សូមជម្រាបថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យចាប់ ខ្លួនលោក សម រង្ស៊ី ដោយអនុវត្តទៅតាមសាលក្រមនិងសាលដីការបស់តុលាការ ពាក់ព័ន្ធនឹងបទ បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដែលមានលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងជាជនរងគ្រោះ ដែលបានប្រព្រឹត្តនៅសារៈមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ ដោយបានចោទប្រកាន់លោក ហោ ណាំហុង ថាជាប្រធានជំរុំបឹងត្របែកនៅក្នុងសម័យខ្មែរក្រហម។
លោកមេធាវី អឿន សុខា បានបញ្ជាក់ឱ្យដឹងថាការអនុវត្តសាលក្រម ឬសាលដីកាស្ថាពរមានបីប្រភេទគឺការអនុវត្តទោសដាក់ពន្ធធនាគារ ការអនុវត្តទណ្ឌកម្មរដ្ឋប្បវេណី និងការអនុវត្ត ទណ្ឌកម្មពិន័យជាប្រាក់។ ចំពោះការអនុវត្តទោសដាក់ពន្ធធនាគារ យោងតាមមាត្រា ៤៩៦ កថាខណ្ឌទី១ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ការអនុវត្តទោស និងការបង្ខំដល់រូបកាយត្រូវធ្វើតាមគំនិតផ្តើមរបស់ អយ្យការ ក្នុងន័យនេះគឺព្រះរាជអាជ្ញា ជាអ្នកមានសមត្ថកិច្ចយកបញ្ញត្តិពាក់ព័ន្ធនឹងការដាក់ទោសជាប់ពន្ធ ធនាគារក្នុងសាលក្រម ឬសាលដីកាព្រហ្មទណ្ឌទៅអនុវត្ត បានន័យថាព្រះរាជអាជ្ញាជាអ្នកទទួលខុសត្រូវ ក្នុងការចាត់វិធានការនាំខ្លួនជនជាប់ចោទមកដាក់ពន្ធធនាគារ ក្នុងករណីនៅក្រៅឃុំ។ ចំពោះការអនុវត្ត ទណ្ឌកម្មរដ្ឋប្បវេណី យោងតាមមាត្រា ៤៩៦ កថាខណ្ឌទី ២ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ការអនុវត្ត ទណ្ឌកម្មរដ្ឋប្បវេណី ត្រូវតែធ្វើតាមគំនិតផ្តើមរបស់ដើមបណ្តឹងរដ្ឋប្បវេណី។ ចំពោះការអនុវត្តទណ្ឌកម្មពិន័យជាប្រាក់ យោងតាមមាត្រា ៤៩៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ការប្រមូលប្រាក់ពិន័យ និងប្រាក់ ពន្ធនៃនីតិវិធីត្រូវធ្វើដោយភ្នាក់ងាររតនាគារ ក្រោមឱវាទរបស់អយ្យការ។
លោកមេធាវីក៏បានបន្ថែមទៀតថា ការអនុវត្តសាលក្រម ឬសាលដីកាស្ថាពរករណីសំណុំរឿងព្រហ្មទណ្ឌ ត្រូវធ្វើឡើងនៅពេលដែលសេចក្តីសម្រេចរបស់តុលាការបានក្លាយជាស្ថាពរ ដូចមានចែងកំណត់ច្បាស់ នៅក្នុងមាត្រា ៤៩៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ប៉ុន្តែនៅក្នុងមាត្រា ១៤៤ នៃក្រមព្រហ្មទណ្ឌដែលបានចែងពីអាជ្ញាយុកាលនៃទោសថា អាជ្ញាយុកាលនៃទោសបទឧក្រិដ្ឋគឺមានរយៈពេល ២០ ឆ្នាំ បទមជ្ឈឹម គឺ៥ឆ្នាំ ចំណែកបទលហុគឺ១ឆ្នាំ។
