រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាលោក
ហង់ ជួន ណារ៉ុន បានប្រតិកម្មខ្លាំងៗ នឹងការលើកឡើងរបស់លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ ដែលថាប្រព័ន្ធអប់រំនៅកម្ពុជាខ្សោយ
និងសញ្ញាបត្រមិនសូវមានតម្លៃ។ លោក ហង់ ជួន ណារ៉ុន បានចាត់ទុកការលើកឡើងលោកសម
រង្ស៊ី ថា ជាការមើលងាយ និងវាយប្រហារប្រព័ន្ធអប់រំនៅកម្ពុជា
ហើយលោកមិនអាចទទួលយកបានឡើយ។ លោករដ្ឋមន្ត្រី ក៏អះអាងថា ក្រោយពីការលើកឡើងនេះ
មានគ្រូបង្រៀនខ្លះចង់បបួលលោក សម រង្ស៊ី ប្រឡងវិញ្ញាសាខ្មែរជាមួយគ្នា
ដើម្បីរកឲ្យដឹងអ្នកខ្សោយ និងអ្នកខ្លាំង។
លោកបានថ្លែងយ៉ាងដូច្នេះថា«យើងឃើញថាគ្រូខ្លះនៅពេលដែលឯកឧត្តម
សម រង្ស៊ី លើកឡើងថាប្រព័ន្ធអប់រំនៅខ្សោយ និងគ្រូបង្រៀននៅខ្សោយ គ្រូខ្លះគាត់ថាបើសាកប្រលងទាំងអស់គ្នាទាល់តែសាកប្រលងបានដឹងថាអ្នកណាខ្សោយអ្នកណាខ្លាំង?
ជាពិសេសប្រលងភាសាខ្មែរ ហើយមានគ្រូខ្លះគាត់ក៏ចង់ប្រកួតប្រជែងដែរ
គាត់ចង់ប្រលងដើម្បីដឹងថាអ្នកណាខ្លាំងអ្នកណាខ្សោយ អញ្ចឹងកន្លងមកយើងក៏ឃើញដែរអ្នកនយោបាយខ្លះតិះទៀនថាប្រព័ន្ធអប់រំនៅ
កម្ពុជាខ្សោយ
ប៉ុន្តែដល់ពេលទៅប្រលង ប្រលងធ្លាក់ ហើយពេលប្រលងធ្លាប់ទៅវាយប្រហារគេទៀត វាជាការតិះទៀនមួយដែលវាយប្រហារ
មិនមែនជាការតិទៀនដែលជួយកែលម្អទេ ដូច្នេះការវាយប្រហារនេះ វាគ្មានន័យក៏ដូចជា
គ្មានសារសំខាន់អ្វីនោះទេ ដោយហេតុថា៖ ទី១ (គាត់) ជាអ្នកនយោបាយបានតែថា ប៉ុន្តែមិនដែលបានធ្វើយើងមិនដែលបានឃើញ ឯកឧត្តម សម
រង្ស៊ី កៀងគរធនធានទៅកសាងសាលាណាមួយនៅកម្ពុជានោះទេ អត់ដែលឃើញទេ ចំណុចទី២
គាត់មិនដែលឱ្យតម្លៃការអប់រំនៅកម្ពុជា ដោយសារតែគាត់ និងប្រពន្ធរបស់គាត់មិនដែលរៀននៅកម្ពុជាទេ
ហើយយើងក៏មិនច្បាស់ថា គាត់ចេះសរសេរខ្មែរឱ្យបានល្អនោះដែរ ហើយទី៣ គ្រូបង្រៀនជាឆ្អឹងខ្នង
នៃប្រព័ន្ធអប់រំដូច្នេះការវាយប្រហារគ្រូបង្រៀនបែបនេះ ក្រសួងអប់រំទទួលយកអត់បានទេ។»