Wednesday, August 6, 2014

បេក្ខជនជាប់ឆ្នោត CNRP ចូល​សច្ចាប្រណិធាន​នៅលើ ព្រះទីនាំង​ទេវាវិនិច្ឆ័យ​ក្នុងព្រះបរមរាជវាំង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
បេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ(CNRP)ចំនួន៥៥រូប នឹងធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង​ នារសៀលថ្ងៃទី​ ៥​ ខែសីហា​ ឆ្នាំ២០១៤ ​ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ របស់​ព្រះករុណា​ជាអម្ចាស់​ជីវិតលើត្បូង​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា-នេះបើ​យោងតាម​ លិខិតចុះថ្ងៃទី៤ ​សីហា​​ ឆ្នាំ២០១៤​ របស់​សម្ដេច​ចៅហ្វាវាំង​ វរវៀងជ័យ​ អធិបតីស្រឹង្គារ​ គង់ សំអុល​ ឧបនាយក​រដ្ឋមន្ត្រី​ និង​​ ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​​បរមរាជ​​វាំង​​ជម្រាប​​ជូនអគ្គ​លេខាធិការ​​នៃ​អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា។

ក្នុងលិខិតចុះថ្ងៃទី៤ ខែសីហាឆ្នាំ២០១៤របស់ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាផ្ញើជូនសម្ដេចចៅហ្វាវាំង គង់ សំអុល បានគូសបញ្ជាក់ថា សំណើសុំរៀបចំពិធីសច្ចាប្រណិធាន​ជូនតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន៥៥រូបនីតិកាលទី៥ ដោយយោង មាត្រា៨២ថ្មី នៃរដ្ឋធម្មនុញ្ញ អគ្គលេខាធិការ​រដ្ឋសភា​មាន​កិត្តិយស​ដ៏ខ្ពង់ខ្ពស់សូមជម្រាបជូន សម្ដេចចៅហ្វាវាំងមេត្តាជម្រាបដ៏ខ្ពង់ខ្ពស់ថា តំណាងរាស្ត្រគណបក្សង្គ្រោះ ជាតិ៥៥រូប ដែល បានប្រកាសសុពលភាព កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ក្នុងសម័យប្រជុំរដ្ឋសភាលើក ទី១នីតិកាលទី៥នោះ រហូតមកដល់ ពេលនេះ ពុំទាន់បានចូលធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅឡើយ។ ដោយឡែកកាល​ពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៤សម័យប្រជុំរដ្ឋសភាជា វិសាមញ្ញ នីតិកាល ទី៥បាន​ប្រកាសសុពលភាពឯកឧត្ដម សម រង្ស៊ី ជាតំណាងរាស្ត្រមណ្ឌល កំពង់ចាមជំនួសឯកឧត្ដម គួយ ប៊ុនរឿន ដែលបានលាលែង ។ អាស្រ័យ​ដូចបាន​ជម្រាបជូន នេះ និង យោងតាមការណែ​នាំដ៏ខ្ពង់ខ្ពស់​របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ខ្ញុំបាទ​សូម សម្ដេចចៅហ្វាវាំង មេត្តាពិនិត្យ និង រៀបចំពិធីសច្ចាប្រណិធានជូន តំណាង​រាស្ត្រគណ​បក្សសង្គ្រោះ​ជាតិចំនួន៥៥ រូបនូវកាលបរិច្ឆេទដ៏សម គួរតាមការគួរ។

ដោយឡែកក្នុងលិខិតរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ជម្រាបមកអគ្គលេខាធិការ នៃអគ្គលេ​ខាធិការ​ដ្ឋារដ្ឋសភា​អំពីការ រៀបចំពិធីសច្ចា ប្រណិធាន ជូនអ្នកតំណាងរាស្ត្រ នីតិ កាលទី៥ចំនួន៥៥ រូបមកពីគណបក្សសង្គ្រោះជាតិ។ យោងព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រ​កម្ពុជាជាទីសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ។ លិខិតលេខ៨៥៧អ.រ.ស ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ របស់អគ្គលេខាធិការ ដ្ឋាននៃរដ្ឋសភា។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និង យោងខាងលើខ្ញុំមានកិត្តិយសសូមជម្រាបជូន ឯកឧត្ដមជ្រាបថា ក្រសួងព្រះបរមរាជវាំងបានត្រៀមនឹងរៀបចំ ពិធីសច្ចាប្រណិធានជូនអ្នក តំណាងរាស្ត្រនីតិកាលទី៥ចំនួន៥៥រូប (មកពីគណបក្សសង្គ្រោះជាតិ) ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤វេលាម៉ោង១៦.០០ រសៀលនៅលើព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង៕
ដោយ ជឹម ណារី