លោកមេធាវីក៏បានបំភ្លឺផងដែរថា ចំពោះមតិខ្លះដែលលើកឡើងថាសាលក្រម ឬសាលដីកាស្ថាពរដែល សម្រេចផ្តន្ទាទោសព្រហ្មទណ្ឌមិនអាចអនុវត្តបានចំពោះតំណាងរាស្រ្តបើគ្មានការដកអភ័យឯកសិទ្ធិសភា ជាមុននោះ ជាការមើលឃើញតែមួយជ្រុងនៃច្បាប់។ ប៉ុន្តែបើយោងតាមមាត្រា ៨០ និងមាត្រា ៩៥ នៃរដ្ឋ ធម្មនុញ្ញ សិក្សាឱ្យស៊ីជម្រៅលើបញ្ហានីតិវិធីព្រហ្មទណ្ឌនិងច្បាប់ដែលពាក់ព័ន្ធតំណាងរាស្រ្ត ដូចជាច្បាប់ស្តី ពីលក្ខន្តិកៈតំណាងរាស្រ្ត ឆ្នាំ២០០៦ដែលចូលជាធរមាន បទបញ្ជាផ្ទៃក្នុងរដ្ឋសភា យើងអាចមានចម្លើយ មួយច្បាស់លាស់ផ្សេងពីការលើកឡើងនោះ។ លោកមេធាវីក៏បានធ្វើការវិភាគវែកញែក ដោយបែងចែក នីតិវិធីព្រហ្មទណ្ឌជា ២ដំណាក់កាល គឺដំណាក់កាលជំនុំជម្រះ ចេញសាលក្រម ឬសាលដីកា និងដំណាក់ កាលអនុវត្តសាលក្រម ឬសាលដីកាតុលាការ ដែលបញ្ជាក់ថាការទាមទារឱ្យមានការដកអភ័យឯកសិទ្ធិសភា គឺអនុវត្តចំពោះតែដំណាក់កាលទី១នៃនីតិវិធីប៉ុណ្ណោះ ដើម្បីទប់ស្កាត់កុំឱ្យមានការកាត់សេចក្តីចេញ សាលក្រមដោយតុលាការ។ ប៉ុន្តែបើមានសាលក្រម ឬសាលដីកាស្ថាពរផ្តន្ទាទោសហើយនោះ គឺតំណាង រាស្រ្តត្រូវបាត់បង់សមាជិកភាពរដ្ឋសភា ឬត្រូវអស់សិទ្ធិជាតំណាងរាស្រ្ត។ ម្យ៉ាងវិញទៀតក្នុងករណីអ្នក តំណាងរាស្ត្របានប្រព្រឹត្តបទល្មើសជាក់ស្តែង ក៏អាចធ្វើឱ្យប្រាសចាកពីសិទ្ធិតំណាងរាស្រ្ត នាំឱ្យបាត់សិទ្ធិ ជាតំណាងរាស្រ្តបានដែរ នេះបើយោងតាមមាត្រា ៩៥ នៃរដ្ឋធម្មនុញ្ញ មាត្រា ៨៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋ សភា និងមាត្រា ១៤ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត។
ពាក់ព័ន្ធនឹងករណីចាប់ខ្លួនតំណាងរាស្រ្តណាម្នាក់ ដើម្បីយកមកអនុវត្តទោសនោះ លោកមេធាវីក៏បានបញ្ជាក់ផងដែរថា ក្នុងករណីចាប់ខ្លួនឬនាំខ្លួនមកផ្តន្ទាទោសចេញសាលក្រម ឬសាលដីកាទើបត្រូវការការ អនុញ្ញាតពីរដ្ឋសភា។ ប៉ុន្តែបើចាប់ខ្លួនដើម្បីយកមកអនុវត្តទោសតាមសាលក្រម ឬសាលដីកាស្ថាពរហើយ គឺមិនចាំបាច់មានការអនុញ្ញាតពីរដ្ឋសភាទេ ព្រោះរដ្ឋសភាបានអនុញ្ញាតហើយនៅក្នុងច្បាស់ស្តីពីលក្ខន្តិកៈ តំណាងរាស្រ្ត ថ្ងៃទី២១ តុលា ២០០៦ ត្រង់មាត្រា១៤ កថាខណ្ឌទី៣ដែលចែងថា តំណាងរាស្រ្តដែលមានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរ សម្រេចថាជាទណ្ឌិតជាប់ពន្ធធនាគារ ត្រូវបាត់បង់ទាំងស្រុងនូវ សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពរដ្ឋសភា៕
អត្ថបទៈ តាំង ករុណា