Wednesday, August 5, 2015

បទ​អត្ថា​ធិប្បាយ៖ តើបក្ស​ប្រឆំាង​​ជំរុញ​​ ឲ្យ​រាជរដ្ឋា​ភិបាល​ប្ដឹង​ទៅ ICJ ជាឆន្ទៈ​ស្នេហាជាតិ​​ពិតប្រាកដ​ ឬក៏​ជានយោ​បាយ​ប្រជា​ភិថុត​?

ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ទូ​ទៅមាន​ការ​អប​អរ​សាទរ​ និង​គាំ​ទ្រយ៉ាង​ពេញ​ទំ​ហឹង​ចំពោះ​ការផ្តួច​ផ្តើម​គំ​និត​ប្រកប​ដោយ​ភាព​ក្លាហាន​ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់បំ​ផុតរបស់​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋា​​ភិបាល តាម​រយៈការ​ផ្ញើ​លិខិតស្នើ​សុំ​ខ្ចីជា​ផ្លូវ​ការ​នូវ​ផែន​ទី​​ពីអង្គការ​សហប្រជាជាតិ និង​ច្បាប់​ចម្ល​ង​​នៃ​ផែន​ទី​ពី​​ប្រទេស​មហាអំ​ណាច​ទាំង​បី អម​ដោយ​អ្នក​បច្ចេក​ទេសផែន​ទី​ ដើម្បី​ផ្ទៀង​ផ្ទាត់ជា​មួយ​នឹង​ផែន​ទី​បោន ខ្នាត១​/១០០.០០០​ ដែល​រាជ​រដ្ឋាភិបាល បាន​ និង​កំ​ពុង​ប្រើប្រាស់ ក្នុង​គោល​បំ​ណង​បញ្ជាក់​ អំ​ពី​ភាព​ត្រឹម​ត្រូវ​ពិត​ប្រាក​ដលើកិច្ចការកំ​ណត់​ព្រំ​ដែន​ជាមួយ​​ប្រទេ​ស​ជិត​ខាង​បែរជា​ថ្នាក់​ដឹក​​នាំគណបក្សនយោបាយប្រឆាំងយក​ផែន​ទី​ដែល​ខ្លួន​បានទិញ​នៅ​តាម​ផ្សារ​មក​បង្ហោះ​​​ផ្សព្វ​ផ្សាយ ហើយ​ថ្មីៗនេះ អ្នកតំ​ណាង​រាស្ត្រ​មួយ​រូបរបស់​គណ បក្ស​ប្រឆាំង បាន​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាលប្តឹង​ទៅតុលាការ​យុត្តិធម៌​អន្តរជាតិ (​ICJ) ដោយ​ចោទ​ថា មាន​ការ​រំ​លោភ​​ទឹក​ដី​ពី​ប្រទេស​ជិត​ខាង។​​

តើ​សកម្មភាព​របស់​ក្រុម​ប្រឆាំង​ ដែល​បាន​និង​កំ​ពុង​ធ្វើនេះ ជា​ឆន្ទៈស្នេហាជាតិ​ពិត​ប្រាកដ ឬ​ក៏​ជា​ល្បែងនយោបាយដើម្បី​​បោកប្រាស់ និង​ធ្វើប្រជា​ភិថុត​?
វាមិន​មែន​ជា​ការ​ពិបាក​យល់​ពេក​នោះ​ទេ ក្នុង​ការឆ្លើយតប​នឹង​សំ​នួរបែប​នេះ​ គឺ​ប្រជា​ពល​រដ្ឋ​​អាច​ចាប់​ផ្តើម​ពិចារណា ស្វែង​យល់ អំពី​ទង្វើ​មួយ​ចំ​នួន​ដែល​បង្កប់ដោយការ​ញុះ​ញង់ ដុត​កំ​ហឹង​ពូជសាសន៍ ​បង្កើត​ស្មារតី​​​ជាតិ​និយម​ជ្រុល​ ក្រោម​ហេតុ​ផល​កេង​ចំ​ណេញ​ខាង​នយោបាយ​ គឺពួក​គេ​ពុំ​បាន​គិត​គូរទាល់​តែ​សោះ​ អំពី​ផល​វិបាក​ និង​គ្រោះ​មហន្ត​រាយ​ដ៏​ធំ​ធេង​ដល់​ជាតិ​កម្ពុជា​ទាំង​មូល​ដែល​អាចនឹងកើត​ចេញ​ពី​ទង្វើ​គ្មាន​ការ​ទទួល​​ខុសត្រូវទាំង​នោះ​។

