លោក នេត្រ ភ័ក្ត្រា មន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា សាក្សីដែលត្រូវបានកោះហៅមកផ្តល់សក្ខីកម្មនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានថ្លែងថា ការដ្ឋានការងារទំនប់ ១មករា នៅក្នុងខេត្តកំពង់ធំគឺជាសមរភូមិពលកម្មក្តៅ។ អ្នកស្រី មាស ឡៃហួរ ដែលជាអតីតនារីកងចល័តនៅក្នុងការដ្ឋានការងារនេះបានមានប្រសាសន៍ថា ការធ្វើការនៅការដ្ឋានទំនប់ ១ មករា ក្នុងខេត្តកំពង់ធំនោះ ជាសមរភូមិពលកម្មក្ដៅ ព្រោះមិនមានពេលសម្រាកគ្រប់គ្រាន់ទេ ហើយមានគ្រោះថ្នាក់។
ការផ្តល់សក្ខីរបស់អ្នកស្រី មាស ឡៃហួរ ដែលចាប់ផ្តើមធ្វើនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៥ បញ្ចប់នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៥ ហើយអង្គជំនុំជម្រះសាលាដំបូងនឹងស្តាប់ការផ្តល់សក្ខីកម្មរបស់ដើមបណ្តឹងរដ្ឋប្បវេណីមួយរូបទៀត ទាក់ទងនឹងអង្គហេតុការដ្ឋាន ការងារទំនប់ ១ មករា នេះ។
បើតាមការបញ្ជាក់របស់សាក្សីរូបនេះ ក្រុមខ្មែរក្រហមបានចែកដីឱ្យពលរដ្ឋជីកក្នុងមួយថ្ងៃមួយម៉ែត្រគូប ហើយធ្វើការងារពីព្រឹកព្រលឹមរហូតដល់ម៉ោង ១២ យប់ ដោយឈប់សម្រាកនៅម៉ោង ១២ ថ្ងៃត្រង់ ហើយសម្រាកហូបបាយដែលគេចែកឲ្យ។ អ្នកស្រីបានបញ្ជាក់ថា ប្រជាជនត្រូវបានបង្ខំឱ្យធ្វើការងារយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែរបបអាហារ ដែលផ្តល់ឱ្យមិនគ្រប់គ្រាន់ឡើយ។ អ្នកស្រីបានឱ្យដឹងថារបបអាហារពេលនោះមានគុណភាពតិចជាងបបរបាយជ្រូកសព្វថ្ងៃនេះទៀត ដោយគ្រាន់តែស្ងោរត្រកួនដាក់អំបិលចែកគ្នា ហូប និងគ្មានការតវ៉ាអ្វីឡើយ ប្រសិនបើតវ៉ា នោះនឹងត្រូវគេយកទៅសម្លាប់ចោល។
តាមការរៀបរាប់របស់សាក្សី ប្រជាជនទាំងឡាយត្រូវបង្ខំឱ្យទៅធ្វើការ ទោះបីជាមានជំងឺក៏ដោយ ព្រោះខ្លាចត្រូវខ្មែរក្រហមហៅយកទៅកសាង និងធ្វើទារុណកម្មបង្អត់អាហារ។ អ្នកស្រីបានថ្លែងប្រាប់ទៅកាន់អង្គជំនុំជម្រះថា មានពលករធ្វើការនៅទំនប់ ១ មករា ជាច្រើននាក់បានស្លាប់ដោយសារតែការរស់នៅ និងការបរិភោគមិនមានអនាម័យ ជាពិសេសគឺទឹកមិនស្អាត ហើយពេលឈឺ មិនមានពេទ្យព្យាបាលត្រឹមត្រូវទេ។
សាក្សី មាស ឡៃហួរ បានឆ្លើយទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធនានាក្នុងដំណើរការសវនាការដោយលោកស្រីបានជម្រាបថា អ្នកធ្វើពលកម្មនៅសមរភូមិទំនប់ ១ មករានោះ គឺជាកងចល័តពិសេស ដែលមានទាំងប្រជាជនចាស់ និងប្រជាជនថ្មីរួមគ្នា។ កងចល័តទាំងនោះត្រូវធ្វើការលើកធ្ងន់ដោយបង្ខំ ប្រមាណ ១៨ម៉ោងក្នុងមួយថ្ងៃ ហើយមានកងឈ្លប និងយោធាយាមឃ្លាំមើលផង។ អ្នកស្រីបានបញ្ជាក់ថាអ្នកដែលមិនធ្វើការត្រូវបានគេចោទថាប្រឆាំងនឹងអង្គការហើយគេនឹងយកទៅសម្លាប់ចោល នៅមន្ទីរសន្តិសុខនៅវត្តបារាយណ៍ជាន់ដែកដែលស្ថិតនៅក្នុងស្រុកបារាយ ខេត្តកំពង់ធំ ដែលមានទីតាំងនៅក្បែរតំបន់ការដ្ឋានការងារនោះ។
