ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារជម្ងឺទូទៅ និងអគារសម្ភព នៅមន្ទីរពេទ្យបង្អែកនៃស្រុកប្រតិបត្តិកោះអណ្តែត
តាកែវ ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៥
- សូមថ្វាយបង្គំព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ
- ឯកឧត្ដម យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ
- បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្មួយៗយុវជនកាកបាទក្រហម និងក្មួយៗកាយរិទ្ធទាំងអស់ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីសោមនស្សរីករាយដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារជម្ងឺទូទៅនិងអគារសម្ភព នៅមន្ទីរពេទ្យបង្អែកនៃស្រុកប្រតិបត្តិកោះអណ្តែត ដ៏មានសារៈសំខាន់នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនទាំងអស់ក្នុងស្រុកកោះអណ្តែតយើង ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែលះបង់ពេលវេលាមិនគិតពីការនឿយហត់ ដើម្បីបុព្វហេតុដ៏ធំធេងរបស់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា។
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភជាថវិកានិងសម្ភារៈ សម្រាប់សាងសង់អគារជម្ងឺទូទៅនិងជម្ងឺកុមារ ព្រមទាំងបំពាក់សម្ភារៈបរិក្ខារពេទ្យនានា ក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះអណ្តែតយើងនេះ តាមរយៈគម្រោង គុសាណុណេ ដោយចំណាយថវិកាសរុប ប្រមាណជាង ១០ ម៉ឺនដុល្លារអាមេរិក។ កន្លងមក ខ្ញុំព្រះករុណាខ្ញុំនិងភរិយា ក៏បានចូលរួមសាងសង់អគារសម្ភពនិងរោគស្ត្រី នៅមន្ទីរពេទ្យបង្អែកនេះដែរ ដែលសមិទ្ធផលថ្មីទាំងនេះ បានប្រែក្លាយពីមណ្ឌលសុខភាព ទៅជាមន្ទីរពេទ្យបង្អែក ដែលជាប្រវត្តិសាស្ត្រសម្រាប់ស្រុកកោះអណ្តែតយើងនេះ។ ទាំងនេះ ក៏ជាសក្ខីភាពថ្មីមួយទៀតឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរការចូលរួមឧបត្ថម្ភគាំទ្រ ទាំងថវិកា និងសម្ភារៈ ពីសប្បុរសជនក្នុងនិងក្រៅប្រទេស ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យសុខាភិបាលនៅកម្ពុជា សំដៅពង្រឹង និងពង្រីកសកម្មភាពផ្តល់សេវាសុខភាពសាធារណៈជូនប្រជាជនឱ្យកាន់តែប្រសើរថែមទៀត។ ចាប់ពីពេលនេះតទៅ សូមឲ្យបងប្អូនស្ត្រីដែលមានផ្ទៃពោះ អញ្ជើញមកពិនិត្យផ្ទៃពោះ និងពិគ្រោះ ជាមួយគ្រូពេទ្យជំនាញរបស់យើងឲ្យបានទៀងទាត់ និងគួរជៀសវាងការសម្រាលកូននៅតាមផ្ទះ ដើម្បីកុំឲ្យជួបគ្រោះថ្នាក់ជាយថាហេតុ។
ទន្ទឹមនឹងនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះ អស់លោក លោកស្រី មន្ត្រីសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញការងារ ក្នុងការផ្តល់សេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យបង្អែកនេះ។
- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ក្មួយៗយុវជន
ដូចយើងទាំងអស់ជ្រាបស្រាប់ហើយថា សង្គ្រាមជាង៣០ឆ្នាំមុននេះ ជាពិសេស របបប្រល័យពូជសាសន៍ប៉ុលពត បានបំផ្លិចបំផ្លាញប្រទេសទាំងមូលស្ទើរដល់ឬសគល់ ដែលជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់យើងទាំងអស់គ្នាត្រូវរែកពុន និងដោះស្រាយបញ្ហាគ្រប់បែបយ៉ាងចេញពីបាតដៃទទេ។ បច្ចុប្បន្ននេះ ក្រៅពីការស្តារ កសាង និងអភិវឌ្ឍលើគ្រប់វិស័យ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់ការពង្រឹងសកម្មភាពផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយបានបង្កើត បន្តកសាង និងពង្រីកបន្ថែមមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពនៅទូទាំងប្រទេស។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលមិនត្រឹមតែបានផ្តល់អាទិភាពដល់ក្រសួងសុខាភិបាលក្នុងការជ្រើសរើសមន្ត្រីជំនាញរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យសុខាភិបាលជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព និងព្យាបាលជំងឺជូនប្រជាជនឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែង ថវិការដ្ឋចំណាយលើវិស័យនេះសម្រាប់ឆ្នាំ២០១៦ នឹងកើនឡើង៨,៦% ធៀបនឹងឆ្នាំ២០១៥ គឺស្មើនឹង១,៣៦% នៃផផស (GDP) គិតជាទឹកប្រាក់ ជិត២៨០លានដុល្លារអាមេរិក។ រាជរដ្ឋាភិបាលទទួលស្គាល់ថា កំណើននៃលទ្ធភាព និងឱកាសទទួលបាននូវសេវាសុខភាពប្រកបដោយសមធម៌ គឺជាកត្តាដ៏មានសារៈសំខាន់មួយក្នុងការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងប្រទេស ឱ្យឆ្លងផុតពីគំនាបនៃភាពក្រីក្រ និងមានសុខុមាលភាពបរិបូរ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងសមធម៌ ។
ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យសុខាភិបាល ក៏បានស្តែងឡើងផងដែរ តាមរយៈការជំរុញការអនុវត្តវិធានការលើកកម្ពស់ការផ្តល់សេវាសុខភាពដល់ជនក្រីក្រ និងក្រុមដែលងាយរងគ្រោះដទៃទៀតដល់មូលដ្ឋាន និងតំបន់ដាច់ស្រយាល។ ទន្ទឹមនឹងនេះ ការងារគ្រប់គ្រង និងការផ្តល់សេវាទ្រទ្រង់នៅគ្រប់ទីកន្លែង ដូចជា មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ការដឹកជញ្ជូនអ្នកជំងឺ ឱសថ សម្ភារៈវេជ្ជសាស្ត្រ ត្រូវបានពង្រឹងនៅទូទាំងប្រទេស។ ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងកម្មវិធីបង្ការ និងព្យាបាលជំងឺឆ្លង កម្មវិធីគាំពារមាតានិងទារក និងគោលការណ៍លើកលែងការបង់ថ្លៃក្នុងការពិនិត្យ និងព្យាបាលជំងឺដល់ជនក្រីក្រ តាមរយៈការបង្កើនមូលនិធិសមធម៌ សំដៅជួយគាំពារជនក្រីក្រ ឱ្យទទួលបាននូវសេវាសុខភាពសាធារណៈកាន់តែប្រពៃ។ លើសពីនេះ រាជរដ្ឋាភិបាល បានបន្តជំរុញការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសុខាភិបាលនៅគ្រប់កម្រិត ជាពិសេសការបណ្តុះបណ្តាលឆ្មប គិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា ព្រមទាំងលើកកម្ពស់មនសិការវិជ្ជាជីវៈរបស់មន្ត្រីសុខាភិបាល ក្នុងការបំរើប្រជាជនឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលក៏បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្កើនការត្រួតពិនិត្យសេវាឯកជនក្នុងការពិនិត្យ និងព្យាបាលជំងឺ និងធ្វើអាជីវកម្មឱសថតាមគោលការណ៍ច្បាប់ ដើម្បីធានាគុណភាពនៃសេវាកម្ម និងសុខភាពរបស់ប្រជាជន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ ដៃគូរអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល ជាតិនិងអន្តរជាតិ និងសប្បុរសជននានា សំដៅលើកស្ទួយសុខភាពសាធារណៈនៅកម្ពុជា។
- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
សមិទ្ធផលដ៏ល្អប្រពៃទាំងនេះ គឺបានមកដោយសារការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមយ៉ាងផុលផុសពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសប្បុរសជនក្នុងនិងក្រៅប្រទេសផងដែរ។ ក្នុងន័យនេះ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា សូមបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាឲ្យកាន់តែមានការរីកចំរើនថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរគុណ តាមរយៈឯកឧត្តម យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូតជប៉ុន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងសកម្មជួយកសាង និងអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ ជាពិសេស វិស័យសុខាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សប្បុរសជននាពេលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវចំពោះ គិលានុបដ្ឋាក គិលានុបដ្ឋាយិការ គ្រូពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់ សូមបន្ដយកចិត្តទុកដាក់ផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋគ្រប់រូបឲ្យកាន់តែមានប្រសិទ្ធភាព និងបន្តលើកកម្ពស់សីលធម៌វិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀត។ ខ្ញុំសង្ឃឹមថា គណៈគ្រប់គ្រងមន្ទីរពេទ្យបង្អែកស្រុកកោះអណ្តែត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់នឹងសហការគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាការពារសមិទ្ធិផលទាំងនេះឲ្យបានគង់វង្ស សម្រាប់ការប្រើប្រាស់យូរអង្វែងតរៀងទៅ។
ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសុភមង្គលក្នុងក្រុមគ្រួសារ។
ខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារជម្ងឺទូទៅ និងអគារសម្ភព នៅមន្ទីរពេទ្យបង្អែកនៃស្រុកប្រតិបត្តិកោះអណ្តែត ចាប់ពីពេលនេះតទៅ ។