ពិត​ណាស់ថា អធិបតេយ្យ​ភាព​ជាតិ​ មិន​មែន​មាន​តម្លៃ​ត្រឹម​តែ​១៦៨ដុល្លារ​ ដូច​បុគ្គលអ្នក​នយោ​បាយ​រូប​នោះ​ ដែលខ្លួនគេបានយក​ផែន​ទីទិញ​ពី​ផ្សារ​មក​បំ​ពុល​សាធារណមតិ​នោះទេ ហើយ​​ប្រជា​​ពលរដ្ឋ​ក៏​អាច​នឹង​នៅ​ចងចាំ​បាន​ដែរថា ក្នុង​អំ​ឡុង​ពេល​ដែល​កម្ពុជា​កំ​ពុង​មាន​បញ្ហានៅ​ព្រំ​ដែន​ខាងលិច និងត្រូវ​ការ​ប្រមូល​កម្លាំង​សរុប មធ្យោបាយ​សរុប ​ជាស្មារតី​សាមគ្គី​ជាតិ​តែ​មួយក្នុងការ​​ការពារ​​បូរណភាព​ទឹក​ដី បែរជាបុគ្គលអ្នក​ដឹក​នាំ​នយោបាយ​ប្រជាភិថុត​​រូប​នោះ សុខចិត្ត​ហែក​កម្លាំងឯកភាព​ផ្ទៃក្នុង​ជាតិ ​​ដើម្បីគ្រាន់​តែ​បំ​រើនូវមហិច្ឆតានយោបាយ និងការកេង​ចំ​ណេ​ញ​ប្រជា​ប្រិយ​ភាព​​របស់​ខ្លួនតែប៉ុណ្ណោះ។

ដើម្បី​សម្រេចនូវ​គោល​បំ​ណងរបស់​ខ្លួន​ បុគ្គល​រូប​នេះ ​បាន​​​លើក​ឡើង​ដោយ​គ្មានសតិ​សម្បជញ្ញៈ និង​ពុំ​បាន​បង្ហាញ​នូវ​ភាព​ស្មោះ​ត្រង់ចំ​ពោះ​​ជាតិ​ទាល់​​តែ​​សោះ ​ដោយបាន​និយាយថា « បើ​រដ្ឋាភិបាល​គិត​ព្រំ​ដែន​​ខាង​លិច សូម​​កុំ​ភ្លេចខាង​កើត»  និងថែម​ទាំងបានយក​ផែន​ទី​ Google  ដែល​ជា​ផែន​ទី​មិន​ផ្លូវ​ការ មកធ្វើ​ជា​អំ​ណះ​អំ​ណាង​បញ្ជាក់​​អំពី​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា ក្រោម​លេស​ថា ខ្លួន​គឺជា​អ្នក​សេ្នហា​ជាតិ ទឹក​ដី​។

ការ​លើក​ឡើង​ដូច្នេះ គឺគ្មាន​អ្វី​ក្រៅពីដើម្បី​ទាញ​បង្វែរការ​ចាប់​អារម្មណ៍​ពីបញ្ហា​ដែល​កំ​ពុង​ប្រឈម​​​មុខយ៉ាង​ក្តៅ​គគុកនៅ​ព្រំ​ដែន​ខាងលិចនៅ​ពេល​នោះ មក​បំ​រើកល​ល្បិច​នយោ​បាយ​ញុះ​ញង់​ចង់​ឲ្យ​មាន​ជម្លោះ​ អារិភាព​ជា​មួយព្រំ​ដែន​ខាង​កើត​ថែម​ទៀតនោះ​ឡើយ។
ដោយ​សារជាតិ​ជា​បុគ្គល​បំ​រើនយោបាយ​ប្រឆាំងផ្កាប់មុខ​ដូចគ្នា​ ថ្មី​ៗនេះ តំ​ណាង​រាស្ត្រ​មួយ​រូប​របស់​គណ​បក្ស​ប្រឆាំង បាន​ជំ​រុញឲ្យ​រាជ​រដ្ឋាភិបាល​ប្តឹង​ប្រទេសវៀតណាម​ទៅ​កាន់​តុលាការ​ ICJ។

