ឆ្លើយតបវិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដោយសារតែវេទិកាដ៏មានសារៈសំខាន់នេះហើយ ដែលបានធ្វើឲ្យរូបសម្តេច និងគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារជាលើកដំបូងនៅទីក្រុងម៉ាកាវ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពជាមួយ និងអ្វីដែល ឯកឧត្តមប្រធាន Ho Hua Wah បានលើកឡើង ពិសេសពីសក្តានុពលដែលមានរវាងកម្ពុជា និងម៉ាកាវ។ វត្តមានរបស់ សម្តេចតេជោ និងគណៈប្រតិភូកម្ពុជានៅទីក្រុងម៉ាកាវ នៅពេលនេះ ទី១ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងម៉ាកាវ រវាងកម្ពុជាជាមួយ និងប្រទេសចិន ទី២ ដើម្បីជាឱកាសនៃការចូលរួមក្នុង វេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោកម៉ាកាវ ដែលនោះគឺជាព្រឹត្តិការណ៏សំខាន់មួយ និងទី៣គឺដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាកាវឲ្យកាន់តែមានទំហំធំឡើងថែមទៀត ជាពិសេសការជំរុញពាណិជ្ជកម្មពីកម្ពុជាមកកាន់ម៉ាកាវ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចនឹងលើកបញ្ហានេះក្នុងជំនួបជាមួយនឹង ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែតុលា នាទីក្រុងប៉េកាំង ជាពិសេសការបង្កើននូវការនាំចូលអង្ករពីកម្ពុជា ចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន នៅក្នុងក្របខណ្ឌផ្លូវសូត្រ ក្នុងនោះម៉ាកាវអាចដើរតួនាទីជាប្រវត្តិសាស្រ្ត ក្នុងការគាំទ្រគោលនយោបាយ របស់ឯកឧត្តម ស៊ី ជិនពីង។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យ ឯកឧត្តមប្រធាន ជួយជំរុញអ្នកវិនិយោគ ពីម៉ាកាវមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ពីព្រោះម៉ាកាវមានក្រុមហ៊ុនជាច្រើនដែលអាចមកធ្វើការវិនិយោគនៅកម្ពុជា ពិសេសការលើកតម្កើនលើវិស័យ ទេសចរណ៍ តាមរយៈជំរុញឲ្យមានការហោះហើរត្រង់ពីម៉ាកាវមកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។
ជាការឆ្លើយតប ឯកឧត្តម Ho Hau Wah បានមានប្រសាសន៍ឯកភាពទាំងស្រុង ទៅនិងប្រសាសន៍លើកឡើងរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ឯកឧត្តម នឹងណែនាំឲ្យមន្ត្រីសាលាក្រុងម៉ាកាវ ធ្វើការស្រាវជ្រាវដើម្បីអនុវត្តជាក់ស្តែង ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យទាំងបីនោះ ដើម្បីឲ្យមានដំណើរការទៅមុខ។ ឯកឧត្តមមានប្រសាសន៍បន្តថា ជាទស្សនៈផ្ទាល់របស់ឯកឧត្តម ឯកឧត្តមនឹងខិតខំជំរុញធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងម៉ាកាវ និងកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត ហើយនៅឆ្នាំ២០១៦ ខាងមុខ ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូពីម៉ាកាវ ដើម្បីពិនិត្យឱកាសវិនិយោគនៅកម្ពុជា៕