ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំកុមាររាជា និងឯកឧត្តម កែវ រ៉េមី សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៥ បានដឹកនាំប្រជុំត្រួតពិនិត្យវាយតម្លៃការងារមួយចំនួន ដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ដក្នុងមូលដ្ឋានឃុំកុមាររាជា នៃស្រុកបាទី ខេត្តតាកែវ។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុប របស់ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងលទ្ធផលនៃការស្រាវជ្រាវរបស់និស្សិតនៃសាកលវិទ្យាល័យមួយ បានបង្ហាញថា ទន្ទឹមនឹងរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេស និងបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានភាពល្អប្រសើរ ប៉ុន្ដែបញ្ហាប្រឈមមួយចំនួន នៅក្នុងមូលដ្ឋានក៏នៅតែជាក្ដីកង្វល់ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាការផ្ដល់សេវាសាធារណៈមិនបានល្អ បញ្ហាការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយលេចលឺនូវការកើតមានចោរកម្ម ល្បែងស៊ីសង ក្មេងទំនើង ជាពិសេស ការចែកចាយ និងសេពគ្រឿងញៀន ដែលបង្កការភ័យខ្លាចជាប្រចាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម ស្វាយ ស៊ីថា បានជម្រុញក្រុមការងារ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ និងលឿនរហ័ស ដោយប្រាប់ទៅ មន្ដ្រីថ្នាក់ឃុំ មេភូមិ និងក្រុមយុវជន ត្រូវមានការបិទផ្សព្វផ្សាយ និងអនុវត្តតាមតម្លៃសេវាសាធារណៈដែលកំណត់ដោយរដ្ឋ និងត្រូវតែបញ្ឈប់នូវការយកប្រាក់បន្ថែមពីប្រជាពលរដ្ឋលើតម្លៃសេវាដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ លិខិតបញ្ជាក់អត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព។ល។ ដោយមន្ដ្រីគ្រប់រូបត្រូវតែបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។
តំណាងក្រុមការងារថ្នាក់ក្រោមជាតិ បានឡើងប្តេជ្ញាអនុវត្តការផ្តល់សេវាសាធារណ ជូនប្រជាពលរដ្ឋ ក៏ដូចជាសន្យាធ្វើការផ្សព្វផ្សាយនូវតម្លៃសេវាសាធារណៈឲ្យបានទូលំទូលាយ បន្ទាប់ពីឯកឧត្តម ស្វាយ ស៊ីថា បានជំរុញឲ្យមេភូមិទាំង ១៣ នៅក្នុងឃុំ សហការជាមួយក្រុមយុវជនក្នុងការសម្រួលបញ្ហាប្រឈមនានាជូនប្រជាពលើរដ្ឋ ដូចការអះអាងរបស់មេភូមិ និងលោក សំ សុវណ្ណ ស្មៀនឃុំកុមាររាជា ដូចតទៅនេះ៖ការធ្វើអត្រានុកូលដ្ឋាន ដែលកំណត់ដោយច្បាប់របស់រដ្ឋ គឺឃុំ និងខ្ញុំជាស្មៀនឃុំ សូមប្ដេជ្ញាចិត្តថា ធ្វើទៅតាមគោលការណ៍របស់រដ្ឋ ដែលបានកំណត់ ។ ដូចនេះខ្ញុំសូមប្ដេជ្ញាចិត្តថា រាល់ការងារដែលធ្វើអត្រានុកូលដ្ឋានទាំងអស់ គឺប្ដេជ្ញាធ្វើទៅតាមច្បាប់របស់រដ្ឋ ហើយបើបងប្អូនអាចឲ្យ លើសពីការកំណត់ គឺយើងខ្ញុំសូមប្ដេជ្ញាចិត្ត មិនទទួលទាំងអស់។ ដូចនេះ ខ្ញុំសូមប្ដេជ្ញាចិត្តថា ធ្វើឲ្យបាន ១០០%។
