តាងនាមឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ និងតំណាងឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំកុមាររាជា នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជា និងក្រុមការងារ បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ១០០នាក់ក្នុងភូមិព្រៃខ្លា ឃុំកុមាររាជា ស្រុកបាទីខេត្តតាកែវ។
បន្ទាប់ពីលោកមេភូមិព្រៃខ្លា ឡើងធ្វើចំណាប់អារម្មណ៍ និងអានរបាយការណ៍អំពីបញ្ហានានាក្នុងភូមិ ដែលប្រជាពលរដ្ឋកំពុងប្រឈមទាក់ទង និងបញ្ហាភូមិឃុំមានសុវត្តិភាព បញ្ហាខ្វះទឹកប្រើប្រាស់ និង បញ្ហាសេវាសាធារណៈក្នុងភូមិព្រៃខ្លារួចមក ឯកឧត្តម ទិត សុធា បានមានប្រសាសន៍ថា អ្វីដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល ក៏ជាកង្វល់របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជាដែរ។ កន្លងមកក្រុមការងារបានខិតខំដោះស្រាយបញ្ហាមួយចំនួនរបស់ប្រជាពលរដ្ឋ តាមបណ្តាលភូមិទាំង១៣ក្នុងឃុំកុមាររាជា ប៉ុន្តែជាក់ស្តែងដំណោះស្រាយរបស់ក្រុមការងារ មិនទាន់អាចសំរេចបានទាំងស្រុងទៅតាមសំណើររបស់ប្រជាពលរដ្ឋទាំងអស់បានទេ ព្រោះនៅតាមបណ្តាលភូមិទាំង១៣គឺមានបញ្ហាច្រើន និងមានបញ្ហាមួយចំនួនជាបញ្ហាអាទិភាពដែលត្រូវដោះស្រាយមុន និងបញ្ហាមួយចំនួនទៀតត្រូវដោះស្រាយជាបន្តបន្ទាប់ទៀត។
ឯកឧត្តម ទិត សុធា ក៏បានរំលឹកផងដែរ ពីលទ្ធផលការងារកន្លងមកដែលក្រុមការងារបានធ្វើ ជាក់ស្តែងបន្ទាប់ពីកិច្ចប្រជុំនៅស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ២២ ឧសភា ឆ្នាំ២០១៥ បន្ទាប់ពីក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា បានជួបប្រជុំជាមួយស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក ប៉ូលីសប៉ុស្ត ស្មៀនឃុំ សមត្ថកិច្ចពាក់ព័ន្ធ និងមេឃុំ ប្រធានភូមិទាំង១៣នៃឃុំកុមាររាជា ក្រោមការដឹកនាំរបស់ឯកឧត្តម ស្វាយ ស៊ីថា ស្តីពីការពង្រឹងឡើងវិញ នូវកិច្ចការនានាក្នុងឃុំរួចមក ពិនិត្យឃើញថា សកម្មភាពប្រើប្រាស់ ជួញដូរគ្រឿងញៀន និងការលេងល្បែងស៊ីសងក្នុងឃុំទាំងមូលត្រូវបានកាត់បន្ថយ។ ចំណែកឯបញ្ហាសេវាសាធារណៈក៏មានភាពល្អប្រសើរជាងមុន ដោយមន្ត្រីពាក់ព័ន្ធទាំងអស់បានបញ្ឈប់ការទារប្រាក់លើសពីតំលៃដែលរដ្ឋបានកំណត់ និងបានជួយសម្រួលជូនប្រជាពលរដ្ឋបានល្អប្រសើរជាងមុន។ ក្រៅពីនេះ កាលពីសប្តាហ៍កន្លងទៅ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា ដែលមានឯកឧត្តម ស្វាយ ស៊ីថា ជាប្រធានក៏បាននាំយកនូវកញ្ចប់ឃីតចំនួន ២៨ ចែកជូនដល់ស្ត្រីទើបនឹងសំរាលបុត្រក្នុងភូមិទាំង១៣ ដែលកញ្ចប់ឃីតនេះ បានមកពីជំនួយសប្បុរសធម៌ កាកបាទក្រហមកម្ពុជាខេត្តតាកែវ ដែលជាអំណោយរបស់សប្បុរសជននានា។ ឯកឧត្តម ទិត សុធា បានបន្តថាកិច្ចការចែកឃីតដល់ស្ត្រីទើបសំរាលបុត្រនេះ និងបន្តធ្វើជាបន្តបន្ទាប់ទៀត