស បំភាន់ ភូតកុហកសាធារណៈមតិជាតិ
និងអន្តរជាតិក្នុងគោលបំណង ទុច្ចរិតបម្រើ ផលប្រយោជន៍នយោបាយបក្ខពួក និងក្រុមរបស់ខ្លួន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដំណើរការនៃការបោះបង្គោលព្រំដែន
គឺបានអនុវត្តដោយជោគ ជ័យកន្លងមកដោយផ្អែកលើផែនទីភូមិសាស្រ្តឥណ្ឌូចិន ដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង
បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យភាពជាតិនៅឆ្នាំ១៩៥៣មកម្ល៉េះ ហើយឯកឧត្តមក៏បានបន្ថែមទៀតថា
គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ធ្វើការងារដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃ
ខ្សែព្រំដែនមិនកែប្រែនៅពេលដែលកម្ពុជាបានឯករាជ្យ ដូចមានកំណត់ក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញ
និងស្រប តាមព្រះរាជតម្រិះរបស់ព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តមសីហនុ
ព្រះវររាជបិតាជាតិខ្មែរ ដែលព្រះអង្គបានយកផែនទីកម្ពុជា វៀតណាមទាំងព្រំដែនគោក
ទាំងព្រំដែនសមុទ្រទៅតម្កល់នៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤។
ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី សុំបដិសេដមិនឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍
របស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិដែលបានចោទប្រកាន់ថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ
២០០៥បានធ្វើឱ្យទឹកដីខ្មែរបាត់បង់បន្ថែមទៀតទៅភាគីវៀតណាម និងការទាមទារឱ្យបង្កើតគណៈកម្មាធិការចម្រុះ
។ ឯកឧត្តមក៏បានបន្ថែមទៀតថា កិច្ចការងារព្រំដែននេះ គឺជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលជាអ្នកដោះស្រាយទៅតាមគោលការណ៍ច្បាប់ជាតិ
និងអន្តរជាតិ សំដៅរក្សាបានសុខសន្តិភាព និងភាពរីកចម្រើនរុងរឿង ទាំងខាងសង្គមកិច្ច
សេដ្ឋកិច្ច និងនយោបាយ។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ក៏បានបញ្ជាក់សារជាថ្មីផងដែរថា
កម្ពុជាបាននិងកំពុង តែប្រើប្រាស់ផែនទីខ្នាត១លើ១០០ពាន់ ដែលបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ
ក្នុងការកំណត់ព្រំដែនខ័ណ្ឌសីមាជាមួយប្រទេសវៀតណាមជាយូរយារណាស់មកហើយ ហើយអ្វីដែលឯកឧត្តម
សម រង្ស៊ី បានធ្វើ នោះគឺគ្រាន់តែជាការកេងចំណេញនយោបាយតែប៉ុណ្ណោះ។
បើតាមទស្សនៈរបស់ក្រុមអ្នកវិភាគមួយចំនួន យល់ឃើញថា ក្នុងនាមជាអ្នកតំណាងរាស្រ្ត
គួរតែធ្វើកិច្ចការណាដែលបម្រើដល់ផលប្រយោជន៍ជាតិពិតប្រាកដ និងធ្វើការងារដែលមាននីតិវិធីត្រឹមត្រូវ
ប្រកបដោយតម្លាភាព មិនមែនធ្វើការចោទប្រកាន់ដោយគ្មានហេតុផល និងបង្ករការញុះញង់ដែលនាំឱ្យមានគ្រោះថ្នាក់អាចប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន
ដូចជាការបង្ករហិង្សានៅតាមព្រំដែនជាដើម។
អត្ថបទៈ មាន មេត្តា