នៅក្នុងឆាកនយោបាយ
នៃសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស ការគ្រប់គ្រង
និងការដឹកនាំរបស់គណបក្សមួយ ដែលមានភាពរឹងមាំ
អាចប្រកួតប្រជែងជាមួយបក្សដទៃបាន លុះត្រាតែគណបក្សនយោបាយនោះ «មានធនធានមនុស្សគ្រប់គ្រាន់
និងមានគោលនយោបាយដឹកនាំច្បាស់លាស់ គួបផ្សំនឹងបទពិសោធន៍ដឹកនាំ
និងត្រូវតែមានធនធានសេដ្ឋកិច្ចគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់
និងចិញ្ចឹមជីវិតបក្សថែមទៀត»។ ទន្ទឹមនឹងនោះ
ក៏ត្រូវមានអ្នកចូលរួមគាំទ្រ
ច្រើនលើសលុបផងដែរទើបអាចឈានទៅរកពន្លឺនៃជ័យជំនះ
នៅពេលបោះឆ្នោត។
ប្រហែលដោយសារមូលហេតុមួយចំនួនខាងលើនេះហើយ
ទើបបានជាក្រុមអ្នកវិភាគបាននាំគ្នាផ្តោតអារម្មណ៍
និងតាមដានអំពីការបើកសិក្ខាសាលាដោយតក់ក្រហល់មួយរបស់គណបក្សសង្គ្រោះជាតិ
កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ
បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ កំពុងដាំក្បាលធ្លាក់ចុះប្រជាប្រិយភាព
លើសមរភូមិប្រជាធិបតេយ្យ នាពេលចុងក្រោយនេះ។
ខ្លឹមសារចម្បងដែលអង្គសិក្ខាសាលា
បានលើកយកមកពិភាក្សា ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា អនុប្រធានបក្ស
លោក កឹម សុខា បានលើកអំពីការបាត់បង់ជំនឿទុកចិត្តរបស់សកម្មជន
និងថ្នាក់ដឹកនាំ ដែលធ្លាប់គាំទ្រ ឲ្យមានការគាំទ្រឡើងវិញ
ដោយត្រូវរក្សាទាំងរូបភាពនយោបាយ និងគោលជំហរនយោបាយ
ដែលធ្លាប់បង្ហាញប្រជាពលរដ្ឋពីពេលមុន កុំឱ្យមានការផ្លាស់ប្តូរ ឬទន់ជ្រាយ
ដូចពេលនេះ។ ក្នុងនោះលោកអនុប្រធានមិនហ៊ានបញ្ចេញឈ្មោះនោះទេ
ប៉ុន្តែបើតាមប្រភពពីផ្ទៃក្នុងគណៈកម្មាធិការនាយករបស់បក្ស
គឺបានឱ្យតម្រុយថា លោក អ៊ុំ សំអាន លោក រៀល ខេមរិន្ទ្រ និងលោកស្រី
មួរសុខហួរ គឺជាមុខសញ្ញាដែលអសកម្មជាងគេមកដល់ពេលនេះ
ហើយប្រហែលជាអាចនឹងមានការផ្លាស់ប្តូរមុខតំណែងនេះទៀតផង។
ដោយសារតែមានភាពរង្គោះរង្គើ
នៅផ្ទៃក្នុងគណបក្ស កាន់តែធ្ងន់ធ្ងរឡើងៗ ទើបលោកអនុប្រធាន កឹម សុខា
បានណែនាំឲ្យមានការរួបរួមគ្នាឡើងវិញ ជាពិសេសរវាងសកម្មជន
និងថ្នាក់ដឹកនាំ ដែលចេញមកពីប៉ូលទាំងពីរនៃគណបក្សសមរង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស។ ការប្រកាន់បក្ខពួក និងសែស្រឡាយ គឺនៅតែមាន
ហើយមានយ៉ាងសកម្ម និងស្រួចស្រាល់បំផុតនៅក្នុងជួរគណបក្សសង្គ្រោះជាតិដដែល។
ជាក់ស្តែងសែស្រឡាយខាងគណបក្សសមរង្ស៊ី គឺនៅតែត្រួតត្រាសែស្រឡាយខាងគណបក្សសិទ្ធិមនុស្សដដែល។
ដូច្នេះហើយ ទើបលោក កឹម សុខា
បានណែនាំឲ្យមានការឯកភាពគ្នាផ្ទៃក្នុងដោយគោរព និងអនុវត្តនូវវិន័យ
ឬវិធានផ្ទៃក្នុងរបស់គណបក្ស។
ចំណុចនេះ
ក្រុមអ្នកវិភាគ នៅតែមិនអស់ចិត្ត និងនៅតែសង្ស័យថា គណបក្សប្រឆាំងមួយនេះ
