Wednesday, August 6, 2014

កសិករខេត្តព្រះសីហនុធ្វើស្រូវពង្រោះច្រើនជាងស្ទូង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤—
រដូវវស្សា​ ឆ្នាំ២០១៤នេះ​ ប្រជាកសិករ​ខេត្តព្រះសីហនុ​បាន​ពេញ​និយម​ធ្វើ ​ស្រូវ​ពង្រោះ​ច្រើន​ជាង​ស្រូវ​ស្ទូង​ទៅវិញ ​ព្រោះ​ស្រូវ​ពង្រោះ​ចំណាយ​ពេល​វេលា​ តិច​ ប៉ុន្តែ​ទទួល​បាន​ទិន្ន​ផល​ដូច​ស្រូវ​ស្ទូងដែរ។

លោក សុក លី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ព្រះសីហនុបានប្រាប់ AKP ថា នៅខេត្តព្រះសីហនុមានផ្ទៃដីធ្វើស្រែវស្សាចំនួន ១៦ ៥០០ហិកតា ក្នុងនោះស្រុកព្រៃនប់មានផ្ទៃដីច្រើនជាងគេគឺ១៣ ៩២៥ហិកតា ស្រុកកំពង់សិលាមាន២ ០៥០ហិកតា ស្រុកស្ទឹងហាវមាន៥០០ហិកតា និង ក្រុង ព្រះសីហនុមាន៥០ហិកតា ។ លើផ្ទៃដីធ្វើស្រែវស្សាទាំងអស់ កសិករបានអនុ វត្តន៍ដោយព្រោះស្រូវប្រមាណជាង ៩០% ក្រៅពីនោះគឺស្ទូងធម្មតា ។
លោកអនុប្រធានមន្ទីរកសិកម្មឲ្យដឹងថា មូលហេតុចម្បងដែលនាំឲ្យកសិ ករប្តូរទម្លាប់មកធ្វើស្រូវពង្រោះច្រើនជាងស្ទូងនោះ ក៏ដោយសារបញ្ហាខ្វះខាត កម្លាំងពលកម្ម ព្រោះយុវវ័យជាច្រើនដែលជាពលកម្មពេញកម្លាំងបាននាំគ្នាទៅ ធ្វើការនៅតាមរោងចក្រ និង ការដ្ឋាននានា ដែលទទួល​បានផលឆាប់​ជាង​ការធ្វើ ស្រែនេះ។

ប្រភេទពូជ ដែលប្រជាកសិករខេត្តព្រះសីហនុនិយមធ្វើជារៀងរាល់ឆ្នាំ បានចែកជាប្រភេទស្រូវធ្ងន់ ប្រើពូជឈ្មោះសទាប និង ហាយវិន ឯស្រូវកណ្តាល និង ស្រាលមានពូជផ្ការំដួល ផ្ការំដេង និង ផ្ការមៀត ។ ប្រភេទពូជទាំងនេះត្រូវ នឹងប្រភេទដីក្នុងស្រុកព្រៃនប់ ព្រោះដីស្រែទាំងអស់ជាប់សមុទ្រ បាំង​ដោយ​ទំនប់ការពារទឹកប្រៃ ដែលបានសាងសង់ឡើងតាំងពីជំនាន់អាណានិគមបារាំង ដែលបច្ចុប្បន្នបានជួសជុល និង ប្រើប្រាស់​ឡើងវិញ​ដោយ​ធម្មតា។
លោកអនុប្រធានមន្ទីរបានបញ្ជាក់ទៀតថា ទន្ទឹមនឹងបណ្តាខេត្តជាច្រើន ក្នុងប្រទេសកម្ពុជាមានទឹកជំនន់ធ្វើឲ្យលិចលង់ដីស្រែចម្ការ ផ្ទះសម្បែង នៅខេត្ត ព្រះសីហនុ មានភ្លៀងធ្លាក់ខ្លាំងរៀងរាល់ថ្ងៃ ប៉ុន្តែទឹកភ្លៀងមិនបង្កឲ្យមានទឹក ជំនន់ឡើយ ដោយសារទំនប់ការពារទឹកប្រៃមានទ្វារទឹកអាចបើក បញ្ចេញ​ទឹក ភ្លៀងទម្លាក់ទៅសមុទ្រទាន់ពេលវេលា និង បិទទ្វារទឹកពេលណាទឹកពេញស្រែ ល្មមចិញ្ចឹមសន្ទូងបាន ។

ឆ្នាំ២០១៣កន្លងមកប្រជាកសិករស្រុកទាំង៤របស់ខេត្តព្រះសីហនុសម្រេចធ្វើស្រែវស្សាបាន១៦ ០០០ហិកតាដោយ​ទទួល​ទិន្នផល​បាន២,៩៥តោនក្នុង​មួយ ហិកតា៕
ដោយ ស្វាយ កេតថាណា