Friday, July 31, 2015

ជប៉ុន​សន្យា​ជួយជំរុញ​អ្នកវិនិយោគ​របស់ខ្លួន​ឲ្យបាន​កាន់តែ​ច្រើន​មកកាន់​កម្ពុជា​

តំណាង​ពិសេស​របស់រាជរដ្ឋាភិបាល​ជប៉ុន សន្យា​ជួយជំរុញ​លើក​ទឹកចិត្ត​ដល់អ្នក​វិនិយោគ​ជប៉ុន​ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត​មកកាន់​កម្ពុជា ដើម្បី​ចូលរួម​ចំណែកអភិវឌ្ឍន៏​សេដ្ឋកិច្ចកម្ពុជា​ឲ្យបាន​រីកចំរើន។
លើកឡើង​នៅក្នុង​ជំនួបពិភាក្សាការងារ​ជាមួយ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី នៅវិមានមិត្ត​ភាពនៃទីស្តីការគណៈ​រដ្ឋមន្រ្តីនារសៀល​ថ្ងៃទី ៣០ ខែ កក្កដា ឯកឧត្តម Masaharu Kohno តំណាងពិសេស​របស់រាជ​រដ្ឋាភិបាល​ជប៉ុនសម្រាប់​តំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប បាន​អះអាងថា រដ្ឋាភិបាលជប៉ុន​បានប្តេជ្ញាចិត្ត​ក្នុងការជួយ​ជំរុញវិនិយោគ​ជប៉ុន ឲ្យមក​កាន់​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការអភិវឌ្ឍន៏​សេដ្ឋកិច្ចរបស់​កម្ពុជាធ្វើយ៉ាង​ណាជួយឲ្យបាន រីកលូត​លាស់ក្នុង​ល្បឿនមួយ​លឿន​ទៅមុខ​។
​ឯកឧត្តម​ Masaharu Kohno បានបង្ហាញ​ពីការចាប់​អារម្មណ៏មក​លើសក្តានុពល​យ៉ាងច្រើន​របស់​កម្ពុជា ដែលក្រុម​ហ៊ុនជប៉ុន​អាចពិនិត្យ​ឱកាស​មកបណ្តាក់​ទុន​វិនិយោគ ពិសេស​លើវិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ គឺជាវិស័យអាទិភាព​ចាំបាច់ ដែល​កម្ពុជាកំពុង​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍន៏ នា​ពេលសព្វ​ថ្ងៃនេះ​។
ឯកឧត្តម Masaharu Kohno  មាន​ប្រសាសន៏​ថាតាមទូលេខ​របស់ស​ភាពាណិជ្ជកម្ម​ជប៉ុន បាន​ឲ្យដឹង​ថាសព្វ​ថ្ងៃមាន​ក្រុមហ៊ុន​ធំៗរបស់​ជប៉ុន​ប្រហែល​១៩១​ក្រុម​ហ៊ុន កំពុង​ប្រតិបត្តិការ​វិនិយោគ​នៅក្នុង ប្រទេស​កម្ពុជា ដែលជាការរួម​ចំណែក​យ៉ាង​សំខាន់ មិនត្រឹម​ជួយអភិវឌ្ឍន៏​សេដ្ឋកិច្ចកម្ពុជា​ប៉ុណ្ណោះទេ  ប៉ុន្តែ​បានផ្តល់​ឱកាសការងារ​យ៉ាង​ច្រើន​ជូនពលរដ្ឋកម្ពុជា​ផង​ដែរ ។
ជាមួយនឹង​ដំណើរទស្សន​កិច្ចនេះ ឯក​ឧត្តម បានជំរាប ឯកឧត្តម សុខ អាន ថាការ​ដឹកនាំប្រតិភូ​អញ្ជើញមក​កាន់​កម្ពុជា​ពេល​នេះ គឺដើម្បី​មកចូល​រួមក្នុង​ពិធីសម្ពោធ​ក្រុមហ៊ុន​របស់ជប៉ុន​ថ្មីមួយទៀត នៅកម្ពុជា ហើយ​នៅពេល​វិលត្រឡប់​ទៅវិញប្រតិភូ​លោក នឹងខិត​ខំចលនា​បំផុសជួយ​ជំរុញ​អ្នកវិនិយោគ ជប៉ុនប​ន្ថែមទៀតឲ្យ​ចូលមក​កាន់កម្ពុជា។
