Friday, July 10, 2015

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ចូលរួម​ក្នុង​ពិធី ប្រគល់​វត្ថុបុរាណ​ខ្មែរ​ចំនួន ១៦ ជូន​ដល់​កម្ពុជា​វិញ​ដោយ​ភាគី​ថៃ នៅ​ប្រទេស​ថៃ


យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ថ្ងៃទី​០២ កក្កដា ឆ្នាំ​២០១៥ បាន​បញ្ជាក់​ថា​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ព្រះ​រាជាណាចក្រ​ថៃ​ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ នឹង​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ១៦ ជូនដល់​កម្ពុជា ដោយ​ភាគី​ថៃ។
ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈ​កិច្ច​ផ្លូវការ​របស់ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង​ រដ្ឋមន្ត្រី​ការបរទេស​ និង​​សហប្រតិបត្តិការ​អន្តរជាតិ​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា គឺតប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ ថាណៈសាក់ ប៉ាទិម៉ាប្រាកន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ​។ ​ ដំណើរ​​ទស្សនកិច្ច​ផ្លូវការ​​នៅ​ប្រទេស​ថៃ​នេះ ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១២ ខែ​កក្កដា​ ឆ្នាំ​២០១៥ ក្នុង​គោល​បំណង​​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ស៊ី​ជំរៅ​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត​។
សេចក្តី​ជូន​ព័ត៌មាន​បាន​បន្ថែម​ថា​ ដោយ​ទស្សនកិច្ច​ផ្លូវ​ការ​នេះ​ស្រប​ពេល​នឹង​ខួប​លើក​ពី​៦៥ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេសទាំង​ពីរ។ ​ឯកឧត្តម ហោ​ ណាំហុង​ នឹង​ជួប​សំដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម​ ឧត្តម​​សេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ ថាណៈសាក់ ប៉ាទិម៉ាប្រាកន។
គួ​រ​បញ្ជាក់​ផង​ដែរ​ថា គណៈ​ប្រតិភូអម​ដំណើរ​រួម​មាន​ ឯកឧត្តម​ វ៉ា គឹម​ហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ និង​លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ។
អត្ថបទដោយៈ ជា សុភ័ក្ត្រ