ដោយក្នុងនោះឯកឧត្តមបានផ្តាំផ្ញើឲ្យមេភូមិទាំងអស់ បន្តចុះស្រង់ស្ថិតិអំពីចំនួនស្រ្តីទើបសំរាលបុត្របន្ថែមទៀតក្នុងខែមិថុនានេះ។ ដោយឡែកចំពោះបញ្ហាភូមិឃុំមានសុវត្ថិភាព ឯកឧត្តម ទិត សុធា ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋក្នុងភូមិមេត្តា កុំប្រព្រឹត្តល្បែងស៊ីសងពីព្រោះល្បែងតែងនាំឲ្យវិនាសទាំងខ្លួនឯងគ្រួសារ និងសហគមន៍ទាំងមូល។ ហើយចំពោះបញ្ហាការជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ ឯកឧត្តម ទិត សុធា ក៏បានធ្វើការបញ្ជាក់ជូនប្រជាពលរដ្ឋថា បំណុលដែលបងប្អូនប្រជាពលរដ្ឋជំពាក់នោះជាកម្ចីប្រាក់ពីស្ថាប័នឯកជនសុទ្ធសាធ ខុសពីការលើកឡើងរបស់ក្រុមអគតិមួយចំនួនដែលបោកប្រាស់ប្រជាពលរដ្ឋថា ប្រាក់ដែលប្រជាពលរដ្ឋខ្ចីពីមីក្រូហិរញ្ញវត្ថុនានាជារបស់រដ្ឋ។
ឯកឧត្តម ទិត សុធា បានលើកឡើងទៀតថា កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមប្រឆាំងបានទៅនិយាយភូតកុហក ប្រជាពលរដ្ឋក្នុងភូមិថ្មី ឃុំកុមាររាជា ដោយបាននិយាយបំភ្លើសពីបញ្ហាមួយចំនួន និងបានដើរញុះញង់ប្រជាពលរដ្ឋតាមមូលដ្ឋានថា វៀតណាមបានរំលោភចូលដីខ្មែររាប់ពាន់ម៉ែត្រ ប៉ុន្តែជាក់ស្តែងក្រសួងជំនាញ និងប្រមុខរាជរដ្ឋាភិបាលធ្លាប់បានបកស្រាយពន្យល់រួចអស់ហើយ ថាមិនមានការបាត់បង់ទឹកដីខ្មែរ សូម្បីតែមួយម៉ែត្រការ៉េ ទៅប្រទេសជិតខាងនោះទេ។ ប៉ុន្តែបន្ទាប់ពីមានការជីកស្រះចូលដីខ្មែរ និងការរំកិលប៉ុស្តយាមតាមច្រកព្រំដែនកាលពីពេលកន្លងទៅ ក្រសួងការបរទេសនៃប្រទេសកម្ពុជា បានធ្វើកំណត់ទូតតវ៉ាទៅប្រទេសវៀតណាមភ្លាមៗផងដែរ ដោយផ្នែកលើគោលការណ៍ច្បាប់ ដើម្បីតវ៉ាទៅប្រទេសជិតខាង បញ្ចៀសនូវជម្លោះ និងហិង្សា ដែលខុសពីការលើកឡើងរបស់ក្រុមប្រឆាំង ដែលថាកម្ពុជាព្រងើយកន្តើយមិនគិតគូរបញ្ហាព្រំដែន។
បន្ទាប់ពីសណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងលោកតាលោកយាយរួចមក ឯកឧត្តម ទិត សុធា ក៏បានពាំនាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ដើម្បីចែកជូនលោកតាលោកយាយ និងប្រជាពលរដ្ឋនៅក្នុងសាលាបុណ្យក្នុងភូមិព្រៃខ្លា។ អំណោយទាំងនោះរួមមាន ទឹកប្រាក់ចំនួន ១.២០០.០០០រៀល សំរាប់ធ្វើទ្វារទឹក១ ក្នុងភូមិព្រៃខ្លា, វ៉ែនតាមនុស្សចាស់ចំនួន ៥០ សរុបជាថវិកាប្រមាណ ៥០០ដុល្លា, សៀវភៅធម៌ចំនួន១០០ក្បាល និង ព្រះពុទ្ធរូបចំនួន ២០០សន្លឹក សម្រាប់ប្រជាពលរដ្ឋគោរពបូជា និងសិក្សាប្រតិបត្តិ។ ក្រៅពីនេះ ក្រុមការងារដែលដឹកនាំដោយឯកឧត្តម ទិត សុធា ក៏បានទៅចូលរួមរំលែកទុក្ខគ្រួសារសពលោក ហែម សាធ អាយុ ៦៨ នៅក្នុងភូមិ ខ្នាទង់ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៥ នៅវេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ នៅមន្ទីរពេទ្យរុស្ស៊ី ដោយជំងឺលើសឈាម និង បានឧបត្ថម្ភថវិកាចំនួន ៣០០.០០០រៀល ដល់គ្រួសារសពផងដែរ៕
អត្ថបទ៖ សុភាព