Friday, July 31, 2015

រយៈពេល៧​ខែចុង​ក្រោយនេះ​រាជរដ្ឋាភិ​បាលរក​ឃើញ​ជនអន្តោ​ប្រវេសន៍​ខុសច្បាប់វៀតណាម​១៥០០​នាក់

ក្នុងរយៈ​​ពេល៧ខែដើមឆ្នាំ២០១៥ ជនអន្តោប្រវេសន៍វៀតណាមចំនួន១៥០០នាក់ ត្រូវបានរកឃើញកំពុងរស់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា។ នេះគឺជាការបញ្ជាក់ឱ្យដឹងពីលោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ។
លោក អ៊ុក ហៃសីឡា បានអះអាងថា ជនអន្តោប្រវេសន៍ទាំងនេះ គឺបានមករស់នៅដោយខុសច្បាប់នៅតាមអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដែលបញ្ហានេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមអាជីវកម្មណាដែលនៅបន្តជួល ឬប្រើប្រាស់ជនអន្តោប្រវេសន៍ខុសច្បាប់។ វិធានការទាំងនោះគឺនឹងអាចប្តឹងទៅកាន់តុលាការតែម្តងប្រសិន ម្ចាស់អាជីវកម្មទាំងនោះមិនរៀងចាលនោះទេ។
យ៉ាងណាក៏ដោយ លោកប្រធាននាយកដ្ឋានបានលើកឡើងថា ក្នុងពេលអនុវត្តបច្ចុប្បន្ននេះ គឺស្ថិតក្នុងដំណាក់កាលអនុគ្រោះនៅឡើយ។ សូមកត់សំគាល់ថា ក្នុងរយៈពេលពីរថ្ងៃពីថ្ងៃទី២៩ និង ថ្ងៃទី៣០ កក្កដានេះ ជនអន្តោប្រវេសន៍វៀតណាមចំនួន៦៤នាក់ត្រូវឃាត់ខ្លួន នៅក្នុងបេសកម្មចុះត្រួតពិនិត្យក្នុងការដ្ឋានសំណង់បូរីអង្គរភ្នំពេញ និងនៅក្នុងសង្កាត់ស្រះចក រាជធានីភ្នំពេញ។
មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អាជ្ញាធរបានប្រតិបត្តិការស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់នៅទូទាំងប្រទេស ហើយបានបញ្ជាក់ថា វិធានការស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងសង្គមកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងអាណត្តិទី៥នេះ បន្ទាប់ពីបញ្ហាអន្តោប្រវេសន៍ជនជាតិវៀតណាម គឺជាប្រធានក្តៅក្នុងសង្គមនយោបាយកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នេះដែរ បានធ្វើឱ្យគណបក្សកាន់អំណាចបានអន់ប្រជាប្រិយភាពក្នុងការបោះឆ្នោតផងដែរ។ ក្រសួងមហាផ្ទៃ បានបង្កើតផ្នែកអន្តោប្រវេសន៍ចំនួន៨៩ ចំណុះអធិកាដ្ឋាននគរបាលស្រុក ខណ្ឌចំនួន ១៩៧នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
សង្គមស៊ីវិលមួយចំនួន និងប្រជាពលរដ្ឋទូទៅ បានគាំទ្រចំពោះវិធានការផ្លូវច្បាប់របស់អាជ្ញាធរកម្ពុជាក្នុងការបណ្តេញចេញជនបរទេសខុសច្បាប់ពីកម្ពុជា៕