ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តជំរុញឱ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មកម្ពុជា និងចិនបន្តកិច្ចហការគ្នាធ្វើយ៉ាងណា ឱ្យមានអ្នកវិនិយោគចិន មកវិនិយោគ នៅតំបន់នេះឱ្យកាន់តែច្រើន។
សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងឱ្យកាស សម្តេច អនុញ្ញាតឱ្យលោកជំទាវ Gao yan អនុរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មចិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នំា២០១៥។
នៅក្នុងជំនួបនេះ លោកជំទាវ Gao yan បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាមិត្តចាស់របស់ចិន និងជាអ្នកជំរុញទំនាក់ទំនងកម្ពុជា ចិន ឱ្យបានកាន់តែស៊ី ជម្រៅ។ លោកជំទាវបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបជាមួយឯកឧត្តម ស៊ីជិនពីង នៅ ប្រទេសឥណ្ឌូនេស៊ី ហើយក្នុងជំនួបនោះ បានយល់ព្រមគ្នា លើចំណុចជាច្រើន ហើយដំណើរ ទស្សនកិច្ចរបស់លោកជំទាវមកកម្ពុជា នាពេលនេះ ដើម្បីធ្វើការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំនូវដំណើរកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមដែលបានអនុវត្តជាក់ស្តែងកន្លងមក។ លោកជំទាវ បានមានប្រសាសន៍ទៀតថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្មជាមួយកម្ពុជាឱ្យស្របទៅនឹងទិសដៅនយោបាយរបស់ចិន ចំពោះផ្លូវសូត្រនិង សូត្រសមុទ្រ សម្រាប់សទវត្សទី២១ ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បន្ទាប់ពីជំនួបរបស់លោកជំទាវ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែឧសភានេះ សម្តេចតេជោ សង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ នឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយសម្តេចបានមានប្រសាសន៍ថា កាលពីឆ្នាំ ២០១២ ថ្នាក់ដឹកនាំកម្ពុជា និងចិន បានយល់ព្រមជាមួយគ្នាថា នឹងជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យបាន៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧ខាងមុខ។ ក្នុងន័យនេះ សម្តេច បានមានប្រសាសន៍ថា កន្លងមក ពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានពង្រីក ប៉ុន្តែទោះជាយ៉ាងណា ក៏មានសក្តានុពលឱ្យប្រទេសទាំងពីរសហការគ្នាបាន ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ ដែលភាគីចិន បានជួយគាំទ្រហើយនោះ ហើយឥឡូវនេះ គឺធ្វើយ៉ាងណា ឱ្យមានអ្នកវិនិយោគចិនមកវិនិយោគ នៅតំបន់នេះឱ្យកាន់តែច្រើន។
នៅព្រឹកថ្ងៃដដែលនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម លូ ហុងចាយ( Liu Hongcai) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុនិស្តចិន។
នៅក្នុងជំនួបពិភាក្សានេះលោក លូ បានគោរពជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ ទី១ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជំរៅខ្លាំងឡើងថែមទៀតរវាងបក្សកម្មុយនិស្តចិន និងគណបក្សប្រជាជនកម្ពុជា ក៏ដូចជាមួយគណបក្សហ្វុនស៊ីនប៉ិចដែរ និងទី២ គឺដើម្បីគោរពអញ្ជើញសម្តេចតេជោ ទៅចូលរួមក្នុងកិច្ចប្រជុំពិសេសរវាងគណបក្សនយោបាយអាស៊ីនៅខែតុលាខាងមុខនេះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានទទួលយកនូវការអញ្ជើញនេះ ដោយសម្តេចបានចាត់ទុកថា កិច្ចប្រជុំពិសេសរវាងគណបក្សនយោបាយអាស៊ីនៅទីក្រុងប៉េកាំងនាខែតុលាខាង មុខនេះ៕