AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
រដូវវស្សា ឆ្នាំ២០១៤នេះ ប្រជាកសិករខេត្តព្រះសីហនុបានពេញនិយមធ្វើ ស្រូវពង្រោះច្រើនជាងស្រូវស្ទូងទៅវិញ ព្រោះស្រូវពង្រោះចំណាយពេលវេលា តិច ប៉ុន្តែទទួលបានទិន្នផលដូចស្រូវស្ទូងដែរ។
លោក សុក លី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ព្រះសីហនុបានប្រាប់ AKP ថា នៅខេត្តព្រះសីហនុមានផ្ទៃដីធ្វើស្រែវស្សាចំនួន ១៦ ៥០០ហិកតា ក្នុងនោះស្រុកព្រៃនប់មានផ្ទៃដីច្រើនជាងគេគឺ១៣ ៩២៥ហិកតា ស្រុកកំពង់សិលាមាន២ ០៥០ហិកតា ស្រុកស្ទឹងហាវមាន៥០០ហិកតា និង ក្រុង ព្រះសីហនុមាន៥០ហិកតា ។ លើផ្ទៃដីធ្វើស្រែវស្សាទាំងអស់ កសិករបានអនុ វត្តន៍ដោយព្រោះស្រូវប្រមាណជាង ៩០% ក្រៅពីនោះគឺស្ទូងធម្មតា ។
លោកអនុប្រធានមន្ទីរកសិកម្មឲ្យដឹងថា មូលហេតុចម្បងដែលនាំឲ្យកសិ ករប្តូរទម្លាប់មកធ្វើស្រូវពង្រោះច្រើនជាងស្ទូងនោះ ក៏ដោយសារបញ្ហាខ្វះខាត កម្លាំងពលកម្ម ព្រោះយុវវ័យជាច្រើនដែលជាពលកម្មពេញកម្លាំងបាននាំគ្នាទៅ ធ្វើការនៅតាមរោងចក្រ និង ការដ្ឋាននានា ដែលទទួលបានផលឆាប់ជាងការធ្វើ ស្រែនេះ។
ប្រភេទពូជ ដែលប្រជាកសិករខេត្តព្រះសីហនុនិយមធ្វើជារៀងរាល់ឆ្នាំ បានចែកជាប្រភេទស្រូវធ្ងន់ ប្រើពូជឈ្មោះសទាប និង ហាយវិន ឯស្រូវកណ្តាល និង ស្រាលមានពូជផ្ការំដួល ផ្ការំដេង និង ផ្ការមៀត ។ ប្រភេទពូជទាំងនេះត្រូវ នឹងប្រភេទដីក្នុងស្រុកព្រៃនប់ ព្រោះដីស្រែទាំងអស់ជាប់សមុទ្រ បាំងដោយទំនប់ការពារទឹកប្រៃ ដែលបានសាងសង់ឡើងតាំងពីជំនាន់អាណានិគមបារាំង ដែលបច្ចុប្បន្នបានជួសជុល និង ប្រើប្រាស់ឡើងវិញដោយធម្មតា។
លោកអនុប្រធានមន្ទីរបានបញ្ជាក់ទៀតថា ទន្ទឹមនឹងបណ្តាខេត្តជាច្រើន ក្នុងប្រទេសកម្ពុជាមានទឹកជំនន់ធ្វើឲ្យលិចលង់ដីស្រែចម្ការ ផ្ទះសម្បែង នៅខេត្ត ព្រះសីហនុ មានភ្លៀងធ្លាក់ខ្លាំងរៀងរាល់ថ្ងៃ ប៉ុន្តែទឹកភ្លៀងមិនបង្កឲ្យមានទឹក ជំនន់ឡើយ ដោយសារទំនប់ការពារទឹកប្រៃមានទ្វារទឹកអាចបើក បញ្ចេញទឹក ភ្លៀងទម្លាក់ទៅសមុទ្រទាន់ពេលវេលា និង បិទទ្វារទឹកពេលណាទឹកពេញស្រែ ល្មមចិញ្ចឹមសន្ទូងបាន ។
ឆ្នាំ២០១៣កន្លងមកប្រជាកសិករស្រុកទាំង៤របស់ខេត្តព្រះសីហនុសម្រេចធ្វើស្រែវស្សាបាន១៦ ០០០ហិកតាដោយទទួលទិន្នផលបាន២,៩៥តោនក្នុងមួយ ហិកតា៕
ដោយ ស្វាយ កេតថាណា