Tuesday, August 11, 2015

ប្រតិភូ​​សភា​​ពាណិ​ជ្ជ​កម្ម​សហ​​រដ្ឋអា​មេរិក​​​​នៅ​ក្រុង​​​ហុង​កុង ​មកស្វែង​​យល់​ពី​ប​រិយាកាស​ វិនិយោគ​ នៅកម្ពុជា

ប្រតិភូសភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុង​​ហុងកុងចំនួន១៦រូបមកកាន់កម្ពុជា ដើម្បី ​ ស្វែង​យល់​ពីបរិយា​កាស​​វិនិ​យោគ រួមទាំងប្រពន្ធ័ច្បាប់​ការងារ​ទាំង​ឡាយ​នៅ​​​ប្រ​ទេសកម្ពុជា។
លើកឡើងនៅក្នុងជំនួប​ពិភាក្សា​ការងារ នៅវិមាន​មិត្តភាព​នៃទីស្តីការ​គណរដ្ឋមន្ត្រី នាល្ងាច​ថ្ងៃទី១០​សីហា បណ្ឌិត​រីឆាដ វ៉យស្តេគ ​(richard-vuylsteke) ប្រធាន​សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុង​​ហុងកុង បាន ជំរាបជូន ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីទទួល​បន្ទុកទីស្តី​ការ​គណៈរដ្ឋមន្ត្រី អំពីដំណើរ​ទស្សនកិច្ច​របស់ប្រតិភូ​លោកមកកាន់កម្ពុជា​ពេលនេះ គឺដើម្បី​ស្វែងយល់អំ​ពី បរិយា​កាស​វិនិយោគពាណិ​ជ្ជកម្ម ​, ការងាសហជីព ផលិត​ភាព​ការងារ ក៏ដូច​ជា​បទ​បញ្ញាតិ មួយចំនួន​របស់កម្ពុជាសព្វថ្ងៃ។
ប្រតិភូក៏​បានបង្ហាញ​ពីការចាប់​អារម្មណ៍​ចំពោះការរីក​លូតលាស់ នៃផ្នែកសេដ្ឋ​កិច្ចរបស់​កម្ពុជា ជាពិសេស​អំពី ខ្សែសង្វាក់ផលិតកម្ម ហើយ​ក៏មានបំណង​ចង់ឃើញ​កម្ពុជា​រក្សាបាននូវកេរ្ត៍ឈ្មោះ​ផលិ​តផល​របស់ខ្លួន​ដែល​នាំចេញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ជាការឆ្លើយតប​ឯ.ឧឧបនាយករដ្ឋមន្ត្រីសុខ ​អាន បានជំរាប​ជូនថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​គាំទ្រវិនិយោគអន្តរជាតិ ដោយផ្តោត​ការកចិត្តទុក​ដាក់គិតគូរដល់ផល​ប្រយោ​ជន៍​ ទាំង​និយោជក់ (ថៅកែ)​ និងកម្មករដែលបំរើការឲ្យក្រុមហ៊ុន ។ ហើយរាល់បទបញ្ញាតិច្បាប់​ទាំងឡាយគឺត្រូវ​ឲ្យ​មាន​តុល្យភាពក្នុងការបំរើផលប្រយោជន៍ដល់គ្រប់ភាគីពាក់ ពន្ធ័ទាំងអស់គឺ​រាជ​រដ្ឋា​ភិបាលខិតខំ​ជួយ​សម្រួល​ធ្វើយ៉ាងណាឲ្យភាគីទាំងសង្ខាងគឺទាំងក្រុមហ៊ុន និង​កម្មករ​​ត្រូវតែ​ទទួល​បានផល​ប្រយោជន៍​សម​ស្របទាំ​ង​អស់គ្នា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនចង់ឃើញមាន​បាតុកម្ម​ឬការ​ប៉ះ​ទង្គិចណា​មួយ​កើត​ឡើងរវាងក្រុមហ៊ុន និងកម្មករចំពោះករណីវិវាទផ្សេងៗឡើយ ពីព្រោះវានឹងនាំ​មកនូវការលំបាក​ដល់​ភាគី​ពាក់ពន្ធ័ ដូច្នេះហើយបាន​ជា​រាជរដ្ឋាភិបាល​គិតគូរលើនិន្នាការ​ច្បាប់​វិនិ​យោគ ហើយតែង​បាន​ជួយសម្រប​សម្រួលធ្វើ​យ៉ាង​ណាឲ្យ​សង្វាក់​ផលិត​កម្មដំណើរការទៅ​ដោយ​ភាព​​រលូនល្អ ដើម្បី​រក្សាសុខដុម​នីយកម្ម​ផ្នែក​ការងារ។
