AKP ខេត្តកំពង់ស្ពឺ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
ប្រជាពលរដ្ឋភាគច្រើននៅខេត្តកំពង់ស្ពឺ បាននាំគ្នាដាំដើមម្រុំដោយសារ បច្ចុប្បន្ននេះស្លឹកម្រុំកំពុងទទួលបានការគាំទ្រ ទាំងទីផ្សារក្នុងស្រុក និង ក្រៅ ស្រុក។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ស្ពឺ លោក សយបញ្ញា បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋខេត្តកំពង់ស្ពឺបានដាំដើម ម្រុំលើផ្ទៃដីប្រមាណជាង១០០ហិកតាហើយ ដោយផ្ទៃដី១ហិកតាដាំដើមម្រុំបាន ២ ៥០០ដើម មួយដើមៗបានស្លឹកមួយគីឡួក្រាម ហើយក្នុងរយៈពេល០៥ខែប្រ មូលផលបានដោយមួយឆ្នាំប្រមូលផលបាន០៩ដង ។ លោក សយ បញ្ញា បាន ឲ្យដឹងទៀតថា ប្រសិនបើទីផ្សារស្លឹកម្រុំទទួលបានការគាំទ្រកាន់តែទូលាយនោះ ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺនឹងសម្រុកដាំដើមម្រុំកាន់តែច្រើនជាមិនខាន ។
បើ តាមលោកដឹងស្លឹកម្រុំ១០គីឡូក្រាមផលិតម្សៅម្រុំបានមួយគីឡូក្រាម ហើយម្សៅ ម្រុំមួយគីឡូក្រាមមានតម្លៃ៣៥ដុល្លារ ។
លោក ហ៊ុល សេដ្ឋា នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ុលសេដ្ឋា ឌីវើឡុបមេន ខូអបភើរេសិន និង ជាស្ថាបនិកសិប្បកម្មផលិតផលម្រុំខ្មែរបានឲ្យដឹងថា ម្រុំកែច្នៃ ជាអាហារបំប៉នសុខភាពកំពុងមានទីផ្សារខ្លាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ក្រុមហ៊ុនមានសិប្បកម្មមួយកន្លែង ដែលសង់លើផ្ទៃដីជិត៥០០ម៉ែត្រការ៉េ នៅ ជាយក្រុងភ្នំពេញ ហើយទទួលការផ្គត់ផ្គង់ស្លឹកម្រុំពីកសិករក្នុងខេត្តកំពង់ស្ពឺ។
សព្វថ្ងៃសិប្បកម្មរបស់លោកកំពុងផលិតផលិតផលពីស្លឹកម្រុំ មានដូចជាម្សៅម្រុំ លក់ជាគីឡូក្រាម ម្សៅម្រុំច្រកជាថ្នាំគ្រាប់ និង តែស្លឹកម្រុំ ។ ម្សៅម្រុំច្រកជាថ្នាំ គ្រាប់ ជាផលិតផលលក់ដាច់នៅលើទីផ្សារក្នុងស្រុក ខណៈម្សៅម្រុំនាំចេញលក់ ជាគីឡូក្រាម ។ ម្សៅម្រុំមួយគីឡូក្រាមថ្លៃ៣៥ដុល្លារ ចំណែកម្សៅម្រុំច្រកជាថ្នាំ គ្រាប់ដែលមាន៣០០គ្រាប់លក់ក្នុងតម្លៃ១៥ដុល្លារ។
លោក ហ៊ុល សេដ្ឋា បានឲ្យដឹងទៀតថា ខណៈតម្រូវការកាន់តែកើនឡើង សិប្បកម្មម្រុំខ្មែរគ្រោងនឹងពង្រីកការផ្គត់ផ្គង់ស្លឹកម្រុំពីកសិករខេត្តកំពង់ស្ពឺ លើផ្ទៃ ដី៣០០ហិកតាបន្ថែមទៀត ។ សព្វថ្ងៃនេះក្នុង១ខែ សិប្បកម្មរបស់លោកផលិត បាន១តោនម្សៅម្រុំប៉ុណ្ណោះ ខណៈតម្រូវការលើទីផ្សារមានរហូតដល់៣០តោន ក្នុងមួយខែ។
អត្ថប្រយោជន៍ស្លឹកម្រុំមានច្រើនយ៉ាង វាជាវីតាមីនបំប៉នសុខភាព វាជួយ សម្រួលសម្រាប់អ្នកជំងឺទឹកនោមផ្អែម និង អ្នកជំងឺលើសឈាម កាត់បន្ថយខ្លាញ់ ក្នុងសរសៃឈាម និង ជាតិអាស៊ីតនៅក្នុងខ្លួនជាដើម ហើយវាមានកាល់ស្យូម ជំនួយឆ្អឹងផងដែរ។ លោក ហ៊ុល សេដ្ឋា បានបង្ហើបឲ្យដឹងថា ការផលិតម្សៅស្លឹក ម្រុំមិនជាការលំបាកនោះទេ ហើយគ្រប់គ្នាអាចផលិតបានដោយខ្លួនឯង ដោយ គ្រាន់តែយកស្លឹកម្រុំនេះទៅហាលឲ្យស្ងួតនៅក្នុងម្លប់ (មិនហាលក្រោមពន្លឺថ្ងៃ នោះទេវាធ្វើឲ្យបាត់បង់វីតាមីន) រួចកិនជាម្សៅសម្រាប់ទទួលទាន១ទៅ២ស្លាប ព្រាកាហ្វេម្តងរួចជាស្រេច៕
ដោយ លឹម សាន្ត