យោងតាមរបាយការណ៍ស្តីពីបាតុកម្មហឹង្សារបស់កម្មករអូសរទេះ នៅចំណុចមុខការិយាល័យគយ និងរដ្ឋាករ ក្រុងប៉ោយប៉ែត ដែលចេញដោយគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៥កន្លងទៅ បានឲ្យដឹងថា ករណីផ្ទុះជាអំពើហិង្សានៅចំណុចមុខការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត បានកើតឡើងនៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥ ដោយក្នុងនោះក្រុមកម្មករអូសរទេះបានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ ដោយទាមទារលក្ខខ័ណ្ឌចំនួន២ចំណុច ទី១-ទាមទារមិនឲ្យមានការបង់ពន្ធសម្រាប់ទំនិញដែលមានចំនួន ៣០កេស ក្នុងមួយជើង និងទី២-ស្នើសុំឲ្យលោក ឈួន ហៃ ប្រធានការិយាល័យគយ និងរដ្ឋាករ ចេញមកធ្វើការដោះស្រាយ។
នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា ដោយលោក ឈួន ហៃ ជាប់បំពេញបេសកម្មនៅរាជធានីភ្នំពេញ និងបានផ្ទេរសិទ្ធិជូន លោក នួន វុទ្ឍី ជាអ្នកទទួលខុសត្រូវរួម។ នៅក្នុងកិច្ចដំណើរការសម្របសម្រួលអាជ្ញាធរក្រុង និងលោក នួន វុទ្ឍី បានធ្វើការសម្រុះសម្រួលជាមួយប្រជាពលរដ្ឋដែលជាកម្មករអូសរទេះជាច្រើនលើកនៅតែពុំបានលទ្ធផល ដោយសារតែពួកគាត់នៅតែទទូចសុំឲ្យលោក ឈួន ហៃ មកជួប និងពុំព្រមស្តាប់ការបកស្រាយរបស់អាជ្ញាធរ។ លុះដល់ម៉ោង ១២.៣០នាទី ថ្ងៃត្រង់កម្លាំងគណៈបញ្ជាការបានសម្រេចចូលអូសរទេះ យកចេញពីលើផ្លូវដើម្បីយកទៅទុកនៅទីតាំងផ្សាររ៉ាថ្មី និងសំណូមពរឲ្យពួកគាត់ទៅទីនោះដើម្បីធ្វើការចរចារដោះស្រាយសម្រុះសម្រួល និងបានបើកឲ្យចរាចរណ៍ដំណើរការបានធម្មតាវិញ។
ប៉ុន្តែនៅម៉ោង ១៣ និង៥០នាទី ដោយមានការញុះញង់ពីជនមួយក្តាប់តូច បានបញ្ឆេះកំហឹងកម្មករឲ្យផ្ទុះសារជាថ្មី ដោយបានទាញរទេះមកក្រឡាប់ផ្ងារជើងបិទផ្លូវជាតិលេខ ៥ សាជាថ្មីម្តងទៀត និងបានដុតពូក សំបកកង់ ម៉ូតូ ឡាន តែប៉ុណ្ណោះនៅវេលាម៉ោង ១៤ និង៤០នាទី ក្រុមកម្មករបានគប់ដុំថ្ម និងវាយទ្វាររបងសម្រុកចូលការិយាល័យគយ ធ្វើឲ្យរថយន្តរបស់មន្ត្រីគយចំនួន ០៧គ្រឿង បានរងការខូចខាត ទ្វារ បង្អួច កញ្ចក់ ជាដំណាំ និងបានធ្វើឲ្យរបួសដល់សន្តិសុខគយចំនួន ០១នាក់។
ដើម្បីទប់សភាពការណ៍កំពុងតែធ្ងន់ធ្ងរនេះ និងដើម្បីរក្សាទ្រព្យសម្បត្តិរដ្ឋ ក្រោមការដឹកនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង កម្លាំងអាវុធហត្ថ ដែលនៅការពារទ្រព្យសម្បតិ្តក្នុងទីតាំងការិយាល័យគយ បានបាញ់បង្អើលឡើងលើចំនួន ០៤គ្រាប់ ដោយអាវុធខ្លី ពេលនោះក្រុមបាតុករបាននាំគ្នាដកថយចេញពីបរិវេណទីតាំងមុខការិយាល័យគយ។ តាមរបាយការណ៍ ដែលចុះហត្ថលេខា ដោយលោក ង៉ោ ម៉េងជ្រួន អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានគូសបញ្ជាក់ថានៅក្នុងកិច្ចដំណើការបាតុកម្មនោះ គឺមានការដឹកនាំដោយបុគ្គលមួយចំនួនក្នុងនោះមាន លោក ចៅ វាសនា ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្សសង្គ្រោះជាតិ, លោក ឌិត ពុទ្ធី ប្រធានសមាគមន៍អភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ោយប៉ែត និងគូកនមួយចំនួនដែលមិនបានស្គាល់អត្តសញ្ញាណ។
តាមការឲ្យដឹងពី ឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការធ្វើបាតុកម្មតវ៉ាពីសំណាក់ក្រុមកម្មករអូសរទេះ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥ ម្សិលមិញ បានធ្វើឲ្យស្ថាប័នគយនៅក្រុងប៉ោយប៉ែត បានបាត់បង់ថវិកាប្រមូលពន្ធចំនួនជាង ១៥០០លានរៀល៕
អត្ថបទ៖ សុភាព