តើ​ក្រុម​គណបក្ស​ប្រឆាំង​បានយល់ដឹង​ពីគោល​ការណ៍​ច្បាប់​អន្តរជាតិពាក់​ព័ន្ធនឹង​តុលា​ការ ICJ ​ដែរឬទេ?​ អ្វី​ទៅ​ដែល​ហៅថា ICJ?  ហើយ​តំ​ណាង​រាស្ត្រ​រូប​នោះ មាន​បាន​យល់ដឹង​ ​​ពីលក្ខន្ដិកៈ និង​យុត្តា​ធិការ​របស់​ICJដែរឬទេ ? ការ​ដោះ​ស្រាយ​ជម្លោះអំ​ពី​អធិប​តេយ្យ​​ជាតិ​ជាមួយ​ប្រទេស​វៀត​ណាម​នៅ​ក្នុង​ខណៈ​នេះ បើកម្ពុជា​​ប្តឹង​ទៅ ICJ តើចំ​ណេញ​ ឬ​ក៏​ខាត​?

ផ្អែកលើ​គោលការណ៍​ច្បាប់​ យើងយល់ឃើញ​ថា តំណាងរាស្រ្ដ​​រូបនេះពិតជា​ខ្វះខាត​ខ្លាំង​បំ​ផុត​នូវ​ការស្រាវ​ជ្រាវរបស់​ខ្លួន​ក្នុង​ឋានៈជា​អ្នក​តំ​ណាង​រាស្ត្រ​ ​​ គឺ​មិនមានការយល់ដឹង​អំ​ពី​ច្បាប់ និង​គ្មាន​បទពិសោធន៍ទាល់​តែ​សោះ​ ដែលយើង​សូមណែនំា ដូចតទៅ៖ «យ៉ាង​ហោច​ណាស់​ ត្រូវ​​ទៅ​​សិក្សា​​មាត្រា​​៣៦​ កថាខណ្ឌ២​ នៃលក្ខន្ដិកៈ ICJ ដែលចែង​ពី​ សេចក្ដី​ប្រកាស​​ ​ទទួល​​ស្គាល់​ជា​កំហិត នូវ​យុត្តាធិការ​របស់​តុលា​ការ​​ -Declaration recognizing the Jurisdiction of the Court as Compulsory​» ដែលមក​ដល់​បច្ចុប្បន្ន​ មាន​ប្រទេសតែ​៧៧ប៉ុណ្ណោះ​នៅលើ​ពិភពលោក​ ដែល​​បាន​​​ធ្វើសេចក្ដី​ប្រកាស​ជា​ផ្លូវការ​ ហើយ​​បានដាក់ជូន​ទៅ​អគ្គ​លេខាធិ​ការ​អង្គការ​សហ​ប្រជា​ជាតិ​ ក្នុង​នោះ​ កម្ពុជា​​បាន​ធ្វើសេចក្ដី​ប្រកាស​នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​១៩៥៧​ រីឯ​ប្រទេស​វៀត​ណាម​មិន​​​បាន​​​ធ្វើសេចក្ដី​ប្រកាស​ទទួលស្គាល់យុត្តាធិការនៃតុលាការនេះ​​ទេ​»។​ ក្រៅ​ពី​នេះ​ កត្តា​ដ៏​សំ​ខាន់​បំ​ផុត​ដែល​​ត្រូវ​សិក្សាស្វែង​យល់ឲ្យ​បាន​ស៊ី​ជម្រៅផង​ដែរនោះ គឺពាក់ព័ន្ធ​នឹងបរិការភូមិ​សាស្ត្រ​​នយោ​បាយ​ជាយុទ្ធសាស្ត្រដែល​កំ​ពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្រួចស្រាវ​ រវាង​ប្រទេស​មហាអំ​ណាច​នៅ​​តំ​បន់​អាស៊ី​ ហើយ​ប្រទេសមហាអំណាច​មួយ​ចំ​នួន​នោះ ដែល​ជា​សមា​ជិក​ក្រុមប្រឹក្សាសន្តិ​សុខ​អង្គការ​សហប្រជាជាតិ ដូចជា​​ សហរដ្ឋ​អាមេរិក​ បារំាង ចិន និង​ រុស្ស៊ី ក៏មិនបានធ្វើសេចក្ដី​ប្រកាស​ទទួល​ស្គាល់យុត្តាធិការ ICJ នេះ​ដែរ ។