គឺនៅតែរក្សា «កង់ស៊ឺកួរ» រៀងៗខ្លួនដោយមិនហ៊ានរំលាយគណបក្សចាំសំបុករបស់ខ្លួនចោលនោះទេ។
ដូច្នេះ មានន័យថា នៅថ្ងៃណាមួយ
នៅពេលដែលមានការបែកបាក់ផ្ទៃក្នុងរវាងលោក សម រង្ស៊ី និងលោក កឹម សុខា
ឬបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ
គឺពួកគេនឹងវិលទៅរកទ្រនំចាស់ជាមិនខាន។
ក្រុមអ្នកវិភាគក៏បានមើលឃើញផងដែរថា
ប្រការដែលគណបក្សប្រឆាំងមួយនេះកំពុងប្រឈមដែរនោះ
គឺធនធានមនុស្សរបស់គណបក្សតែម្តង។
មានពាក្យមួយឃ្លារដែលអ្នកយុទ្ធសាស្ត្រក្នុងបក្សនយោបាយតែងលើកនោះ
គឺថា «បើក្នុងបក្សនយោបាយមួយមានសុទ្ធតែអ្នកនយោបាយភ្លើងចម្បើង
ភ្នែកបន្ទោរ ហើយក៏រួមគ្នាធ្វើនយោបាយ អាយុជីវិតគណបក្សនយោបាយនោះ
នឹងមិនអាចស្គាល់ពន្លឺនៃជ័យជំនះបានទេ»។ យ៉ាងណាមិញ
ធនធានមនុស្ស បន្តិចបន្តួចរបស់គណបក្សប្រឆាំង
ដែលមិនធ្លាប់បានដឹកនាំប្រទេសម្តងណាសោះនោះ
គឺបានបញ្ជាក់ពីភាពបរាជ័យរួចទៅហើយ។ ដូចគ្នានេះដែរ
មេដឹកនាំប្រទេសដែលគ្មានបទពិសោធន៍ដឹកនាំ
វានឹងនាំប្រទេសធ្លាក់ទៅក្នុងសភាពវឹកវរជាមិនខាន។ ដូច្នេះហើយ ទើបលោក
កឹម សុខា បានណែនាំឲ្យមានការបណ្តុះបណ្តាលទាំងសមត្ថភាព គុណភាព
និងគុណធម៌ដល់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់
ជាពិសេសគឺគុណធម៌នេះតែម្តង ព្រោះកន្លងមក សកម្មជនរបស់គណបក្ស
តែងប្រើអំពើហិង្សា នៅគ្រប់សកម្មភាពតវ៉ា។
កត្តាមួយទៀតដែលជាចំណុចខ្សោយរបស់គណបក្សប្រឆាំង
គឺគោលនយោបាយមិនសហការជាមួយក្រុមមនុស្សដែលមានឥទ្ធិពលក្នុងសង្គម
ជាពិសេសក្រុមមនុស្សដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ទាំងលោក សម រង្ស៊ី
និងលោក កឹម សុខា តែងព្រមានជាញឹកញយថា បើគណបក្សខ្លួនឡើងកាន់អំណាច
ពួកគេនឹងរឹបអូសដីធ្លី ទ្រព្យសម្បត្តិ
របស់អ្នកមានទាំងនោះទៅឲ្យអ្នកក្រ ឬធ្វើជាសម្បត្តិរដ្ឋ។
នេះជាគោលនយោបាយមួយទៀតដែលប្រជាជនធ្លាប់ឆ្លងកាត់របបខ្មែរក្រហម
លាន់មាត់ថាជានយោបាយរបស់ខ្មែរក្រហមយ៉ាងពិតៗ។ ដូច្នេះហើយទើបក្រុមមនុស្ស
ដែលមានឥទ្ធិពលទាំងនោះមិនហ៊ានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងឡើយ។
ដូច្នេះបើគ្មានអ្នកដែលមានធនធានសេដ្ឋកិច្ច
និងទ្រព្យសម្បត្តិខ្ពស់ចូលរួមបែបនេះ
បក្សនោះគឺមិនអាចរក្សាអាយុជីវិតរបស់ខ្លួនបានយូអង្វែងបានទេ
ព្រោះគ្មានការធ្វើសឹកណាមួយមិនត្រូវការស្បៀង និងអាវុធនោះឡើយ។
ជារួម
សិក្ខាសាលាតក់ក្រហល់របស់គណបក្សប្រឆាំង កាលពីសប្តាហ៍កន្លងទៅ
ត្រូវបានក្រុមអ្នកវិភាគវាយតម្លៃថា គណបក្សមួយនេះ
ពិតជាកំពុងចុះខ្សោយ។ ដូច្នេះប្រសិនបើការស្តារប្រជាប្រិយភាពរបស់ខ្លួនមិនទាន់សភាពការណ៍ទេនោះ
បក្សប្រឆាំងមួយនេះច្បាស់ជាក្លាយជាគណបក្សនយោបាយកំដរគណបក្សប្រជាជនកម្ពុជា
ក្នុងល្បែងប្រជាធិបតេយ្យ សេរីពហុបក្ស ជារៀងរហូត៕