សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«បារាំងគូសផែនទីឲ្យខុស ប៉ុន្តែតាំងពីដើមមកកម្ពុជាយើងមិនបានតស៊ូមតិដើម្បីកែផែនទីនោះទេ។ បើខ្សែព្រំដែនយកតាមព្រែកដាក់ដាំ គឺចូលមកដីកម្ពុជាប្រមាណជា ៥០គម ដូច្នេះ ឥឡូវនេះខ្ញុំ (សម្តេច ហ៊ុន សែន) កំពុងចរចារសុំឲ្យវៀតណាមទទួលយកតាមយើង គឺយកតាមដាក់ហូតវិញទើបត្រឹមត្រូវតាមកសេចក្តីសំរេចរបស់អគ្គទេសាភិបាលបារាំង។ ដូច្នេះខ្ញុំគ្រាន់តែចរចារកែពីដាក់ដាំមកដាក់ហូតដែលអាចឲ្យកម្ពុជាចំណេញ ៥០គម តើខ្ញុំខុសអ្វី? រឺមួយមកពីខ្ញុំមិនព្រមលះបង់តំបន់ដាក់ហូត ដាក់ដាំ ទើបគេចោទថាខ្ញុំខុស ចោទថាធ្វើឲ្យបាត់បង់ទឹកដី»។
សម្តេចតេជោគូសបញ្ជាក់ថា «ការចោទប្រកាន់មួលបង្កាច់រាជរដ្ឋាភិបាលថាធ្វើឲ្យបាត់បង់ទឹក មិនមែនជារឿងថ្មីទេ យុទ្ធសាស្រ្តនេះគេប្រើរួចហើយ សម័យសម្តេចឪ ក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរនោះ គឺគេថាព្រះអង្គលក់ដីឲ្យវៀតណាម។ ប៉ុន្តែការសំខាន់តើប្រជាពលរដ្ឋនៅតាមព្រំដែនចង់បានសង្គ្រាម រឺអត់? សូម្បីតែអ្នកអត់នៅជាប់ព្រំដែន ក៏អត់ចង់បានសង្គ្រាមដែរ ហើយខាងវិស័យអ្វីក៏ប៉ះពាល់ដែរបើកើតសង្គ្រាមនោះ»។
ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជាតិ ដើម្បីរក្សាសនិ្តសុខជាតិរបស់យើង និងដើម្បីរក្សាភាពសុខសាន្តក្នុងតំបន់ រាជរដ្ឋាភិបាលបានខិតខំ និងយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាព្រំដែន លើសពីនេះដើម្បីបញ្ចៀសនិងបញ្ចប់សង្គ្រាមតាមព្រំដែន យើងបានបង្កើតអនុសារណៈនៃការយោគយល់គ្នា ឆ្នាំ២០១១ ដែលអនុញ្ញាតឲ្យប្រទេសទាំងពីរ ដោះដូរគ្នាទៅវិញទៅមកដោយស្មើភាព ព្រោះភូមិខ្លះរបស់កម្ពុជា បារាំងដាក់ឲ្យវៀតណាម ហើយភូមិវៀតណាមខ្លះបារាំងដាក់ចូលដីកម្ពុជា ដូច្នេះយើងមិនអាចលើកភូមិចេញបានទេ មានតែដោះដូរគ្នា រក្សាឲ្យប្រជាជនអាចរស់នៅបានលើដីធ្លីរបស់គាត់ដដែល។ គួរបញ្ជាក់ថា ចំណុចដាក់ដាំ និងដាក់ហូត គឺស្ថិតក្នុងព្រំប្រទល់ខេត្តរតនៈគីរី គឺនៅក្នុងផែនទីផ្ទាំងទី៩ ឈ្មោះ POSTE MAITER នៃផែនទី Bonne ខ្នាត ១/១០០.០០០ ទាំង២៦ផ្ទាំង៕