​ការ​ទាម​ទារ​ណាមួយឲ្យរាជ​រដ្ឋាភិបាល​​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ គឺគប្បី​អ្នកតំណាង​រាស្ត្រ​​គណ​បក្សប្រឆាំង ​បង្ហាញ​នូវអង្គហេតុ ​និងអង្គច្បាប់​នានា​ទាក់ទងនឹងបណ្តឹងនេះ​ឲ្យបាន​ច្បាស់​លាស់​ជា​មុន​សិន និង​ត្រូវ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ ​រឺសារណា​ផ្លូវ​ការ ដោយ​សិក្សា​ផ្លូវច្បាប់​លើ​គ្រប់​ទិដ្ឋភា​ព​ទាំ​ងអស់ ដែលវាជា​រឿង​របស់​អ្នក​តំ​ណាង​រាស្ត្រ​រូប​នោះត្រូវធ្វើ​មុន​គេបំ​ផុត​។  ក្នុង​ន័យ​ថា « ​បើប្តឹងដើម្បីសម្លាប់ខ្លួនឯង ពុំ​គួរ​គប្បី​ប្តឹងឡើយ»។​

ជា​ការ​ពិត បញ្ហា​ជម្លោះ​ព្រំ​ដែន​ជាមួយ​ប្រទេស​ជិត​ខាង ​រវាងព្រំ​ដែនខាងលិច និង​ខាង​កើត គឺមាន​លក្ខណៈផ្សេង​ពី​គ្នា​ ​ ។  ក្នុង​បរិការ​នេះ តំ​ណាង​រាស្ត្រ​រូប​នេះ គួរសិក្សា​ស្វែង​យល់​ថា  ​តើ​ហេតុ​អ្វី​បាន​ជាព្រះ​ករុណា​ ព្រះបរមរតនកោដ្ឋ ​មិនប្តឹងទៅតុលាការ​ ICJ  កាល​ពី​សម័យមុន​ ដែល​​មាន​ការឈ្លានពាន​ដោយការទម្លាក់គ្រាប់​បែក​ ហើយ​បែរជាព្រះ​អង្គ​សម្រេច​ព្រះ​រាជ​ហរ​ទ័យ​ត្រឹមតែ​ប្តឹង​ទៅអង្គការសហ​ប្រជា​ជាតិទៅវិញ​? ​
​​ម៉្យាងវិញ​ទៀត ក្នុងពេលដែល​ព្រះករុណាអតីតព្រះ​មហាវីរក្សត្រ​ប្តឹងពី​បញ្ហា​ព្រំ​ដែន​ខាង​លិច ក្នុង​​រឿងប្រាសាទ​ព្រះ​វិហារទៅ ICJ  ហេតុ​​ដូ​ចម្តេចបានជា​ព្រះអង្គ​មិន​ព្រម​​ប្តឹង​រឿង​ព្រំដែន​​ខាងកើត​ផងដែរ​ ? ​

ការដោះស្រាយបញ្ហា​ព្រំដែន កិច្ច​ការពារអធិបតេយ្យជាតិ ​បូរណភាព​ទឹក​ដី និងការងារ​បោះ​បង្គោល​​​ព្រំ​ដែន​ជា​មួយ​​ប្រទេស​ជិត​ខាង​ គឺជា​ការងារអទិភាពដ៏​ចម្បង​បំផុត​​​​​​​​​របស់​​រាជ​រដ្ឋា​ភិ​បាល ដែលបាន​ និង​កំ​ពុង​អនុវត្ត​ក្នុង​មនសិការ​ទទួល​ខុសត្រូវ​ខ្ពស់​ និង​ដោយ​​ប្រយ័ត្ន​ប្រយែង​បំ​ផុត​ ពី​ព្រោះ​​ ព្រំ​ដែន​ជា​បញ្ហា​អាយុជី​វិត​របស់​ជាតិ គឺ​មិនអាច​​បន្លំ​​ភ្នែក​ដូច​ក្រុម​អ្នក​នយោ​បាយ​ប្រឆាំង​ ដែល​បាន​និងកំ​ពុងអនុវត្ត​ដូចពេល​សព្វ​ថ្ងៃនេះ​ឡើយ។
ផ្ទុយ​ទៅ​វិញ​ រាជរដ្ឋាភិបាល បាន និងបន្ត​ដោះ​ស្រាយ​បញ្ហា​ព្រំដែនដោយសន្ដិវិធី​ជាមួយ​ ប្រទេស​វៀតណាម តាម​យន្ដការដែល​មាន​ស្រាប់ គឺ «គណៈកម្មការចំរុះកិច្ច​ការ​ព្រំដែន» ដើម្បី​បន្ត​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេសសល់។

