សម្តេចតេជោ បានរំលឹកថាសម្តេចធ្លាប់បានធ្វើបទអន្តរាគមន៍ម្តងរួចមកហើយ លើបញ្ហាព្រំដែនកម្ពុជា-វៀតណាម ជាង៥ម៉ោង ដើម្បីបំភ្លឺជូនពលរដ្ឋខ្មែរទូទាំងប្រទេសកាលពីថ្ងៃ ០៩ ខែសីហា ឆ្នាំ២០១២ នៅរដ្ឋសភាជាតិ និងបានធ្វើការផ្សព្វផ្សាយ ការពន្យល់ដោយក្រុមការងារព្រំដែនជាច្រើនលើកច្រើនសារ។ សម្តេចបន្តថា ទោះបីប្រឹងផ្សព្វផ្សាយយ៉ាងណាក្តីក៏ក្រុមបក្សប្រឆាំង នៅតែមិនទទួលយកបាន ហើយបន្តបំផុស បំភ្លៃការពិតក្នុងគោលដៅបង្កើតឲ្យមានការយល់ច្រឡំ បោកប្រាស់ទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់ប្រជាជនហើយគ្មានការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិឡើយ។ ការលើកបញ្ហាព្រំដែនទឹកដីមកកេងចំណេញនយោបាយ បំភាន់សាធារណមតិជាតិ និងអន្តរជាតិអាចនឹងនាំមកនូវការបង្កការបែកបាក់ជាតិ អរីយភាពជាតិសាសន៍ ខូចខាតទំនាក់ទំនងល្អ រវាងប្រទេសជិតខាង។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា មួយរយៈនេះអ្នកនយោបាយខ្មែរជ្រុលនិយមមួយចំនួនបានលើកឡើងកាន់តែឃោរឃៅ ចោទរដ្ឋាភិបាលថា បានប្រើផែនទីក្លែងក្លាយ មិនត្រឹមត្រូវ ផែនទីចោរ និងលើកយកសិទ្ធិសញ្ញា១៩៧៩ មកក្លែងក្លាយក្នុងគោលដៅញុះញង់ ដែលអាចបណ្តាលឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម បើរាជរដ្ឋាភិបាលមិនអាចទប់ស្កាត់ទាន់ពេលវេលាទេ។
សម្តេចតេជោ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណផ្ទាល់មាត់ថា៖ គោលបំណងដែលរាជរដ្ឋាភិបាល ធ្វើការស្នើសុំប្រទេសមួយចំនួននូវផែនទីដើមរបស់កម្ពុជា ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់បច្ចុប្បន្ន គឺដើម្បីបញ្ចៀសនិងបញ្ចប់ការញុះញង់ ដោយគ្មានការទទួលខុសត្រូ ធ្វើឲ្យបែកបាក់ជាតិ បង្កើតភាពភាន់ច្រឡំ ដែលធ្វើឲ្យមហន្តរាយដល់ជាតិទាំងមូល និងភាពសុខសាន្តរបស់ប្រទេសក្នុងតំបន់ផងដែរ។ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តឥតងាករេ សំដៅកសាងព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់បោះបង្គោលជាមួយវៀតណាម គឺជាផែនទីផ្លូវការ នឹងស្របច្បាប់ គឺផែនទី Bonne ខ្នាត ១/១០០.០០០ បន្សល់ទុកពីអាណាព្យាបាលបារាំង និងបានតំកល់នៅអង្គការសហប្រជាជាតិ និងសុំឲ្យអន្តរជាតិទទួលស្គាល់ នៅរង្វង់ឆ្នាំ១៩៦៤។ ផែនទីនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចុះសន្ធិសញ្ញាចំនួន៣ជាមួយវៀតណាម។ ទី១ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ១៩៨៣ សិទ្ធិសញ្ញានិងកិច្ចព្រមព្រៀងនេះចាត់ទុកថាព្រំដែនប្រទេសទាំងពីរគឺមានហើយ។ ការកំណត់យកផែនទីនេះគឺស្របនិងសន្ធិសញ្ញាអន្តរជាតិនូវព្រំដែនមិនកែប្រែ។ ទី២ សិទ្ធិសញ្ញា ២៧ ខែធ្នូ ឆ្នាំ១៩៨៥ បានកំណត់គោលការណ៍ដូចឆ្នាំ១៩៨៣ខាងលើដែរ ដោយកំណត់យកផែនទី Bonne ខ្នាត ១/១០០.០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលមាន២៦ផ្ទាំង។ ទី៣ សិទ្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលផ្តល់ឲ្យកម្ពុជាអាចប្រើប្រាស់ទឹកបានដោយមិនចាំបាច់ស្នើសុំទៅភាគីវៀតណាម។
