Wednesday, October 7, 2015

អតីតសកម្មជនCNRP ដែលទើបនឹងចុះចូលCPP ហែក្បួនតាមគោយន្តប្រឆាំងមិនឱ្យលោក សម រង្ស៊ី និងលោក កឹម សុខា ចុះទៅមូលដ្ឋានពួកគេ

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទៅ០៧ ខែតុលា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋមួយចំនួន ដែលអះអាងថា ជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ ទើបនឹងចុះចូល ជាមួយគណបក្សប្រជាជន នៅខេត្តឧត្តរមានជ័យ បានហែក្បួនដោយគោយន្ត នៅតាមភូមិ-ឃុំ ដើម្បីប្រឆាំងមិនឱ្យលោក សម រង្ស៊ី និង លោក កឹម សុខា ចុះឃោសនានយោបាយ នៅក្នុងមូលដ្ឋាន របស់ពួគេ ។

ប្រជាពលរដ្ឋ បានអះអាងថា ពួកគេមិនចង់ទទួលបាននូវការសន្យាខ្យល់ ឬការភូតភរកុហកពីថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខានោះទេ ហើយពួកគេនឹងបន្តយុទ្ធនាការរបស់ខ្លួនឱ្យកាន់តែធំឡើង ។ នៅលើបដារបស់ប្រជាពលរដ្ឋទាំងនោះ ក៏បានសរសេរដែរថា «យើងខ្ញុំមិនឱ្យ សម រង្ស៊ី ចូលមកបោកប្រាស់ប្រជារាស្រ្តនៅខេត្តឧត្តរមានជ័យទៀតទេ!»

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានចាត់ទុកថា ការធ្វើយុទ្ធនាការប្រឆាំងមិនឱ្យ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ចុះទៅខេត្តឧត្តរមានជ័យនេះ គ្រាន់តែជាឆាកល្ខោនដែលរៀបចំឡើងដោយគូបដិបក្ខ របស់គណបក្សសង្រ្គោះជាតិប៉ុណ្ណោះ ។ លោកថា នេះមិនមែនជាសកម្មភាពលើកទី១នោះទេហើយអាណត្តិមុនៗក៏ធ្លាប់មានដែរ ប៉ុន្តែជាក់ស្តែង គណបក្សប្រជាជនកម្ពុជា បានបាត់បង់ជាង២០កៅអី ព្រោះតែបង្កើត សកម្មភាពបែបនេះ ។ លោកថា «គ្រាន់តែជាឆាកល្ខោនដែលគូដិបក្ខគណបក្សសង្រ្គោះជាតិរៀបចំឡើង ជាឆាកល្ខោនដែលគ្មាន ន័យអ្វីទាំងអស់ សម្រាប់គណបក្សសង្រ្គោះជាតិ»


លោកបន្ថែមថា «បើព័ត៌មាននេះកាន់តែច្រើន គណបក្សសង្រ្គោះជាតិកើនសម្លេងកាន់តែច្រើន ដូចកាលឆ្នាំ២០១៣ ឮសូរតែ(CNRP) ចុះចូលជាមួយគណបក្សប្រជាជន គគ្រឹកគក្រេងរាប់ម៉ឺនរាប់សែននាក់ដែរ ប៉ុន្តែទីបំផុតគណបក្សប្រជាជនបាត់កៅអីអស់ ជាង២០កៅ អញ្ចឹងឥឡូវនេះបើបានអញ្ចឹងកាន់តែច្រើន មានន័យថា គណបក្សប្រជាជន បាត់បង់ការគាំទ្រកាន់តែច្រើន គណបក្សសង្រ្គោះជាតិកើនសម្លេងកាន់តែច្រើន»