យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នា លើចំនុចសំខាន់ៗចំនួន៣ ដើម្បីជម្រុញដល់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរអាចបញ្ចប់ទៅតាមគោលដៅ និងបញ្ចៀសឲ្យបាននូវអំពើហិង្សាតាមព្រំដែន។
សេចក្តីប្រកាសព័ត៌មានរួមនេះបានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំរយៈពេល៣ថ្ងៃនៅទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា រវាងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ក្នុងបរិយាកាសស្និតស្នាល ឈរលើមូលដ្ឋាន និងស្មារតីគោរពគ្នាទៅវិញទៅមកនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗនោះ ទី១ប្រទេសទាំងពីរ បានទទួលស្គាល់ថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរ មានការស្មុគស្មាញច្រើន ទោះជាភាគីទាំងពីរបានបោះបង្គោលព្រំដែន បានចំនួនប្រមាណ ៨៣% រួចហើយក៏ដោយ។ ភាគីទាំងពីរឯកភាពគ្នានឹងខិតខំបញ្ចប់កិច្ចការព្រំដែនឲ្យបានចប់នាពេលខាងមុខ។ ចំនុចទី២ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមស្មារតីនៃសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ស្តីពីការរក្សាស្ថានភាពបច្ចុប្បន្ននៅតាមបណ្តោយព្រំដែន និងទី៣ ភាគីទាំងពីរ បានឯកភាពឲ្យក្រុមបច្ចេកទេសចម្រុះព្រំដែន ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ សហការគ្នាដោះស្រាយ ឲ្យមានប្រសិទ្ធភាព រាល់បាតុភាព ដែលកើតមានឡើង នៅតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់ និងបញ្ចៀសការរីករាលដាល ដែលនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ៕