សម្តេចតេជោ លើកឡើងថា «មានអ្នកខ្លះអួតថា រកឃើញផែនទីពិត នៅសហរដ្ឋអាមេរិក ប៉ុន្តែតាមការពិតផែនទីនោះ គឺយើងបានទៅថតយកមកតាំងពីជាង១០ឆ្នាំមុនមកម្លេះ ពេលយើងធ្វើការផ្ទៀងផ្ទាត់ទៅ គឺអត់មានអីខុសគ្នាទេ។ គណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី ដែលមានឯកឧត្តម ហោ ណាំហុង ជាប្រធាន បានធ្វើការងារផ្ទៀងផ្ទាត់នេះ ដោយម៉ត់ចត់, ដោយតម្លាភាព និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយការផ្ទៀងផ្ទាត់ផែនទីអង្គការសហប្រជាជាតិ និងផែនទីថតចម្លងរបស់បារាំងគឺដូចគ្នាបេះបិទ»។ សម្តេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាលសូមលើកទឹកចិត្តក្រុមស្រាវជ្រាវវិទ្យាសាស្ត្រឯករាជ្យលើបញ្ហាផែនទី និងព្រំដែននៃរាជបណ្ឌិតសភាកម្ពុជា ដែលមានលោក បណ្ឌិត សុខ ទូច ជាអ្នកដឹកនាំសូមបន្តស្រាវជ្រាវផែនទីដែលបានមកពីប្រភពនានា ហើយលទ្ធផលលោកបណ្ឌិត សុខ ទូច បានបង្ហាញក្នុងសន្និសីទថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៥ ថា ផែនទីដែលរាជរដ្ឋាភិបាលប្រើជាផែនទីត្រឹមត្រូវ ដូចគ្នាបេះបិទ។
សម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា សរុបមកផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើគឺពិតជាត្រឹមត្រូវ ហើយមូលហេតុដែលយើងចាំបាច់មានផែនទី UTM ខ្នាត ១/៥០.០០០ អមទៅជាមួយ ផែនទី Bonne ១/១០០.០០០ ព្រោះផែនទី Bonne ខ្នាត ១/១០០.០០០ ជាផែនទីដែលពិបាកស្វែងរកចំណុចក្នុងការបោះបង្គោលព្រំដែន ហើយនៅពេលដែលរាជរដ្ឋាភិបាលជួលក្រុមហ៊ុន ដាណាម៉ាក យើងអាចឈានទៅប្រើ ផែនទីខ្នាត ១/២៥.០០០ និងតំបន់ខ្លះអាចប្រើ ខ្នាត១/១០.០០០។ ជាមួយគ្នានេះដែរកិច្ចព្រមព្រៀង២០០៥រវាងភាគីទាំងពីរកម្ពុជាវៀតណាម គឺបានកំណត់ថាដើម្បីបង្កលក្ខណៈងាយស្រួលដល់ការបោះបង្គោលព្រំដែនប្រទេសទាំងពីរ ក្រុមការងារព្រំដែនប្រទេសនីមួយៗ និងពិនិត្យឡើងវិញនូវការចម្លងមកលើផែនទី UTM ខ្នាត ១/៥០.០០០។ មួយវិញទៀតតំបន់ដែលគូរសន្យាទាំងពីរមិនទាន់ឯកភាពគ្នា ខ្សែព្រំដែននៅតំបន់នោះ មិនប្រែប្រួលនោះទេ គឺមិនទាន់ដោះស្រាយនៅឡើយ។ កិច្ចព្រមព្រៀងនេះគឺភាគីទាំងពីរសំរេចរក្សាស្ថានភាពបច្ចុប្បន្ន ហាមឃាត់ប្រជាជនមិនឲ្យសង់ រឺផ្លាស់ប្តូរទីលំនៅឆ្លងព្រំប្រទល់ដែន ហើយរូបមន្តនេះកម្ពុជាបានប្រើជាមួយថៃ, ឡាវ និងវៀតណាមដូចគ្នា គឺរក្សាស្ថានភាពបច្ចុប្បន្ននូវតំបន់ដែលមិនទាន់ដោះស្រាយ៕