ដូច្នេះ ​ការ​យក​ផែន​ទី​ទិញ​តាម​ផ្សារ​មក​បង្ហោះ​ផ្សាយដោយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ក៏​ដូច​ជា​ការ​ចាប់​បង្ខំ​ជំ​រុញ​យ៉ាងគឃ្លើនរបស់​តំ​ណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ឲ្យ​រាជរដ្ឋាភិបាល​ប្តឹង​ទៅ​តុលាការ​ ICJ  ដោយពុំ​បាន​សិក្សា​ស្វែង​យល់ឲ្យបាន​គ្រប់​ជ្រុង​ជ្រោយ​អំពី​ អង្គ​ហេតុ​ អង្គ​ច្បាប់ ប្រវត្តិសាស្ត្រ​ ក៏ដូច​ជាយុត្តាធិការ​របស់​ ICJ គឺបាន​បង្ហាញ​ឲ្យ​ឃើញយ៉ាង​ច្បាស់​ពី​ភាព​ល្ងង់ខ្លៅ​​ដ៏ខ្លាំងបំ​ផុតអំពីច្បាប់​អន្តរជាតិ​របស់​មន្ត្រី​រូប​នោះ​ ដែល​ចង់​រុញ​រាជ​រដ្ឋាភិបាល​ទាំង​មូលឲ្យ​ទៅ​ខុសដូចអ្វី​ដែលខ្លួនគិត គឺពួកគេចង់​អុចអាល​ឲ្យ​មាន​កំ​ហឹង​ពូជ​សាសន៍ បង្ក​ការប្រទូស​រ៉ាយ​ជា​មួយ​​ប្រទេសវៀតណាម​ ​ជំ​រុញ​ឲ្យ​ទៅ​ប្តឹង​ប្រទេស​មួយដែល​គេមិន​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ទទួល​ស្គាល់យុត្តាធិការរបស់​ ICJ។ តើការ​​ធ្វើ​បែប​នោះ សកល​លោក​ដែល​គេចេះ​ដឹងអំ​ពី​ច្បាប់​​អន្តរ​ជាតិ គេនឹង​រិះ​គន់​ពេប​ជ្រាយ​មកលើ​រាជ​រដ្ឋាភិបាលយ៉ាងដូចម្តេច​ទៅ​?

​ការជំ​រុញ​ឲ្យ​រាជ​រដ្ឋាភិបាល​ប្តឹង​ទៅ ICJ គឺសំដែង​ឲ្យ​ឃើញ​ថា បុគ្គល​ទាំង​នោះ​ពុំ​មាន​ភាព​​ហ្មត់​ចត់ និង​គ្មាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ពិតប្រាកដចំ​ពោះ​ជោគ​វាសនារបស់​ប្រទេស​ជាតិ​នោះ​ទេ​ ហើយក៏កាន់​តែ​បង្ហាញ​យ៉ាង​​​ច្បាស់​ផង​ដែរ​អំពី​​ការបន្តអនុវត្តនូវ​ឧបាយកល​ទុច្ចរិត​ ភូត​កុហក បោក​ប្រាស់ បំ​ភាន់​សាធារណមតិ  ក្រោម​ហេតុ​ផល​ប្រឆាំង​ដើម្បី​កេង​ចំ​ណេញ​នយោ​បាយ​​តែ​ប៉ុណ្ណោះ  ពោល គឺគ្មាន​អ្វី​ក្រៅ​ពីបន្តធ្វើ​នយោបាយ​ប្រជា​ភិថុត «ដុត​ឲ្យ​ខ្លោច រោចឲ្យ​ឆៅ​» នោះ​ឡើយ​៕

រាជធានី​ភ្នំ​ពេញ ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៥
អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​​