ឯកឧត្តម ស្វាយ ស៊ីថា បានរំលឹកឡើងវិញបន្ទាប់ពីមន្ត្រីមូលដ្ឋានបានប្រកាសថា នឹងគោរពអនុវត្តឲ្យបានប្រសិទ្ធភាពលើការងារផ្តល់តម្លៃសេវាសាធារណៈនេះ ដោយឯកឧត្តម បញ្ជាក់ថា ចាប់ពីពេលនេះតទៅត្រូវតែបញ្ឈប់ទាំងស្រុងនូវការិយាធិបតេយ្យ ៖ «ទាំងក្រុមប្រឹក្សាឃុំ ទាំងថ្នាក់ដឹកនាំភូមិទាំង ១៣ គឺបានឯកភាពគ្នា ទីមួយ ផ្សព្វផ្សាយជាសាធារណៈឲ្យបានទូលាយ នូវតម្លៃសេវាសាធារណៈ ដែលរដ្ឋបានកំណត់។ ទីពីរ ឯកភាពអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមការកំណត់តម្លៃសេវាសាធារណៈរបស់រដ្ឋ។ ទីបី ក្រុមការងាររបស់យើង សហការបោះពុម្ព ជួយបិទផ្សព្វផ្សាយទាំង ១៣ ភូមិ និងនៅសាលាឃុំ។ ទីបួន ក្រុមការងាររបស់យើង ប្រើប្រាស់យុវជនរបស់យើង គឺទីមួយ ផ្សព្វផ្សាយរឿងហ្នឹង និងទីពីរ តាមដានឃ្លាំមើលការអនុវត្ត ការយកតម្លៃសេវាសាធារណៈ ដែលរដ្ឋបានកំណត់»។
ពាក់ព័ន្ធនឹងការងារផ្ដល់សេវាសាធារណៈ ក្នុងនោះបញ្ហាការធ្វើលិខិតបញ្ជាក់អត្រានុកូលដ្ឋានដែលជាការងារធ្លាប់ទទួលរងនូវការរិះគន់ថា មន្ត្រីមួយចំនួនមានការទទួលលុយកាក់ពីប្រជាពលរដ្ឋ ជាថ្នូរនៃការទទួលសេវាបានលឿន រហ័ស ឯកឧត្តម កែវ រ៉េមី ក្នុងនាមជាសមាជិក១រូបនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏បានក្រើនរំលឹកដល់មន្ដ្រីក្រុមប្រឹក្សាឃុំ ស្មៀន ត្រូវតែបញ្ឈប់ការទទួលយកប្រាក់ពីប្រជាពលរដ្ឋលើសតម្លៃសេវាកំណត់ដោយរដ្ឋ បើទោះបីប្រជាពលរដ្ឋឲ្យលុយក្រៅសេវា ក៏មិនត្រូវទទួលយកដែរ ដើម្បីបញ្ចៀសបាននូវការប្រឈមមុខផ្លូវច្បាប់ ។
ឯកឧត្តម ស្វាយ ស៊ីថា ក៏បានហាមប្រាមយ៉ាងម៉ឺងម៉ាត់ឲ្យបញ្ឈប់ការទារប្រាក់បន្ថែមពីប្រជាពលរដ្ឋលើតម្លៃធ្វើអត្តសញ្ញាណប័ណ្ណដែលរដ្ឋកំណត់យកតម្លៃត្រឹមតែ១០០០០រៀល គឺសមត្ថកិច្ចមិនត្រូវទារបន្ថែម ២០០០រៀលទៀតនោះទេ បើទោះបីថា ប្រាក់២០០០រៀលនេះ ដើម្បីសម្រួលការដឹកជញ្ជូនសម្ភារៈ ចុះដល់ភូមិ និងការហូបចុករបស់មន្ត្រីក្រុមការងារក្តី គឺត្រូវធ្វើធ្វើយ៉ាងណាកុំឲ្យមានការគាបសង្កត់បន្ថែមលើការលំបាករបស់ប្រជាពលរដ្ឋ។
ការលើកឡើងនេះត្រូវបានលោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទីទទួលយកទៅអនុវត្ត និងក៏បានធ្វើការទាក់ទងភ្លាមៗទៅអ្នកជំនាញដែលកំពុងធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមភូមិមួយចំនួនទៀត ក្នុងឃុំកុមាររាជាឲ្យបញ្ឈប់យកប្រាក់២០០០រៀលពីប្រជាពលរដ្ឋ ចាប់ពីពេលនេះតទៅ!