ឯកឧត្តម ក៏បានជំរាប​ជូនអំពី​នយោបាយ​របស់រាជ​រដ្ឋាភិបាល​គឺ បានដាក់​ចេញនូវផែនការអភិវឌ្ឍន៍ រយៈ ពេល៥ឆ្នាំ ​ក្នុងនោះ​មានផែន​ការយុទ្ធសាស្ត្រ​ត្រីកោណ ផែនការយុទ្ធ​សាស្ត្រចតុកោណ ,​​ផែន​ការវិនិយោគសាធារណៈ​៣ឆ្នាំរំកិល បូករួមទាំង​គោល​នយោ​បាយ​អភិវឌ្ឍន៍ផ្នែក​ឧស្សា​ហកម្ម​ផងដែរ។
រាជរដ្ឋាភិ​បាលធ្វើ​យ៉ាងនេះគឺដើម្បី​ទាក់ទាញ​វិនិយោគ​ទុនអន្តរជាតិ​ឲ្យចូលមក​ជួយ​ដល់ការអភិវឌ្ឍន៍កម្ពុជា ឲ្យបានកាន់​តែរីកចំរើន ជាពិសេស​គឺជួយប​ង្កើតការងារ​ឲ្យប្រជាជន​កម្ពុជាធ្វើ​នៅក្នុងស្រុកតែ​ម្តង​។ ឯកឧត្តម សុខ ​អាន ក៏បានថ្លែងអំណគុណ និងគាំទ្រចំពោះគំនិតរបស់​ប្រតិភូ​ដែល​ចង់​ឲ្យ​កម្ពុជា​រក្សាបាននូវ​ឈ្មោះផលិតកម្ម​ល្អ​របស់​ខ្លួនដើម្បី ដណ្តើមទីផ្សារនៅក្រៅប្រទេស ​មាន​ន័យថា​រាល់ផលិតផលដែល​នាំចេញ​ពីកម្ពុជាគឺត្រូវតែរក្សា​ឲ្យបាននូវកេរ្ត៍ឈ្មោះរបស់ខ្លួន ។
ឆ្លៀត​ក្នុងឱកាសនេះ​ក្នុងនាម​រាជរដ្ឋា​ភិបាល​កម្ពុជា ឯកឧត្តម​បណ្ឌិត​សភាចារ្យ ក៏បាន​ស្វាគមន៏ផងដែរ បើ​សិន​ជា​ប្រតិភូសភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅហុងកុងមានបំណង​ចង់​ជួយ ​ធ្វើការ​បណ្តុះ​បណ្តា​ល​ធនធាន​មនុស្ស ទាំងផ្នែកទន់ និងផ្នែករឹងដល់កម្មករកម្ពុជា ជាពិសេសទាក់ទង​និងឥរយាបទ​កម្មករ ឲ្យគេមានការយល់ដឹងពីតម្លៃនៃ​ការងាររបស់ខ្លួន ក៏ដូចជា​ឲ្យយល់ពីផលលំបាក ចំពោះ​ការងារ និងក្រុមហ៊ុន ដើម្បីឲ្យ​កម្មករ​កាន់តែ​មាន​អាជីពច្បាស់លាស់មានជំនាញ់ផ្នែកការងារ និង​យល់​ពីច្បាប់​ គឺ​រាជរដ្ឋាភិបាលកម្ពុជាសូមគាំទ្រ។
បច្ចុប្បន្នកម្ពុជាមានកម្មករជាងកន្លះលាននាក់ ដែលកំ​ពុងបំរើការងារ​នៅតាម​បណ្តាក្រុមហ៊ុនរោង​ចក្រ​សហ​គ្រាសនានា។
គួរបញ្ជាក់ថា កម្ពុជាសព្វថ្ងៃ​គឺកំពុងក្លាយ​ជាគោល​ដៅមួយក្នុង​ការទាក់​ទាញវិនិយោគ​ទុនអន្តរជាតិ​ដោយសារកត្តាសុខសន្តិភាព និងការរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច រួមទាំង​ល័ក្ខខណ្ឌ​អំណោយ​ផលយ៉ាង​ច្រើនទៀត ​ ទាំងផ្នែក​ទេសចរណ៍ ឧស្សាហកម្មកាត់ដេរ កសិកម្ម ធនាគារ គឺកំ​ពុង​​ទទួលបានការចាប់​អារម្មណ៏​ពីសំណាក់​វិនិយោ​គ​ទុន​អន្តរជាតិ​យ៉ាងខ្លាំង៕