យោងតាមសេចក្តីជូនព័ត៌មាន របស់នាយកដ្ឋានព័ត៌មាន និងឯកសារ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០១៥នេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃទី ០៧-០៨ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងភ្នំពេញ តាមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីបញ្ហាធំៗ៣ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើកំណត់ទូតតវ៉ា ទៅក្រសួងការបរទេសវៀតណាម ជាបន្តបន្ទាប់។
ក្នុងនោះ ក្រសួងការបទេសកម្ពុជា បានផ្ញើកំណត់ទូត ស្តីពីការជីកស្រះនៅខេត្តរតនៈគីរី ចន្លោះបង្គោលព្រំដែនលេខ ៣០ និង៤០ ដោយក្នុងនោះ ក្រសួងការបរទេសកម្ពុជា បានស្នើឲ្យវៀតណាមលុបស្រះចំនួន ០៨ កន្លែងនៅខេត្តរតនៈគីរី ដែលក្រសួងការទេសបានធ្វើកំណត់ទូតវ៉ា ២ដង កាលពីថ្ងៃទី ១២ និង១៤ ខែមិថុនា ឆ្នាំ២០១៥។ ទាក់ទងនិងកំណត់ទូតវ៉ារឿងស្រះទឹកនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម សន្យាថានឹងលុបស្រះចំនួន៣ ឬឯស្រះ៥ទៀត ក្រុមបច្ចេកទេសចម្រុះនៃគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ នឹងចុះទៅពិនិត្យមើលជាក់ស្តែង តែក្នុងនោះមានស្រះចំនួន ២ ជាស្រះចាស់យូរមកហើយ។
កំណត់ទូតមួយទៀតរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីការសង់ប៉ុស្តិ៍យោធាក្បែរភូមិព្រែកស្បួវ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល បានស្នើភាគីវៀតណា មផ្អាកការសាងសង់ប៉ុស្តិ៍យោធាជាបន្ទាន់ ដែលក្រសួងការបរទេសបានធ្វើកំណត់ទូតតវ៉ា ២ដង កាលពីថ្ងៃទី ០៨ និង១៧ ខែមិថុនា ឆ្នាំ២០១៥។ ចំពោះកំណត់ទូតនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម បានបញ្ជាក់ថា បានផ្អាកការសាងសង់ហើយ។
ក្រៅពីនេះ ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើកំណត់ទូត ស្តីពីការធ្វើផ្លូវនៅចន្លោះបង្គោលព្រំដែនលេខ ១៩៤-២០៣ លេខ ២១១-២១៣ និងលេខ ២១៣-២២៧ នៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយខាងភាគីកម្ពុជាបានស្នើភាគីវៀតណាមផ្អាកការសាងសង់ផ្លូវនៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលក្រសួងការបរទេសបានធ្វើកំណត់ទូតតវ៉ា កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥ ហើយចំពោះកំណត់ទូតនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានប្រាប់ថាបានបញ្ជាឲ្យផ្អាកការសាងសង់ហើយ៕