ដោយមានការលើកឡើងជាបន្តបន្ទាប់ ពីអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឯកឧត្តម អ៊ុំ សំអាន ជំរុញឲ្យរាជរដ្ឋាភិបាលប្តឹងវៀតណាម ទៅតុលាការអន្តរជាតិក្រុងឡាអេ អំពីការរំលោភទឹកដីកម្ពុជា ប៉ុន្តែតំណាងរាស្ត្រគណបក្សមួយនេះ មិនបានបង្ហាញនូវអង្គហេតុ និងអង្គច្បាប់នានាទាក់ទងនឹងបណ្តឹងនេះឡើយ។ ឆ្លើយតបនិងការជំរុញហើយជំរុញទៀតនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចោទជាសំនួរថា តើបើប្តឹងទៅកម្ពុជាចាញ់ ឬឈ្នះ? និងចំនេញ រឺខាត?។ សម្តេចតេជោ បានដាក់សំនួរនេះទៅកាន់ក្រុមបក្សប្រឆាំង ឲ្យពន្យល់ និងផ្តល់ឯកសារពាក់ព័ន្ធ រឺអាចសរសេរជានិក្ខេបទតែម្តង ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់របស់ពួកគេ។ ការលើកឡើងរបស់សម្តេច បានធ្វើឡើងក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៥ម្សិលមិញនេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ខ្លាំងៗថា «អ្នកដែលថាឲ្យខ្ញុំប្តឹងទៅតុលាការឡាអេ សុំស្នើមេត្តាធ្វើសារណាឲ្យច្បាស់តើប្តឹងនៅកន្លែងណា? ស្វាគមន៍ទទួលមតិនៃអ្នកច្បាប់ដែលបានលើកឡើងថា ឲ្យនាយករដ្ឋមន្ត្រីប្តឹងវៀតណាម ទៅតុលាការឡាអេ។ សុំសិក្សាផ្លូវច្បាប់លើគ្រប់ទិដ្ឋភាពទាំងអស់ តើប្តឹងកន្លែងណា? បើប្តឹងដើម្បីសម្លាប់ខ្លួនឯងកុំប្តឹងអី»។
សម្តេចតេជោ បន្តថា អ្នកដែលមានផែនទីត្រឹមត្រូវសូមដាក់មក បើមិនបញ្ជូនមករាជរដ្ឋាភិបាល សូមបញ្ជូនទៅរាជបណ្ឌិតសភា ដែលកំពុងត្រូវការឯកសារយកមកផ្ទៀងផ្ទាត់។ រាជរដ្ឋាភិបាលបានផ្តល់ជូនអស់ហើយ ទៅរាជបណ្ឌិតសភា ដែលកំពុងធ្វើការក្នុងឋានៈជាអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវដោយឯករាជ្យ ខុសថាខុស ត្រូវថាត្រូវ។ សូមអ្នកដែលថាឲ្យសម្តេចប្តឹងវៀតណាមទៅតុលាការឡាអេ សូមធ្វើសារណាមក ថាតើប្តឹងទៅវាឈ្នះនៅត្រង់ណា? រឺចាញ់ត្រង់ណា? ហើយបើប្តឹងគ្រាន់តែដើម្បីចាញ់ចាំបាច់ប្តឹងធ្វើអី?
ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ទៅកាន់ជនរួមជាតិខ្មែរឲ្យបានយល់ពីបញ្ហានេះ សម្តេចតេជោបានលើកយកមកពន្យល់ថា សាធារណៈជនគួរស្វែងយល់ថា ហេតុអ្វីបានជាព្រះកុរណា សម្តេចព្រះបរមរតនកោឡ មិនប្តឹងទៅតុលាការឡាអេ កាលពីសម័យមុន ដែលមានការឈ្លានពានដោយទម្លាក់គ្រាប់បែក គឺព្រះអង្គត្រឹមតែប្តឹងទៅអង្គការសហប្រជាជាតិ? សម្តេចបញ្ជាក់ថា «តើមានអ្នកណាដែលស្នេហាជាតិជាងព្រះករុណាព្រះរាជបិតាទៀត? ម៉េចបានព្រះអង្គមិនព្រមប្តឹង? ហើយក្នុងពេលដែលព្រះករុណាប្តឹងថៃរឿងព្រះវិហារ ម៉េចបានជាព្រះអង្គមិនព្រមប្តឹងរឿងព្រំដែនជាមួយវៀតណាម ? ថៃចាញ់ក្តីខ្មែរមកពីអ្វី? គឺចាប់ផ្តើមពីផែនទី។ ផែនទីដែលកម្ពុជាប្រើជាមួយប្រទេសថៃមកដល់ពេលបច្ចុប្បន្ន គឺផែនទីដែលស្របតាមកិច្ចព្រមព្រៀងបារាំង-សៀម គឺដើរតាមខ្សែបែងចែកទឹក ប៉ុន្តែពេល បារាំងគូសផែនទី គឺអត់ដើរតាមការកំណត់ហ្នឹងទេ ហើយពេលបារាំងយកផែនទីទៅឲ្យសៀម សៀមមិនត្រឹមតែមិនទាមទារឲ្យកែប្រែផែនទីហ្នឹងទេ ថែមទាំងប្រើផែនទីហ្នឹងរហូតមក។ ដូច្នេះតុលាការឡាអេ កាត់ក្តីគឺផ្អែកលើអង្គហេតុ និងអង្គច្បាប់ គឺផ្អែកលើផែនទី។ ដូច្នេះតុលាការកាត់ឲ្យខ្មែរឈ្នះព្រោះព្រះវិហារនៅក្នុងដីខ្មែរ ដោយផ្អែកតាមផែនទីដែលថៃបានប្រើ។ តែដោយឡែកចំពោះបញ្ហាវៀតណាម ជាមួយកម្ពុជា គឺរឿងដាក់ដាំ និងដាក់ហូទ»។
សម្តេចតេជោ ពន្យល់ថា នៅឆ្នាំ១៩១៤ អគ្គទេសារភិបាលឥណ្ឌូចិន បានចេញសេចក្តីសម្រេចមួយ ថាព្រំដែនត្រូវដើរតាម ទន្លេដាក់ហូទ ដល់បារាំងគូសផែនទី បែរជាយកតាមដាក់ដាំ។ ដូច្នេះអ្នកដែលឲ្យសម្តេចប្តឹងហ្នឹងសូមពន្យល់មកសម្តេចវិញមកយ៉ាងម៉េចរឿងហ្នឹង? តាំងពីបារាំងគូសផែនទី តើខ្មែរធ្លាប់បានតវ៉ារឺក៏អត់? គឺមិនដែលទេ។ ហើយខ្មែរបានផ្ញើរទៅឲ្យអាមេរិក ជំនាន់ខ្មែរប្តឹងវៀតណាមទៅអង្គការសហប្រជាជាតិស្តីពីការទម្លាក់គ្រាប់បែកដោយដាក់ថា ផែនទីនេះ គឺគូសតាមសេចក្តីសម្រេចរបស់អគ្គទេសារភិបាលឥណ្ឌូចិន។ គឺបានសេចក្តីថា កម្ពុជាយើងអត់បានកែអ្វីទាំងអស់ នេះហើយជាកំហុស បានសេចក្តីថាយើងយកផែនទីទៅដាក់អង្គការសហប្រជាជាតិ ប្តឹងគេទម្លាក់គ្រាប់បែក តែយកផែនទីហ្នឹងទៅឲ្យគេ ចឹងគេទម្លាក់គ្រាប់បែកហ្នឹងអត់ខុសជាមួយផែនទីផងការពិតទៅ។ ចំពោះផែនទីទិញនៅផ្សារបារាំង ដែលគេបង្ហោះតំលៃ ១៦៨ដុល្លារ បើយកមកមើលទៅ គឺកម្ពុជាយើងពិតជាស្ថិតនៅក្នុងដីវៀតណាមមែន។
