ក្រសួងវប្បធម៌ ដែលដឹកនាំដោយលោកជំទាវ ភឿង សកូណា បានខិតខំបង្រៀនផ្នែកសិល្បៈទាំងសម័យ និងបុរាណ ដល់សិស្ស និស្សិតជាច្រើនក្នុងពេលបច្ចុប្បន្ននេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកសិល្បៈនៅតាមបណ្តាទូរទស្សន៍ដែលមានស្រាប់ និងបង្កើតថ្មីជាច្រើនក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរក៏មានសមាគម អង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួនបាននិងកំពុងបង្រៀនជំនាញសំដែងដើរតួរធ្វើបាតុកម្មដល់ក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល ដើម្បីសម្តែងបង្កើតឲ្យមានចលាចល និងសំអុយកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឳកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាព កម្ពុជា-ចិន តាខ្មៅឆ្លងកាត់ទន្លេបាសាក់ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា សព្វថ្ងៃមានការបណ្តុះបណ្តាលឯកជនទៀត ដែលបណ្តុះបណ្តាលតួខាងធ្វើបាតុកម្ម ដោយមានអង្គការក្រៅរដ្ឋាភិបាលខ្លះបង្រៀនជំនាញសំដែងតួរខាងធ្វើបាតុកម្មតែម្តង។ សម្តេចបានមានប្រសាសន៍បន្ថែមថាការបង្រៀននោះ គឺបង្រៀនពីរបៀបរត់បុកប៉ូលិសយ៉ាងដូចម្តេច បើថារត់បុកប៉ូលិសហើយត្រូវធ្វើរបូតអាវដូចម្តេច ធ្វើកំសត់ដូចម្តេច បើប៉ូលិសមិនរុញទេត្រូវរត់ទៅបុកប៉ូលិសយ៉ាងដូចម្តេច រួចធ្វើជាកំសត់ដូចម្តេច ដើម្បីឲ្យគ្នាគេមួយក្រុមទៀតចាំថត សុទ្ធតែមានជំនាញសម្តែងណាស់។ ហើយក្រុមសំដែងនោះទៀតសោតយើងសង្កេតឃើញថាបានចេញមុខសម្តែងនៅគ្រប់រឿង រឿងក្តីតុលាការក៏ទៅបាតុកម្ម រឿងដីធ្លីក៏ទៅបាតុកម្ម និយាយរួមទៅរឿងស្អីក៏មានមុខធ្វើបាតុកម្មដែរ។
សម្តេចតេជោ បានបន្តថា ក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលនេះ ត្រូវបានឲ្យដឹងថាមានការសហការគ្នាជាពីរក្រុមគឺ ក្រុមសម្តែងធ្វើបាតុកម្ម និងក្រុមចាំថតដើម្បីយករូបភាពទៅបង្ហោះក្នុងបណ្តាញសង្គមFacebook និងយកទៅផ្សព្វផ្សាយនៅតាមបណ្តាញដទៃទៀត ដើម្បីឲ្យប្រជាមតិយល់ឃើញថាប៉ូលិសអាក្រក់ ឃោឃៅ និងរាជរដ្ឋាភិបាលអាក្រក់។
សម្តេចបានបន្ថែមទៀតថា ផលប្រយោជន៍សេដ្ឋកិច្ច ផលប្រយោជន៍សង្គមមិនដែលគិតទេ មួយថ្ងៃៗឆ្កឹះត្រង់នេះ ឆ្កឹះត្រង់នោះ តាមចិត្តគេចង់ មិនមានរឿងធ្វើឲ្យមានរឿង មានរឿងមួយប្រឌិតទៅជារឿងដប់។ សម្តេចបានថ្លែងទៀតថា រឿងក្នុងសង្គមពិតជាមាន ប៉ុន្តែរឿងមួយឲ្យដឹងថារឿងមួយ រឿងពីរឲ្យដឹងថារឿងពីរទៅ កុំប្រឌិតរឿងមួយទៅជារឿងដប់ ធ្វើឲ្យច្បាស់បែបនេះគឺ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាបានឆាប់រហ័ស និងចំគោលដៅ៕
ដោយៈ សុភាព