នៅមុនពេលបញ្ចប់អាណត្តិបេសកកម្មការទូតប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ឯកឧត្តម ឌីនេស ខេ. ផាតនេក [DINESH K. PATNAIK] បានចូលជួបជំរាបលា សម្តេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី២៨ ខែកក្តដានេះ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះឯកឧត្តម ឯកអគ្គរដ្ឋទូត បានជំរាបជូនថា ក្នុងរយៈពេល៣ឆ្នាំ នៃការបំពេញ បេសសកម្មការទូត ឯកឧត្តមបានមើលឃើញពីការរីកចំរើនខ្លាំងរបស់កម្ពុជា ហើយកម្ពុជានៅ តែមានសក្តានុពលជាច្រើនទៀត។ ទន្ទឹមនេះ ឯកឧត្តម ឌីនេស ខេ. ផាតនេក ក៏បានបញ្ជាក់ ផងដែរថា បើទោះបីជាឯកឧត្តមត្រូវបន្តបេសកកម្មទៅកាន់ប្រទេសផ្សេងក៏ដោយ ឯកឧត្តមនៅ តែបន្តសហការជួយអភិវឌ្ឍន៌នៅកម្ពុជា។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សមាជិក រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដែលកន្លងមកតែងសហការធ្វើការជាមួយគ្នា ធ្វើឲ្យបេសកម្ម ការទូតរបស់ឯកឧត្តមទទួលបានជោគជ័យនិងធ្វើឲ្យទំនាក់ទំនងរវាងឥណ្ឌានិង កម្ពុជា កាន់តែល្អ ប្រសើរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ការប្រឹងប្រែងរបស់ឯកឧត្តម ឌីនេស ខេ. ផាតនេក ដែលបានចូលរួមចំណែកទាំងការអភិវឌ្ឍនៅកម្ពុជាផង និងពង្រឹង កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឥណ្ឌាផង។ ជាងនេះទៀត សម្តេចតេជោ បាន សម្តែងការអរគុណដល់ប្រទេសឥណ្ឌាដែលកន្លងមកបានធ្វើជាសហប្រធាននៃ ICCព្រះវិហារ ហើយសម្តេចក៏បានជូនពរដល់បេសកម្មការទូតបន្តទៅកាន់ប្រទេសផ្សេងរបស់ ឌីនេស ខេ. ផាតនេក ឲ្យទទួលបានជោគជ័យ៕