សម្តេចតេជោនាយករដ្ឋមន្រ្តី ស្នើដល់ឯកឧត្តមប្រធាន ធ្វើយ៉ាងណាបន្តជួយជំរុញឲ្យមានការកើនឡើង នៃចំនួនភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជា ឲ្យកើនឡើងរហូត ដល់១លាន៣សែននាក់ គឺរក្សាកំណើនត្រឹមតែ០,០១% នៃចំនួនប្រជាជនចិនសរុប ក្នុងការធ្វើដំណើរទៅបំពេញទស្សនកិច្ចទេសចរណ៍នៅកម្ពុជា។ សម្តេចតេជោបន្តថា ក្នុងឆ្នាំ២០១៤ កន្លងទៅ ចំនួនទេសចរណ៍ចិន ដែលធ្វើដំណើរទេសចរណ៍នៅកម្ពុជាមានចំនួន ៥៦ម៉ឺននាក់ ដោយមិនរាប់បញ្ចូលនូវអ្នកទេសចរណ៍ មកពីម៉ាកាវ និងកោះតែវ៉ាន់នោះទេ។ សម្តេចបន្តថា សុំឲ្យមានការហោះហើរត្រង់ ពីគ្រប់ទីកន្លែងទាំងអស់ របស់ប្រទេសចិន មកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យលទ្ធភាព ក្នុងការបើកកុងស៊ុលនៅតាមតំបន់ដែលមានភ្ញៀវទេសចរណ៍ និងតំបន់ដែលមានការហោះហើរត្រង់ ក្នុងប្រទេសចិនបន្ថែមទៀត។ កម្ពុជាបច្ចុប្បន្ននេះ មានភាពអំណោយផលខ្លាំងណាស់ ចំពោះអ្នកទេសចរណ៍ចិន តួយ៉ាងដូចជាមានសាលាបណ្តុះបណ្តាលភាសាចិន និងមានភោជនីយដ្ឋានចិនជាច្រើនកន្លែង។
ដោយឡែកនៅរាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ នេះដែរ ឯកឧត្តម Hu Zhengyue ស្នងការនៃក្រសួងការបរទេសចិន ប្រចាំតំបន់រដ្ឋបាលពិសេសម៉ាកាវ បានប្រារព្វរៀបចំពិធីពិសារអាហារពេលល្ងាច ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោក ម៉ាកាវលើកទី៤ ឆ្នាំ២០១៥ នៅទីក្រុងម៉ាកាវ ប្រទេសចិន។ ក្នុងជំនួបពិភាក្សាដែលប្រារព្ធធ្វើឡើង មុនពិធីទទួលទានអាហារពេលល្ងាច ឯកឧត្តម Hu Zhengyue មានប្រសាសន៍ថា សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត របស់ពិភពលោក ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅ ស្នងការនៃក្រសួងការបរទេស ចិនប្រចាំតំបន់រដ្ឋបាលពិសេសម៉ាកាវ បន្ទាប់ពីស្ថាប័នមួយនេះ ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តមប្រធានមានប្រសាសន៍បន្តថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបំរើការងារក្នុងស្នងការនេះ សូមចារិកទុកក្នុងទំព័រប្រវត្តិសាស្រ្ត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅម៉ាកាវនាពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងនាមសម្តេច និងភរិយា រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការនៃស្នងការក្រសួងការបរទេសចិន ប្រចាំតំបន់រដ្ឋបាលពិសេសម៉ាកាវ ពិសេសប្រជាជនចិន រស់ក្នុងទីក្រុងម៉ាកាវទាំងអស់ ដែលបានធ្វើបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់សម្តេច និងភរិយា ព្រមទាំងគណៈប្រតិភូទាំង អស់ ក្នុងការអញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោកម៉ាកាវ លើកទី៤ ឆ្នាំ២០១៥ និងដំណើរដំណើរទស្សនកិច្ចជាលើកទី១ មកកាន់ទីក្រុងម៉ាកាវប្រទេសចិន។ នៅក្នុងពិធីទទួលទានអាហារពេលល្ងាចនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម Hu Zhengyue បានធ្វើការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ជុំវិញការពង្រីកទំនាក់ទំនាក់ និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ពិសេសការផ្លាស់ប្តូរនូវទស្សនៈមួយចំនួន ក្នុងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រកម្ពុជា ជាមួយនិងតំបន់រដ្ឋបាលពិសេសម៉ាកាវ ដែលជាតំបន់មួយមានការទាក់ទាញបំផុត សេដ្ឋកិច្ចម៉ាកាវ ផ្អែកជាសំខាន់លើវិស័យទេសចរណ៍ ការនាំចេញវាយនភណ្ឌ និងការផលិតសំលៀកបំពាក់ ធនាគារ និងសេវាកម្មហិរញ្ញវត្ថុ។ ឧស្សាហកម្មសំលៀកបំពាក់ បានផ្តល់ចំណូល៣ភាគ៤ លើចំណូលនៃការនាំចេញ និងទេសចរណ៍ កាស៊ីណូ ឧស្សាហកម្មបដិសណ្ឋារកិច្ច បានរួមចំណែកប្រមាណជាង ៥០% ដល់ផលិតផលសរុបក្នុងស្រុក GDP និង៧០% នៃចំណូលរបស់រដ្ឋបាលម៉ាកាវ។ នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ ឯកឧត្តម Hu Zhengyue ស្នងការនៃក្រសួងការបរទេសចិន ប្រចាំតំបន់រដ្ឋបាលពិសេសម៉ាកាវ បានជូនផ្ទាំង គំនូរដែលគូដោយវិចិត្រករដ៏ល្បីល្បាញរបស់ ម៉ាកាវ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីទុកជាអនុស្សារីយ៍ផងដែរ៕