ដោយឡែក ឆ្លើយតបចំពោះកង្វល់អំពីកម្សោយនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយការកើតមាន ចោរកម្ម ល្បែងស៊ីសង ជាពិសេស បញ្ហាគ្រឿងញៀនក្នុងភូមិមួយចំនួនក្នុងឃុំ ឯកឧត្តម ស្វាយ ស៊ីថា ចាត់ទុកថា បញ្ហាគ្រឿងញៀន គឺជាភ្នក់ភ្លើងដែលត្រូវតែពន្លត់ និងចាំបាច់ត្រូវតែលើកកម្ពស់គុណភាព អនុវត្តឲ្យមានប្រសិទ្ធភាព ធ្វើយ៉ាងណាធានាបាននូវសុខសន្តិភាព និងទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ ។
លោក ឃុត ឡូ អធិការរងនគរបាលស្រុកបាទី និងលោក ណុប ស៊ីម៉ុន នាយប៉ុស្ដិ៍នគរបាលឃុំកុមាររាជា ក៏បានឡើងប្ដេជ្ញាចិត្ត ថា៖ ខ្ញុំបាទវរសេនីយត្រី ឃុត ឡូ អធិការងទទួលបន្ទុកយុត្តិធម៌ស្រុកបាទី ខ្ញុំបាទប្ដេជ្ញាយកចិត្តទុកដាក់ និងបង្ក្រាបគ្រប់បទល្មើសផ្សេងៗ គ្រប់ប្រភេទនៅស្រុកបាទី ទាំង ១៥ឃុំ ពិសេសឃុំកុមារាជាមិនឲ្យមានសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀនតទៅទៀតខ្ញុំសូមប្ដេជ្ញាមុខអង្គប្រជុំថា នឹងខិតខំអនុវត្តបង្ក្រាបរាល់បទល្មើសផ្សេងៗ ពិសេសឃុំកុមារាជានេះឲ្យទៅជាឃុំគំរូ ។ ខ្ញុំសូមប្ដេជ្ញាចិត្ត យកចិត្តទុកដាក់ ១០០%។
សម្តីរបស់លោក ស៊ីម៉ុន ៖ ខ្ញុំសន្យាថា រដ្ឋអនុវត្តហើយ ពេលឲ្យលុយក្នុង ឬក្រៅ លើតុក៏ដោយ ក្រោមតុក៏ដោយឲ្យប្រពន្ធក៏ដោយ គឺខ្ញុំមិនយក ខ្ញុំប្ដេជ្ញាថាមិនយកជាដាច់ខាត។
បន្ទាប់ពីបានលឺនូវការប្ដេជ្ញាចិត្តរបស់អាជ្ញាធរពាក់ព័ន្ធហើយនេះ ឯកឧត្តម ស្វាយ ស៊ីថា ក៏បានជំរុញឲ្យក្រុមការងារ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែអនុវត្តនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ គឺត្រូវចូលរួមកម្ទេចឲ្យអស់នូវរាល់បទល្មើស ចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋាន គឺសូមឲ្យមានវិធានការជាក់ស្ដែង។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារថ្នាក់ជាតិចុះមូលដ្ឋាន នាឱកាសនោះដែរ ឯកឧត្តម ស្វាយ ស៊ីថា ក៏ផ្ដោតជាកង្វល់នៅក្នុងឃុំកុមារាជា អំពីបញ្ហាកង្វះខាតទឹកប្រើប្រាស់ ទាំងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ទទួលទានប្រចាំថ្ងៃ ទឹកសម្រាប់ធ្វើស្រែចំការ ដាំដំណាំ និងសូម្បីតែទឹកសម្រាប់សត្វពាហនៈ ក៏ស្ទើរតែគ្មានផងនោះ ដោយមានប្រសាសន៍ថា នឹងខំប្រឹងរិះរកវិធីដោះស្រាយបញ្ហានេះ ដូចជាចលនាឲ្យមានការជីកស្រះ ស្ដាស្រះ ជួសជុលអណ្ដូង និងប្ដេជ្ញាខិតខំដោះស្រាយជាជំហានៗ ដោយតុល្យភាព តម្លាភាព និងកំណត់ភូមិជាអាទិភាពដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
ឯកឧត្តម ស្វាយ ស៊ីថា ក៏បានមានប្រសាសន៍ផងដែរថា នឹងធ្វើការប្រជុំនៅខែក្រោយទៀត ដើម្បីត្រួតពិនិត្យការងារដែលបានឯកភាពគ្នានេះ និងស្វែងរកបញ្ហាដែលជាតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋមកពិនិត្យ និងដោះស្រាយជាបន្ដបន្ទាប់ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ជាពិសេសក្នុងការជំរុញឲ្យពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ បន្ទាប់មកក្រុមការងារទាំងអស់ក៏ បានទទួលទានអាហាររួមគ្នា នៅនឹងកន្លែងសាលប្រជុំ ក្នុងស្មារតីសាមគ្គីឯកភាពគ្នានិងបរិយា កាស ស្និទ្ធស្នាលបំផុត។