Wednesday, August 5, 2015

ឯកឧត្តម គឹម សន្តិភាព បដិសេធការលើកឡើង របស់បក្សប្រឆាំងថា ការចាប់ខ្លួនសកម្មជន CNRP ជារឿងនយោបាយ

បន្ទាប់ពីមានការ​ចាប់ខ្លួន ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ២រូប ​កាលពីថ្ងៃទី ​០៤ ខែសីហា ​ឆ្នាំ២០១៥ ​ពាក់ព័ន្ធនឹងអំពើហិង្សា​ដែលកើតឡើង ​នៅកំឡុង ខែកក្កដា​ ឆ្នាំ២០១៤កន្លងមក ​ឯកឧត្តម អ៊ូ ច័ន្ទឬទ្ធិ ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​បានលើកឡើងថា ​ការចាប់ខ្លួនរបស់តុលាការគឺ​ជារឿងនយោបាយ។​ ឆ្លើយតប​ និងការលើកឡើងនេះ​ ឯកឧត្តម គឹម សន្តិភាព​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បានប្រាប់បណ្តាញ​ព័ត៌មាន GNN ​នៅថ្ងៃទី ០៥ ខែសីហា ​ឆ្នាំ២០១៥ ថា​ដំណើការ​លើ​សំណុំរឿងក្តីនេះ​ គឺជារឿង​ព្រហ្មទណ្ឌសុទ្ធសាធ​ និងស្នើកុំឲ្យអ្នកនយោបាយទាញ​សំណុំរឿងនេះ​មកជារឿង​នយោបាយអី។  
ឯកឧត្តម គឹម សន្តិភាព ​បានមានប្រសាសន៍ថា​ «តុលាការបាន​ដំណើរការ​លើសំណុំរឿងក្តី​នេះតាំងពីខែកក្កដា​ ឆ្នាំ២០១៤ ​រហូតមកដល់ពេលនេះ ​គឺរយៈពេល​ជិតមួយឆ្នាំមកហើយ ​ដែលរឿងក្តីនេះ​កំពុងតែសិក្សា​អំពីចំណាត់ការ​ដែលស្ថិត​ក្នុងដៃតុលាការហើយ ​ជាធម្មតាចំណាត់ការនីមួយៗ​ក្នុងរឿងព្រហ្មទណ្ឌ​គឺពិបាក​ និងស្មុគស្មាញបំផុត»។
ឯកឧត្តមបន្តថា ​តុលាការមាន​អាណត្តិ​របស់គាត់មួយ ​ដែលឈរ​លើក្រមព្រហ្មទណ្ឌ​ហើយ​សំណុំរឿងព្រហ្ម​ទណ្ឌនេះ​យើងអាចមើល​តាមសកម្មភាពថា​ជារឿងហិង្សាមួយ​ ដែលកើត​មានឡើងនៅក្បែរ​ទីលានប្រជាធិបតេយ្យ។ ​សកម្មភាពហិង្សាទាំងនោះ​ វាជារឿងព្រហ្មទណ្ឌ ​មិនមែនជារឿង​នយោបាយទេ​ ហើយក៏មិនមានអ្នក​នយោបាយណា​មួយទៅដាក់​​សម្ពាធសង្កត់ទៅ​លើស្ថាប័ន​តុលាការដែរ​ ពីព្រោះ​សំណុំរឿង​នេះគេបង្កតាំងពីខែ​ កក្កដា ឆ្នាំ២០១៤មក។
ឯកឧត្តម គឹម​ សន្តិភាព ​បានបញ្ចេញនូវ​ទស្សនៈផ្ទាល់ខ្លួនថាប​ «ខ្ញុំយល់ថាអ្វីៗ​ដែលជារឿង​របស់ស្ថាប័ន​តុលាការ គួរទុក​ឲ្យតុលាការជាអ្នក​សម្រេច ​យើងមិនគួរណាលូកម៉ាត់ ​ទិទៀន​អំពីដំណើរការ​របស់តុលាការ រឺ​ក៏ទាញហេតុ​ផលនេះ​ហេតុផលនោះ ​ឲ្យពាក់ព័ន្ធនឹងរឿងនយោបាយទេ ។​ ខ្ញុំគិតថា​អ្នកពាក់ព័ន្ធ​ជាមួយនឹង​សំណុំរឿងនេះ​គួរតែខិតខំរក​សក្ខីកម្មបន្ថែម។ ​ឯកឧត្តមបាន​បន្ថែមថា ខ្ញុំ​សូម​បញ្ជាក់ថាក្នុង​ដំណាក់កាល​ស៊ើបសួរនេះ​គឺចៅក្រមស៊ើបសួរ គាត់មានកាតព្វកិច្ចក្នុងការស៊ើប និងរកភ័ស្តុតាងដាក់បន្ទុកថែម ​និងរកភ័ស្តុតាងដោះ​បន្ទុកផង។ ​ដូច្នេះភាគីណាដែល​ពាក់ព័ន្ធនឹង​សំណុំរឿងនេះ ​សូមបញ្ជូនភ័ស្តុតាង​ទៅកាន់ចៅក្រម​ស៊ើបសួរចុះ​ដើម្បីឲ្យចៅក្រម​ស៊ើបសួររៀបចំ​ដំណើរនីតិ​វិធីបន្តទៀត»៕
អត្ថបទ៖ សុភាព