លោក នេត្រ ភ័ក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានថ្លែងថានៅក្នុងដំណើរការស្តាប់ការផ្តល់សក្ខីកម្មសាក្សីនេះ វីដេអូឯកសារទាក់ទងនឹងការដ្ឋានការងារទំបន់ ១ មករា ក៏ត្រូវបានស្នើឲ្យចាក់ បញ្ចាំងដោយក្រុមមេធាវីការពារក្តីជនជាប់ចោទ នួន ជា ផងដែរ។ លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា បន្ទាប់ពីការចាប់ផ្តើមដំណើរការសវនាការវគ្គទី២ លើសំណុំរឿង ០០២ វគ្គ០២ ទាក់ទងនឹងការដ្ឋានការងារទំនប់ ១ មករានេះ សាក្សីបីរូបហើយដែលត្រូវបានកោះហៅមកផ្តល់សក្ខីកម្ម គឺលោក ឱ ហូ លោក ប៉ិច សុខា និងអ្នកស្រី មាស ឡៃហួរ។
លោក នេត្រ ភ័ក្ត្រា បានថ្លែងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៥ កន្លងទៅ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចាប់ផ្តើមសវនាការវគ្គទី២ ដែលផ្តោតទៅលើការដ្ឋានការងារ។ អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការលើការដ្ឋាន ការងារចំនួនបីតាមលំដាប់លំដោយដូចតទៅ៖ ទំនប់ ១ មករា (ខេត្តកំពង់ធំ) ការដ្ឋានព្រលានយន្តហោះខេត្តកំពង់ឆ្នាំង និងទំនប់ត្រពាំងថ្ម (ខេត្តបន្ទាយមានជ័យ)។ អង្គជំនុំ ជម្រះនឹងរៀបចំស្តាប់ការផ្តល់សក្ខីកម្មពីដើមបណ្តឹងរដ្ឋប្បវេណី និងសាក្សីចំនួន ១០ រូប សម្រាប់អង្គហេតុទាក់ទងនឹងការដ្ឋានការងារទំនប់ ១ មករានៅក្នុងខេត្តកំពង់ធំ។
សូមបញ្ជាក់ថា សវនាការលើអង្គហេតុថ្មីក្នុងវគ្គទី២នៃសំណុំរឿង ០០២ វគ្គ០២ នេះធ្វើឡើងបន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបានបញ្ចប់សវនាការវគ្គទី១ លើអង្គហេតុសហករណ៍ត្រាំកក់ និងមន្ទីរសន្តិសុខក្រាំងតាចាន់។ ចាប់តាំងពីបើកសវនាការស្តាប់សក្ខីកម្មនៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៥ រហូតមកដល់ថ្ងៃទី២៦ ខែឧសភា អង្គជំនុំជម្រះសាលាដំបូង បានបើកសវនាការរយៈពេល ៥៥ ថ្ងៃ និងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សី អ្នកជំនាញ និងដើម បណ្តឹងរដ្ឋប្បវេណីចំនួន ៤០ រូប ក្នុងនោះសាក្សី ២១ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១៨ រូប និងអ្នកជំនាញ ១ រូប៕
អត្ថបទ៖ សុភាព