សម្តេចតេជោ ហ៊ុន សែន ថ្លែងថានៅពេលសម្តេចសរសេរលិខិតទៅសុំខ្ចីផែនទី និងការសហការពីប្រទេសដែលពាក់ព័ន្ធ ដូចជាបារាំង អាមេរិក អង់គ្លេស និងអង្គការសហប្រជាជាតិនោះ គឺសម្តេចមិនបានដឹងទាល់តែសោះថា ផែនទីដែលគេនឹងឲ្យខ្ចី រឺផ្តល់ឲ្យនោះយ៉ាងម៉េច ប៉ុន្តែសម្តេចបានត្រៀមខ្លួនរួចហើយថា បើលទ្ធផលខុសគ្នាពីផែនទីដែលរាជរដ្ឋាភិបាលបានឹងកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម នោះសម្តេចនឹងលាលែងពីដំណែងនាយករដ្ឋមន្ត្រីភ្លាម ហើយដើរចូលមន្ទីរឃុំឃាំងដោយខ្លួនឯង ដើម្បីទទួលការកាត់ទោសតាមច្បាប់ ហើយនេះជាការទទួលខុសត្រូវ។ ប៉ុន្តែបន្ទាប់ ពីដំណើរការផ្ទៀងផ្ទាត់ផែនទី ដែលខ្ចីពី អង្គការសហប្រជាជាតិ និងផែនទីដែលបារាំងផ្តល់ឲ្យចប់រួចរាល់ហើយលទ្ធផលដូចគ្នាបេះបិទនោះ សម្តេចតេជោ បានស្នើឲ្យស្ថាប័នច្បាប់នានា ចាត់វិធានចំពោះអ្នកចោទប្រកាន់រាជរដ្ឋាភិបាលរឿងផែនទីមកទទួលខុសត្រូវចំពោះទង្វើររបស់ខ្លួន។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា «ល្បែងនេះជាល្បែងដែល ហ៊ុន សែន ធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែត្រូវតែលេង គេមិនទុកឲ្យយើងបានសុខ យើងក៏មិនទុកឲ្យគេបានសុខដែរ។ ល្បែងនេះខ្ញុំគិតហើយថា បើគេឲ្យមកហើយផ្ទៀងផ្ទាត់ទៅគឺដូចគ្នានោះ គឺយើងឈ្នះរហូតទាល់តែខ្ញុំលែងចង់ធ្វើជានាយករដ្ឋមន្ត្រី ហើយបក្សប្រឆាំងត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ។ ឥឡូវនេះច្បាស់ហើយ ទេវតាមានភ្នែក ទេវតាមិនធ្វើបាបមនុស្សល្អទេ គឺធ្វើបាបមនុស្សអាក្រក់។ នេះជាល្បែងដ៏គ្រោះថ្នាក់ និងប្រកបដោយការទទួលខុសត្រូវ។ ដូច្នេះអ្នកនិយាយចេញមកទទួលខុសត្រូវមក តើហ៊ានលាលែងពីដំណែងរឺអត់? នេះជាការនាំឲ្យគ្រោះថ្នាក់ដល់ជាតិជាការប្រព្រឹត្តឧក្រិដ្ឋកម្ម និងជាឧក្រិដ្ឋជន»៕