សម្តេចបន្ថែមទៀតថា ដោយចេតនាប្រឆាំងដើម្បីអំណាច ប្រឆាំងដើម្បីកេងចំណេញនយោបាយ ទោះបីជាផែនទីមកពីបារាំង និងផែនទីដែលមកពីអង្គការសហប្រជាជាតិដែលយើងបានថតចំលងតាំងពីមុន គឺឥឡូវបក្សប្រឆាំងគេអត់ព្រមទទួយកទេ។ ដូច្នេះសម្តេចបានស្នើសុំខ្ចីផែនទីពីប្រទេសមហាអំណាចទាំង៣ គឺអាមេរិក បារាំង និងអង់គ្លេសរួមទាំងអង្គការសហប្រជាជាតិ គឺសុំខ្ចីផែនទីដើមតែម្តង ដែលរួមទាំងអ្នកជំនាញផង។ សម្តចតេជោ បានក៏បានអំពាវនាវឲ្យបក្សនយោបាយទាំងអស់ ដើម្បីឯកភាពជាតិបាន គឺត្រូវឯកភាពគ្នារឿងផែនទី ហើយ បើចង់យកផែនទីមុន ដែលខុសពីរដ្ឋធម្មនុញ្ញ បើសិនជារដ្ឋធម្មនុញ្ញបានចែងថា ផែនទីនៃព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់ផែនទីខ្នាត១/៥០.០០០ សម្តេចសុខចិត្តលុបចោល កិច្ចព្រមព្រៀងសន្ធិសញ្ញាជាមួយវៀតណាម ប៉ុន្តែមាត្រាទី២នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានកំណត់ឲ្យប្រើផែនទីខ្នាត ១/១០០.០០០ ដែលបោះពុម្ពក្នុងចន្លោះឆ្នាំ១៩៥៣ -១៩៣៣ ដែលអន្តរជាតិទទួលស្គាល់ នៅឆ្នាំ១៩៦៣។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យអ្នកដែលមានផែនទីត្រឹមត្រូវសូមដាក់មកជូនរាជរដ្ឋាភិបាល ហើយបើស្អប់សម្តេចណាស់សូមដាក់ទៅព្រះមហាក្សត្រ ហើយ សូមកុំប្រើប្រាស់រឿងព្រំដែនកេងចំនេញ ។ សម្តេចបានសម្មតថា អ្នកណាដែលថាមានផែនទីដែលចាត់ទុកថាត្រឹមត្រូវ ហើយមិនហ៊ានបញ្ចេញផែនទីមកនោះ អ្នកនោះគឺជាអ្នកបោកប្រាស់ប្រជាជន សម្តេចនឹងមិនលើកលែងឲ្យលើទិដ្ឋភាពផ្លូវច្បាប់ទេ។ សម្តេចរំលឹកថាពីមុនជាអាណាគមរបស់បារាំងនៅពេលបារាំងចេញទៅបារាំងបានទុកផែនទីសំរាប់ឲ្យប្រើប្រាស់រវាងកម្ពុជា វៀតណាម និងឡាវ គឺមានតែផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើនេះទេ។ សម្តេចបានលើកឡើងថា ការរើសយកផែនទីមកធ្វើព្រំដែនជាមួយប្រទេសជិតខាង មិនមែនធ្វើតាមចិត្តបានទេ ហើយកុំដោយសារអស់សន្លឹកបៀលេង បែរមកលេងរឿងជាតិនិយម សម្តេចនឹងមិនលើកលែងទាល់តែសោះនៅពេលដែលការពិតត្រូវបានលាតត្រដាង៕
អត្ថបទ៖ សុភាព