ជាការឆ្លើយ​តប ឯកឧត្តម បណ្ឌិតសភាចារ្យ  សុខ អាន បានថ្លែង​អំណគុណ​ចំពោះការសន្យា​ជួយជំរុញ​វិនិយោគ​ពីជប៉ុន​មកកាន់​កម្ពុជា ឯកឧត្តម បានជំរាប​ជូន​ថា សព្វថ្ងៃកម្ពុជា​នៅមានឱកាស​ច្រើន ​សម្រាប់ការ​វិនិយោគពី​បរទេស ហើយរាជរ​ដ្ឋាភិបាល​តែងបានផ្តល់​ការលើក​ទឹកចិត្ត ជួយសម្រប​សម្រួល ដើម្បី​ធានាលើ​ទំនុក​ចិត្ត សម្រាប់​អ្នកវិនិយោគ​ទាំងឡាយ​ដែលចូលមក​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា។
ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី សុខ  អាន បានជំរាបជូន​ថាក្នុងពេល​កន្លងមក ឯក​ឧត្តម បានជំរុញ​ឲ្យមានកិច្ចព្រម​ព្រៀងរបស់ក្រុម​ហ៊ុនជប៉ុន​ធំៗ ឲ្យចូលមក និយោគ​នៅ​កម្ពុជា ឯកឧត្តម សូមគាំ​ទ្រនិងស្វាគមន៏​រាល់អ្នកវិនិយោគ​ទាំងឡាយ ពិសេសអ្នកវិ​និយោគជប៉ុ​នធំៗ សូមអញ្ជើញ​មកពិនិត្យ​អំពីលទ្ធភាព​វិនិយោគលើវិស័យ​ជាច្រើន​ទៀត ដោយឯកឧត្តម​បានជំរាបជូនថា សព្វថ្ងៃ​ច្បាប់វិនិយោគ​នៅកម្ពុជា មានភាពអនុគ្រោះ​ខ្លាំងសម្រាប់​អ្នកវិនិយោគ ដែលអាចទាញ​បានផល​ប្រយោជន៏យ៉ាង​ច្រើន ពីការរកស៊ី​នៅកម្ពុជា។
តាមរយៈកិច្ច​សន្ទនាគ្នានេះភាគី​ទាំងពីរ បានបង្ហាញ​ពីជំហរវាងរដ្ឋាភិបាល​ប្រទេសទាំង​ពីរ  ក្នុងការបន្ត បង្កើនកិច្ចសហប្រតិបត្តិការ​គ្នាឲ្យបាន​កាន់តែរឹង​មាំថែមទៀត​ទាំងវិស័យ​ការទូត និងសេដ្ឋកិច្ច​ដើម្បីផល​ប្រយោជន៏សម្រាប់​ប្រជាជន​ប្រទេស​ទាំងពីរ។
គួរបញ្ជាក់​ថាកាលពី​២៥ឆ្នាំមុន ឯកឧត្តម Masaharu Kohno និង​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ  អាន ធ្លាប់មាន​ទំនាក់ទំនង​គ្នាយ៉ាងល្អ​ទាំងកិច្ចការ​ទូត និងការសម្រប​សម្រួលនានាទាក់​ទងនិងការ​ស្វែងរក សន្តិភាពសម្រាប់​កម្ពុជា ដែលកាល​នោះ ឯកឧត្តម Masaharu Kohno បានដើរតួនាទី​យ៉ាង​សំខាន់ ក្នុងការជួយ​ជ្រោម​ជ្រែង ស្វែងរកដំណោះ​ស្រាយសន្តិភាពជូន​កម្ពុជា រហូតសម្រេច​បាននូវកិច្ចព្រមព្រៀង​ ក្រុងប៉ារីសនា​ឆ្នាំ១៩៩១។
តាមរយៈនៃកិច្ចព្រមព្រៀង​សន្តិភាពក្រុង​ប៉ារីសឆ្នាំ១៩៩១នោះ​ហើយ ដែលធ្វើ​ឲ្យរាជរដ្ឋាភិបាលកម្ពុជាបាន​បន្តការដឹកនាំរដ្ឋបាល​តែមួយ​ដើម្បីសម្របស​ម្រួល និងការធានាបាន​នូវការបង្រួមប​ង្រួមជាតិ សន្តិភាព និង​ស្ថេរភាពន​យោបាយ សម្រាប់ការ​អភិវឌ្ឍន៏​ប្រទេស​កម្ពុជា។
សូម​បញ្ចាក់​ថា បន្ទាប់ពីបានរំលាយ​ចោលអង្គការចាត់​តាំង​នយោ​បាយ នៃរបបកម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ដោយនយោបាយ​ឈ្នះឈ្នះរបស់​សម្តេចតេជោ ហ៊ុន សែន នាឆ្នាំ១៩៩៨ កម្ពុជា​ទទួល បានសន្តិភាព​ទាំងស្រុង   ហើយតាមរយៈនៃសន្តិភាពនេះ​ហើយ បានផ្តល់​ឱកាសឲ្យកម្ពុជា​ធ្វើការ អភិវឌ្ឍន៏​ប្រទេសជាតិខ្លួ​នមានការរីកចំរើន​ដល់សព្វ​ថ្ងៃនេះ៕
អត្ថបទ៖  តារា